Connect with us

ព័ត៌មានជាតិ

កម្ពុជាកំពុងបើកការចរចាជាមួយក្រុមហ៊ុននាំចូលប្រេង ដើម្បីធានាការប្រើប្រាស់គ្រប់គ្រាន់

បានផុស

នៅ

រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បង្ហើបឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងបើកការចរចាជាមួយក្រុមហ៊ុននាំចូលប្រេង ដើម្បីធានាថាកម្ពុជានៅបន្តមានប្រេងនិងឧស្ម័នប្រើប្រាស់មិនឱ្យខ្វះខាត ក្នុងគ្រាស្ថានភាពទីផ្សារប្រេងអន្តរជាតិកំពុងហក់ឡើងខ្ពស់ ហើយសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាពុំមានសញ្ញាវិជ្ជមានបញ្ចប់។

លោក កែវ រតនៈ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅវេទិកាសាធារណៈមួយដែលវីដេអូត្រូវបានផ្សព្វផ្សាយ កាលពីថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២៦ ​រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងតែបើកការចរចាជាមួយនឹងក្រុមហ៊ុនអ្នកវិនិ​យោគ​នាំប្រេងចូល រួមមានក្រុមហ៊ុន អាមេរិក បារាំង ម៉ាឡេស៊ី និងសិង្ហបុរី ជាដើម ដើម្បីធានាថាកម្ពុជានៅតែបន្តមានប្រេងនិងឧស្ម័នចូលប្រទេសមិនឱ្យខ្វះ។ លោកមានប្រសាសន៍ថា៖«ពិតហើយទោះបីជាមានការខិតខំប្រឹងប្រែងដោយស្មោះ ហានិភ័យនៅមានស្ថានភាពដែលគេមិនឱ្យប្រេងនាំចេញ វាមាន ប៉ុន្តែមកទល់ពេលនេះតាមការជជែកគ្នារបស់រដ្ឋាភិបាលជាមួយក្រុមហ៊ុននាំចូលប្រេងមកកម្ពុជា មិនទាន់មានសញ្ញាណាមួយដែលថានឹងមានការបិទខ្ទប់មិនឱ្យនាំប្រេងចូលកម្ពុជានោះទេ»។

លោកបញ្ជាក់ទៀតថា ប្រសិនបើមានស្ថានភាពនោះមកដល់រដ្ឋាភិបាលនឹងជូនដំណឹងទៅប្រជាជនដើម្បីធ្វើការតាមនោះ អ៊ីចឹង! ចំពោះបច្ចុប្បន្ននេះ សូមកុំឱ្យភ័យជ្រួលច្របល់។

ជាមួយគ្នានេះ លោកអំពាវនាវដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈត្រូវមានកាតព្វកិច្ចសីលធម៌លក់ប្រេងទៅតាមការកំណត់មានតម្លៃសមរម្យដើម្បីជួយជាតិ។ រដ្ឋាភិបាល នឹងផ្តល់ការគាំទ្រដល់ក្រុមហ៊ុនធ្វើការត្រឹមត្រូវ ហើយដាក់ពិន័យក្រុមហ៊ុនដែលធ្វើការខុសគោលការណ៍។ លោក កែវ រតនៈ ក៏ព្រមានថានឹងដកអាជ្ញាបណ្ណឈប់ឱ្យលក់ប្រេងមួយជីវិត បើម្ចាស់ស្ថានីយប្រេងឥន្ធនៈលក់ប្រេងលើសតម្លៃដែលរដ្ឋាភិបាលបានកំណត់។

បើតាមមន្រ្តីជាន់ខ្ពស់ដដែល ក្នុងស្ថានភាពចំពោះមុខ កម្ពុជាអាចឈរជើងបាន ២១ ថ្ងៃបើគ្មានការនាំចូលប្រេងពីខាងក្រៅសូម្បីមួយតំណក់។ បច្ចុប្បន្ន កម្ពុជានៅបន្តនាំប្រេងចូលរាល់ថ្ងៃ ប៉ុន្តែបញ្ហានៅត្រង់ថាតម្លៃប្រេងទីផ្សារអន្តរជាតិហក់ឡើងខ្ពស់។

តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃទី ៨- ១០ ខែមីនា ប្រេងសាំងធម្មតា (Gasoline 92)៖ ៤,៤០០ រៀល/លីត្រ ប្រេងម៉ាស៊ូត (Gasoil 10ppm)៖ ៥,១៥០ រៀល/លីត្រ។ នេះបើតាមការកំណត់របស់ក្រសួងពាណិជ្ជកម្ម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម