Connect with us

ព័ត៌មានជាតិ

ទិវានៃក្តីស្រឡាញ់ ចែករំលែកក្តីស្រលាញ់ដល់កុមារ! រដ្ឋមន្ត្រី កែវ រតនៈ ប្រគល់ថវិកាប្រមាណ១០ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យគន្ធបុប្ផា

បានផុស

នៅ

ដើម្បីចូលរួមអបអរសារទរទិវានៃសេចក្តីស្រលាញ់ និងដើម្បីចែករំលែកសេចក្តីស្រលាញ់ដល់កុមារ, កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល កែវ រតនៈ   និងជាប្រធានគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំក្រសួងរ៉ែ និងថាមពល បានដឹកនាំគណៈប្រតិភូនាំយកថវិកាសប្បុរសធម៌ប្រចាំឆ្នាំចំនួនប្រមាណ ១០ម៉ឺនដុល្លារ ដែលទទួលពីការចូលរួមបរិច្ចាគពីថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រោមឱវាទក្រសួងរ៉ែ និងថាមពល និងពីអគ្គិសនីកម្ពុជា ចូលរួមគាំទ្រដល់កិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការបន្តបេសកកម្មផ្ដល់សេវាពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារ នៅកម្ពុជា ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព មិនមានការរើសអើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ជាយន្តការផ្សព្វផ្សាយចលនាកៀរគរការបរិច្ចាគថវិកាសប្បុរសធម៌របស់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំក្រសួង-ស្ថាប័ន, រដ្ឋបាលរាជធានី-ខេត្ត, ក្រុមហ៊ុន-សហគ្រាសឯកជនសំខាន់ៗ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការចូលរួមបរិច្ចាគពីថ្នាក់ដឹកនាំ, មន្ត្រីរាជការ, បុគ្គលិក, ពុកម៉ែ-បងប្អូន ដែលមានទឹកចិត្តសប្បុរស និងមានបំណងរួមគ្នានាំភាពញញឹមដល់ទារក និងកុមារ។

ចាប់តាំងការបង្កើត និងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨, មូលនិធិគន្ធបុប្ផាកម្ពុជា បានបង្កើតគណៈកម្មការទ្រទ្រង់ចំនួនជាង១០០ នៅតាមបណ្ដាក្រសួង-ស្ថាប័ន, រដ្ឋបាលរាជធានី-ខេត្ត, ក្រុមហ៊ុន-សហគ្រាសឯកជនសំខាន់ៗ។

មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌ និងការយកចិត្តទុកដាក់ចំពោះសុខភាព និងសុខុមាលភាព របស់ទារក និងកុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។

គួរឱ្យដឹងថា រយៈពេលពេញ១ឆ្នាំ២០២៥ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប បានពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺកុមារចំនួន ១ ០៧១ ៦៣៧ករណី ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព មិនមានការរើសអើង។

ដោយសារអត្រាអ្នកចូលមកទទួលសេវាពិនិត្យ ពិគ្រោះព្យាបាល និងសម្រាលមានការកើនឡើង ក្នុង២០២៥ មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិកា៤៦ ១៨១ ៥២៣ដុល្លារអាម៉េរិក កើនឡើងលើសឆ្នាំកន្លងទៅ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម