ព័ត៌មានជាតិ
នាយករដ្ឋមន្រ្តីកម្ពុជា សាទរការបើកឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ឆ្នាំនេះ
ស្របពេលការប្រកាសបើកឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសបន្តគាំទ្រឥតងាករេគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រខ្សែក្រវាត់ និងផ្លូវ របស់ចិន។ សម្ដេច នាយករដ្ឋមន្ត្រី សង្ឃឹមថា ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន នឹងរួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវការតភ្ជាប់ទេសចរណ៍រវាងប្រទេសទាំងពីរ ក៏ដូចជាពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ។

រដ្ឋាភិបាលនៃប្រទេសកម្ពុជា និងប្រទេសចិន បានកំណត់យកឆ្នាំ២០២៤នេះ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ហើយនៅល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤នេះ ពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍នេះ នឹងប្រារព្វឡើងនាទឹក ដីខេត្តសៀមរាប ក្នុងបរិវេណលានជល់ដំរី ក្នុងរមណីយដ្ឋានអង្គរ។ ក្នុងឱកាសនៃការអបអរសាទរពិធីបើកព្រឹត្តិការណ៍ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងក្តីសោមនស្សរីករាយ និងចូលរួមអបអរសាទរការប្រារព្ធព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ។

តាមរយៈសារលិខិត ចុះថ្ងៃទី១២ ខែមករា សម្ដេចធិបតី បានលើកឡើងថា ទំនាក់ទំនងរវាងប្រទេស និងប្រជាជទាំងពីរ កម្ពុជា-ចិន បានចាប់ផ្តើម និងចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រវត្តិសាស្ត្រដ៏យូរលង់ មិនតិចជាងពីរសហស្សវត្សរ៍នោះទេ គិតចាប់ពីដំណើរទស្សនកិច្ចរបស់រាជទូតចិន មកកម្ពុជាលើកដំបូងក្នុងសម័យហ្វូណន។ សម្ដេចធិបតី បន្តថា ក្នុងសម័យទំនើបនេះ ក្រោមការដឹកនាំរបស់សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងលោក ម៉ៅ សេទុង កម្ពុជា-ចិន បានផ្សារភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ រៀងរហូតមក ។
សម្ដេចធីបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្នុងស្មារតីបន្តមរតកនៃទំនាក់ទំនងដ៏ស្អិតរមួតនេះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានខិតខំបន្តពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយថ្នាក់ដឹកនាំចិន ជាបន្តបន្ទាប់ រហូតបានលើកកម្ពស់ទំនាក់ទំនងនេះទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ចាប់តាំងពីឆ្នាំ២០១០មក។ ក្នុងន័យនេះ ក្នុងនាមជាអ្នកដឹកនាំជំនាន់ក្រោយ ដែលកំពុងបន្តដឹកនាំនាវាកម្ពុជាបច្ចុប្បន្ន សម្ដេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសបន្តគាំទ្រយ៉ាងពេញទំហឹងដោយឥតរារែកនូវគំនិតផ្តួចផ្តើមស្តីពីយុទ្ធសាស្ត្រខ្សែក្រវាត់ និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិរបស់រដ្ឋាភិបាលចិន។

បើតាមការអះអាងរបស់សម្ដេចធិបតី បន្ថែមពីលើនេះ ក្នុងនាមជាដៃគូនៃកិច្ចសហប្រតិបត្តិការត្បូងពេជ្រ កម្ពុជា និងចិន ក៏កំពុងបន្តមានទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើរ និងមានកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ ហើយកំពុងរីកចម្រើន លើវិស័យនានាជាច្រើន។ សម្ដេច ថា ការប្រាស្រ័យទាក់ទងគ្នាយ៉ាងស្អិតរមួត និងការផ្លាស់ប្តូរទស្សនកិច្ចដ៏មមាញឹកគ្រប់ជាន់ថ្នាក់ក្នុងបណ្តាឆ្នាំថ្មីៗនេះ ជាពិសេសដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេច ជាលើកដំបូងក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសចិន កាលខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ គឺជាលទ្ធផល ភាគីទាំងពីរ បានប្រកាសបង្ហាញជំហរដូចគ្នាយ៉ាងម៉ឺងម៉ាត់ ក្នុងការបន្តរក្សាចំណងទំនាក់ទំនងដែកថែប និងការពារគ្នាទៅវិញទៅមក។
តាមរយៈការបើកឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ពេលនេះ នឹងរួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវចំណងទំនាក់ទំនងជាអ្នកជិតខាងល្អ និងពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ដើម្បីបម្រើ ផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជន និងទេសចរណ៍រវាងប្រជាជាតិទាំងពីរ ក្នុងនាមជាប្រទេសដែលមានវប្បធម៌ដ៏ចំណាស់យូរលង់ និងជាមិត្តល្អចេះជួយគ្នាទៅវិញទៅមកគ្រប់ពេលវេលា និងកាលៈទេសៈទាំងអស់។ នេះជាការគូសបញ្ជាក់បន្ថែមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។

សម្ដេច នាយករដ្ឋមន្ត្រី សង្ឃឹមថា ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤ ដែលស្របទៅនឹងការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន អាស៊ាន-ចិន ផងដែរនោះ នឹងក្លាយជាកាលានុវត្តភាពដ៏ប្រសើរថ្មីបន្ថែមទៀត ក្នុងការស្រូបទាញនូវកំណើនភ្ញៀវទេសចរ និង វិនិយោគិនចិនមកទស្សនា និងបណ្តាក់ទុនធុរកិច្ចនៅកម្ពុជាកាន់តែច្រើនថែមទៀត។ ទន្ទឹមនេះ ចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរ កម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ រីកចម្រើន ស្ថិតស្ថេរជាអមតៈ ជាពិសេស នឹងជួយលើកកម្ពស់វិស័យទេសចរណ៍ និងជំរុញការផ្លាស់ប្តូរក្នុងចំណោមយុវជន និងថ្នាក់ដឹកនាំជំនាន់ក្រោយនៃប្រទេសទាំងពីរ ព្រមទាំងសម្រេចឱ្យបាននូវការកសាងសហគមន៍ជោគវាសនារួមគ្នារវាងកម្ពុជា-ចិនផងដែរ៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ២៣ ម៉ោង ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ព័ត៌មានបឋម ៖ បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បីឥណ្ឌា ១ គ្រឿង ក្រោយភ្លៀងមួយមេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ក្រុមហ៊ុន វឌ្ឍនៈ ហ៊ានចេញមុខប្រកាសគាំទ្រ “ចំណាត់ការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្អាកការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុងស្រាបៀរនិងគម្របភេសជ្ជៈ”
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ