Connect with us

ព័ត៌មានជាតិ

តើ ឧទ្យានតេជោសែនឫស្សីត្រឹប ជួបបញ្ហាប្រឈម ផលប៉ះពាល់អ្វីខ្លះ?

បានផុស

នៅ

ខណៈ ស្ថានីយឧស្សាហកម្មស្លដែកក្នុងឧទ្យានតេជោសែន ឫស្សីត្រឹប ត្រូវបាន ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ហៅកាត់ ឧទ្យានឫស្សីត្រឹប មានគោលបំណង ស្នើដាក់បញ្ចូលចូលជាបេតិភណ្ឌពិភពលោក ដើម្បីអភិរក្សនោះ ឧទ្យាននេះ បានបញ្ហាប្រឈមមួយចំនួន ទាំងកត្តាមនុស្ស និងកត្តាធម្មជាតិផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សូត្រ សំណាង ប្រធាន ឧទ្យានតេជោសែន ឫស្សីត្រឹប បានឱ្យ “កម្ពុជាថ្មី” ដឹងថា បច្ចុប្បន្ន ឧទ្យានឫស្សីត្រឹប នៅតែមានការព្រួយបារម្ភ នឹងការប្រឈមខ្លាំងចំពោះផលប៉ះពាល់ទៅលើធនធានធម្មជាតិ និងធនធានវប្បធម៌ ព្រមទាំង ជាតិពន្ធុ កួយ។ ជនខិលខូចនៅតែបន្តចូលលួចកាប់បំផ្លាញព្រៃឈើ ដាក់អន្ទាក់ប្រមាញ់សត្វព្រៃ កាប់រានដីព្រៃធ្វើចម្ការ ដែលធ្វើឱ្យថយចុះនូវបរិមាណព្រៃឈើធម្មជាតិ និងបាត់បង់ប្រភេទពូជសត្វព្រៃ និងព្រៃឈើធម្មជាតិដែលមានលក្ខណៈពិសេសខាងវប្បធម៌។ ជាពិសេស ការកាប់រានព្រៃ ធ្វើស្រែចម្ការកន្លងមក ចំនួន ៣១៥ ក្បាលដី ស្មើនឹង ៥១៦ ហិកតា (ទិន្នន័យក្រុមការងារចម្រុះចុះស្រង់នៅ ឆ្នាំ២០១៧-២០១៨)។

ប្រធានឧទ្យានតេជោសែន ឫស្សីត្រឹប បានឱ្យដឹងបន្តថា កាលពីឆ្នាំ ២០១៧ ក្រុមហ៊ុនចម្ការអំពៅចិន ដែលទទួលបានសិទ្ធិវិនិយោគលើដីសម្បទានសេដ្ឋកិច្ច បានឈូសឆាយព្រៃចូលក្នុងដីឧទ្យានប្រមាណជាង ៨០០ ហិកតា ដែលផ្នែកខ្លះស្ទើរតែប៉ះពាល់ដល់ ទីតាំងស្ថានីយឧស្សាហកម្មស្លដែកបុរាណ ដែលការណ៍នេះ ប្រសិនបើឧទ្យានមិនបានទប់ស្កាត់ទាន់ពេលវេលា នោះស្ថានីយបុរាណដ៏សំខាន់មិនអាចកាត់ថ្លៃទាំងនេះ នឹងក្លាយជាវាលរាបស្មើ ហើយត្រូវបាត់បង់ទាំងស្រុង។

លោក សូត្រ សំណាង មានប្រសាសន៍ថា៖ “ផលប៉ះពាល់សំខាន់ គឺកត្តាធម្មជាតិ រួមមាន គម្របផ្ទៃដី ដាំដុះខាងលើមានកម្រាស់ស្តើង សំបូរដោយផ្ទាំងថ្មបាយក្រៀមនៅផ្នែកក្រោម ដែលធ្វើឱ្យដើមឈើមិនអាចចាក់ឫសបានជ្រៅ ប៉ុន្តែងាយនឹងដួលរលំដោយកម្លាំងខ្យល់។ ម្យ៉ាងទៀត រំហូរដោយកម្លាំងទឹកធម្មជាតិបានបង្កើតជា សំណឹក ធ្វើឱ្យផ្លាស់ប្ដូរទីតាំងដើម នៃភស្តុតាងបុរាណវត្ថុវិទ្យា ស្របគ្នានឹងការខ្វះខាតខាងថវិកាសម្រាប់ការស្រាវជ្រាវ សង្គ្រោះ ឱ្យបានទាន់ពេលវេលា”។

ប្រធាន ឧទ្យានតេជោសែន ឫស្សីត្រឹប រូបនេះ មានប្រសាសន៍បន្ត ទោះបីជាមានផលប៉ះពាល់ពីសំណាក់ធម្មជាតិ និងមនុស្សក្ដី ក៏មន្ត្រីឧទ្យាន បានខិតខំអភិរក្សការពារតាមរយៈកត់ត្រាប្រមូលទិន្នន័យ កំណត់អត្តសញ្ញាណ ធ្វើផែនទីរបាយទីតាំងស្ថានីយ របាយប្រភេទពូជ-អំបូរព្រៃឈើ រួមជាមួយនឹងការចុះអប់រំ ផ្សព្វផ្សាយ ជូនដល់ប្រជាសហគមន៍ សិស្សសាលា អាជ្ញាធរ អង្គភាពជំនាញពាក់ព័ន្ធ ដែលរស់នៅជុំវិញក្បែរឧទ្យាន និងជូនដល់ថ្នាក់ដឹកនាំស្ថាប័ន និស្សិត សាកលវិទ្យាល័យនានាជាដៃគូ ឱ្យយល់ដឹងអំពី គោលបំណង បេសកម្ម សកម្មភាព លទ្ធផលការងារអភិរក្ស និងគុណតម្លៃ នៃធនធានធម្មជាតិ វប្បធម៌ និង ជាតិពន្ធ ជាបន្តបន្ទាប់។

លោក សូត្រ សំណាង មានប្រសាសន៍ថា៖ “ក្រុមការងារឧទ្យានយើងខ្ញុំ ពិតជាមិនអាចអភិរក្សការពារកេរមរតកប្រវត្តិសាស្ត្រ បុរាណវត្ថុវិទ្យាដ៏មានតម្លៃនេះឱ្យគង់វង្សឡើយ បើគ្មានការគាំទ្រពីរាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ អាជ្ញាធរ ពិសេសការចូលរួមយ៉ាងសកម្មពីប្រជាសហគមន៍នៅជុំវិញឧទ្យាននេះ”។

គួរបញ្ជាក់ថា ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ត្រូវបានបង្កើត និង ទទួលស្គាល់ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៤ ដែលមានទំហំផ្ទៃដី ១១៤,៣៥ គីឡូម៉ែត្រទ្វេគុណ (ម៉ែត្រការ៉េ) ដែលមានទីតាំងស្ថិតក្នុង ឃុំឆែបមួយ និងឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ។ ឧទ្យាននេះ ត្រូវបានគ្រប់គ្រងផ្ទាល់ ដោយរាជបណ្ឌិត្យសភាកម្ពុជា នៃទីស្ដីការគណៈរដ្ឋមន្ត្រី ដែលមាន អគ្គនាយកដ្ឋានឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ជាសេនាធិការដឹកនាំ គ្រប់គ្រង និងអនុវត្ត គម្រោងអភិរក្ស និងអភិវឌ្ឍន៍នានាដើម្បីឱ្យមាននិរន្តរភាព ក្នុងកិច្ចការពារ និងអភិវឌ្ឍន៍។

រយៈពេលជាង ៦០ ឆ្នាំមកនេះ អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ បានរកឃើញ ទួលឡស្លដែកចំនួន ៥៤ ទីតាំង មាន ៥ បណ្ដុំ, ភូមិបុរាណចំនួន ៣, ត្រពាំងបុរាណចំនួន ៦៥, ផ្លូវបុរាណចំនួន ៣ ខ្សែ នៅឧទ្យានឫស្សីត្រឹបនេះ។ ជាបន្តបន្ទាប់ ក្រុមការងារជាតិ និងអន្តរជាតិ បានបន្តស្រាវជ្រាវ និងធ្វើកំណាយបុរាណវត្ថុវិទ្យាទីតាំងឡស្លដែកមួយកន្លែង ដោយបានរកឃើញបុរាណវត្ថុ និងវត្ថុគំហើញបុរាណវិទ្យាជាច្រើនដូចជា៖ រចនាសម្ព័ន្ធឡស្លដែក ត្រឡែក (បំពង់ខ្យល់) អាចម៍ដែក អាចម៍ស្ពាន់ រ៉ែដែក រ៉ែស្ពាន់ ថ្មកំណល់ និងថ្មវាយបំបែករ៉ែ ពាងទឹក កុលាលភាជន៍សម័យអង្គរ និងធ្យូងឫស្សី៕

អត្ថបទ៖ ច័ន្ទ ​វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម