Connect with us

ព័ត៌មានជាតិ

ជាង៥ខែក្នុងតំណែងជានាយករដ្ឋមន្ត្រី សម្ដេច ហ៊ុន ម៉ាណែត បានធ្វើទស្សនកិច្ចទៅក្រៅប្រទេស ១០លើក

បានផុស

នៅ

ត្រឹមរយៈពេលជាង ៥ខែ នៃការចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តបេសកកម្មការទូតដ៏សកម្មជាមួយបណ្ដាប្រទេសជាមិត្ត និងដៃគូអន្តរជាតិនានា ជាពិសេសសម្ដេចធិបតីបានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចេញទៅក្រៅប្រទេសយ៉ាងហោចណាស់ចំនួនលើក១០ រួចមកហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានអង្គរដ្ឋសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តជានាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ក្រោយគណបក្សប្រជាជនកម្ពុជា បានទទួលជោគជ័យភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នាខែកក្កដា ឆ្នាំ២០២៣ ក​ន្លងទៅ។

រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តបេសកកម្មការទូតដ៏សកម្ម ឈរលើគោលការណ៍នៃការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដោយប្រកាន់ខ្ជាប់អធិបតេយ្យភាព និងស្វែងរកផលប្រយោជន៍ជូនជាតិ និងប្រជាជន ជាអាទិភាពចម្បង។ ដោយឈរលើមាគ៌ាច្បាស់លាស់នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា បានបន្តបេសកកម្មការទូត តាមរយៈដំណើរទស្សនកិច្ចទៅក្រៅប្រទេសនានា ដែលគិតមកដល់ពេលនេះ គឺមានចំនួនលើក១០ មកហើយ។ បេសកកម្មការទូតទៅក្រៅប្រទេសទាំង១០ ​របស់សម្ដេចធិបតី រួមមាន៖

ទី១.ការអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីហ្សាការតា ប្រទេស ឥណ្ឌូនេស៊ី ដែលជាដំណើរទៅក្រៅប្រទេសជាលើកដំបូង គឺភ្លាមៗក្រោយការចូលទៅដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។

ទី២.ដំណើរទស្សនកិច្ចផ្លូវការ និងចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២០ នៅប្រទេសចិន។ ទី៣.ដំណើរចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ នៅរាជធានីរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។

ទី៤.សម្ដេចធិបតី បានចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។ ទី៥. ចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន ដែលនេះជាដំណើរជាលើកទី២ របស់សម្ដេចធិបតី ក្នុងនាមជានាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសចិន។

ទី៦.តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញធ្វើទស្សនកិច្ចជាផ្លូវការ នៅប្រទេសវៀតណាម។ ទី៧.ចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរសាទររំលឹកខួប៥០ ឆ្នាំ នៃមិត្តភាព និងសហប្រតិបត្តិការអាស៊ាន-ជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ទី៨. សម្ដេចធិបតី បានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៤ របស់វេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ខណៈពេលនោះ សម្ដេច ក៏បានបន្តធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង ដែលតបតាមការអញ្ជើញដោយផ្ទាល់ពីលោកប្រធានាធិបតីបារាំង ហើយទស្សនកិច្ចនៅបារាំង ជាដំណើរនៅក្រៅប្រទេសជាលើកទី៩។

និងទី១០ គឺសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំគណៈ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសថៃ​ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ។

បើតាមការប្រកាសរបស់សម្ដេចធិបតី នៅអំឡុងខែមីនា ឆ្នាំ២០២៤ ខាងមុខ សម្ដេច ក៏នឹងគ្រោងដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ចនៅប្រទេសអូស្ត្រាលី ជាបន្តទៀតផងដែរ។  

សម្ដេចធិបតី នាយករដ្ឋមន្ត្រី ធ្លាប់បានគូសបញ្ជាក់ឱ្យដឹងថា រាល់ដំណើរចេញទៅក្រៅប្រទេសរបស់សម្ដេច គឺដើម្បីពង្រឹងទំនាក់ទំនងជាមិត្តភាពរវាងកម្ពុជាជាមួយនឹងបណ្ដាប្រទេសនានានៅជុំវិញពិភពលោក ជាពិសេសដើម្បីកៀរគរក្រុមអ្នកវិនិយោគិនបរទេសមកណ្តាក់ទុននៅកម្ពុជា។

បើតាមសម្តេចធិបតី ចាប់តាំងពីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ចាប់ពីខែសីហា ឆ្នាំ២០២៣ មកដល់ពេលនេះ គឺបានកៀងគរអ្នកវិនិយោគបរទេសបានប្រមាណ ១៧២គម្រោង មានទុនវិយោគ ៣,៨៦ពាន់លានដុល្លារ និងអាចបង្កើតការងារជូនប្រជាពលរដ្ឋជាង ១៩ម៉ឺនកន្លែង ដែលស្របតាមគោលដៅធំបំផុតរបស់រាជរដ្ឋាភិបាល គឺជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម