ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ក្រសួងព័ត៌មាន បន្តលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជា ដើម្បីទប់ស្កាត់ និងបន្សាបព័ត៌មានក្លែងក្លាយ
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន អះអាងថា ក្រសួងព័ត៌មាន បាននិងបន្តលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជា ឲ្យបានកាន់តែទូលំទូលាយថែមទៀត ដើម្បីទប់ស្កាត់ និងបន្សាបព័ត៌មានក្លែងក្លាយ។ នេះបើតាមលោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន។

លោក ទេព អស្នារិទ្ធ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១៦ ខែកុម្ភៈនេះថា សព្វថ្ងៃការរីកចម្រើនខាងផ្នែកបច្ចេកវិទ្យា បានបង្កភាពងាយស្រួលដល់ការប្រាស្រ័យទាក់ទងគ្នា និងទទួលបាននូវព័ត៌មាននានា ជាពិសេសតាមរយៈមធ្យោបាយប្រព័ន្ធផ្សព្វផ្សាយទំនើប រាប់បញ្ចូលទាំងការផ្សព្វផ្សាយលើប្រព័ន្ធអ៊ីនធើណេត និងបណ្តាញសង្គមគ្រប់ប្រភេទ ដែលបានរីកដុះដាលឡើងយ៉ាងខ្លាំង។
លោកបន្តថា ទន្ទឹមនឹងការផ្តល់ភាពងាយស្រួលទាំងនេះ គ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ បានជះឥទ្ធិពល និងផលវិបាកមកលើសង្គមរស់នៅ ផងដែរ។ ផលវិបាកទាំងនោះ រួមមាន៖ ការអាចបង្កភាពចលាចល ភាពច្របូកច្របល់ ដែលនាំឲ្យមានការបាត់បង់ជំនឿទុកចិត្តក្នុងសង្គម ប្រជាពលរដ្ឋខាតបង់ពេលវេលា ថវិកា រីឯការបង្ខូចកេរ្តិ៍ឈ្មោះប៉ះពាល់ដល់ឯកជនភាព និងធ្វើឲ្យបាត់បង់កិត្តិយស។
ជាងនេះទៀត គ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ អាចនឹងបង្កឲ្យមានការរើសអើង អរិភាពក្នុងសង្គម និងធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិផងដែរ។ ផលវិបាកទាំងនេះ កើតឡើង ស្របពេលនឹងការវិវត្តនៃបច្ចេកវិទ្យា AI ផងដែរ ដែលវាកំពុងធ្វើឲ្យព័ត៌មានកាន់តែមានភាពស្មុកស្មាញ។ នេះបើតាមការបញ្ជាក់របស់លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន។
លោកបន្ថែមថា ដូច្នេះហើយ កិច្ចប្រជុំកាលពីពេលថ្មីៗរបស់គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មាន ដែលដឹកនាំដោយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្តោតការយកចិត្តទុកដាក់លើភាពចាំបាច់ នៃការគ្រប់គ្រងដោយប្រសិទ្ធភាព ដែលទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមអនុវត្តយន្តការចម្រុះ ប្រកបដោយភាពប្រទាក់ក្រឡា និងបង្កើនភាពស៊ីសង្វាក់គ្នា ក្នុងការអនុវត្តប្រកបដោយបុរេសកម្ម។ ក្នុងនោះយន្តការចំបង ក្នុងក្របខណ្ឌសមត្ថកិច្ចជំនាញ គឺយន្តរបស់ក្រសួង ស្ថាប័ន និងយន្តការក្នុងក្របខណ្ឌកិច្ចសហការអន្តរក្រសួង-ស្ថាប័ន។
រីឯយន្តការកម្រិតជាតិជាយន្តការធំរួម ក្រោមការដឹកនាំដោយគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ សំដៅលើកកម្ពស់កិច្ចសហការ ក្នុងទម្រង់ជវភាពតួអង្គតែមួយរបស់រាជរដ្ឋាភិបាល ជាមួយក្រសួង-ស្ថាប័ន រាជធានី-ខេត្តទាំងអស់ ដើម្បីសម្របសម្រួលកិច្ចសហប្រតិបត្តិការ ពង្រឹងស្តង់ដាអនុវត្តលើការងារសាធារណមតិ និងប្រឆាំងព័ត៌មានក្លែងក្លាយ។
អ្នកនាំពាក្យក្រសួងព័ត៌មាន បានបន្ថែមទៀតថា ចំពោះគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មាន ផ្តោតភារកិច្ចចំបងៗរបស់ខ្លួន លើការតាមដាន ប្រមូល និងចាត់វិធានការក្នុងក្របខណ្ឌច្បាប់ ចំពោះរាល់ព័ត៌មានក្លែងក្លាយគ្រប់ទម្រង់ឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីរួមចំណែកធានាសន្តិសុខជាតិ ស្ថិរភាពនយោបាយ សុខដុមនីយកម្ម សណ្តាប់ធ្នាប់សង្គមក្នុងសង្គម។
តាមរយៈយន្តការនេះ ក្រសួងព័ត៌មានបាននិងបន្តលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានពិត ពីកម្ពុជាឲ្យបានកាន់តែទូលំទូលាយថែមទៀត ទាំងក្នុងស្រុក និងដល់ប្រជាជននៅលើពិភពលោក ដើម្បីរក្សាជំនឿទុកចិត្តរបស់ប្រជាជន ព្រមទាំងដើម្បីទប់ស្កាត់ និងបន្សាបព័ត៌មានក្លែងក្លាយ ដែលបំពុលសង្គម អាចបង្កឲ្យកើតមានចលាចល ប៉ះពាល់ដល់ការរស់នៅដ៏សុខក្សេមក្សាន្តរបស់ប្រជាជន ក្នុងសង្គម។
លោក ទេព អស្នារិទ្ធ បានគូសបញ្ជាក់ដែរថា គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មាន នឹងបន្តពង្រឹងកិច្ចសហការជាមួយក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងយុត្តិធម៌ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គភាពស្ថាប័នអន្តរជាតិ ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយ គ្រប់គ្រងសណ្តាប់ធ្នាប់ព័ត៌មាន និងសន្តិសុខព័ត៌មាន៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ