ព័ត៌មានជាតិ
បឹងវិរីអូរជុំ កំពុងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិចូលមកកម្សាន្ត
រតនគិរី ៖ បឹងវិរីអូរជុំកំពុងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិចូលមកទស្សនាកម្សាន្ត បន្ទាប់ពីមានការខុសប្លែកជាងរាល់ឆ្នាំមុនៗ។

លោក គៀង តុលា អភិបាលស្រុកអូរជុំបានឲ្យដឹងថា បឹងវិរីអូរជុំទី១ កំពុងតែទាក់ទាញភ្ញៀវទេសចរនៅក្នុងស្រុក និងក្រៅស្រុកមកលំហែកាយយ៉ាងច្រើន ទោះបីតំបន់នេះមិនទាន់បានចុះបញ្ជីជារមណីយដ្ឋាននៅក្នុងក្រសួងទេសចរណ៍នោះក៏ដោយ។

លោក គៀង តុលា អភិបាលស្រុកបន្តថា នៅក្នុងឱកាសដែលលោកបានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជុំវិញមាត់បឹងនៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤នេះ។ បឹងវិរីអូរជុំបានកើតឡើងពីការផ្តួចផ្ដើមពីនាយឧត្តមសេនីយ៍ព្រឹទ្ធាចារ្យ ប៊ូថង ដែលលោកបានកែច្នៃតំបន់នេះទៅជាទំនប់ទប់យកទឹកសម្រាប់បង្កើតភ្លើងប្រើប្រាស់ នៅក្នុងទីរួមខេត្តរតនគិរីទាំងមូល នៅក្នុងអំឡុងឆ្នាំ១៩៩១ ដែលបានស្ថាបនារួចរាល់ជាស្ថាពរនិងសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ១៩៩២។

លោកអភិបាលបានបន្តថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមម្លប់សន្តិភាពបានធ្វើឲ្យបឹងវិរីអូរជុំ មិនត្រឹមតែបង្កើតបានជាភ្លើងសម្រាប់ប្រើប្រាស់ប៉ុណ្ណោះទេ។ ថែមទាំងជាតំបន់នេះកំពុងតែប្រកួតប្រជែងខាងផ្នែកវិស័យទេសចរគួរឲ្យទាក់ទាញភ្ញៀវចូលមកលេងកម្សាន្ត។

ក្នុងអំឡុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤នេះ លោកសង្កេតឃើញថា បងប្អូនភ្ញៀវទេសចរនៅក្នុងស្រុកនិងក្រៅស្រុក តែងតែនាំគ្នាមកអង្គុយញ៉ាំអាហារជាលក្ខណៈគ្រួសារ និងគយគន់មើលទៅផ្ទៃទឹកបឹងហាក់បីដូចជាសមុទ្រទឹកសាប នៃភូមិភាគឦសាន។

លោកថា ដើម្បីការពារសុវត្ថិភាពសុខសន្តិភាពជូនដល់បងប្អូនប្រជាពលរដ្ឋដែលមកកម្សាន្តនៅតំបន់នេះ អាជ្ញាធរស្រុកតែងតែរៀបចំកម្លាំងតាម គោលដៅ ជាប្រចាំក្នុងការថែរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ជាពិសេសនៅពេលរាត្រីដោយបងប្អូនដែលមកកម្សាន្តច្រើនគឺចាប់ពីម៉ោង ៤ល្ងាចរហូតទៅដល់ម៉ោង១១យប់ឯណោះ។

លោកក៏បានសំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានមកកម្សាន្តនិងសប្បាយនៅក្នុងរមណីយដ្ឋានដែលមិនទាន់បានចុះបញ្ជីនៅក្នុងក្រសួងទេសចរណ៍មួយនេះ សូមជួយថែរក្សា,បរិស្ថាន អនាម័យឲ្យបានស្អាតល្អ។ ជាពិសេសលោកសូមអំពាវនាវទៅដល់បងប្អូនប្រជានេសាទសូមកុំឱ្យនេសាទដោយប្រើប្រាស់មធ្យោបាយខុសច្បាប់ដូចជាឆក់ ឬដាក់លុបដើម្បីយកសត្វស្លាប ដែលជាសត្វជិតផុតពូជអស់ទៅហើយនោះ។ ព្រោះថាបច្ចុប្បន្នបឹងវិរីអូរជុំគឺជាកន្លែងមួយដែលប្រមូលផ្ដុំទៅដោយសត្វស្លាបគ្រប់ប្រភេទដូចជា សត្វប្រវឹក សត្វប្រវែក និងសត្វទាយទឹករួមទាំងសត្វផ្សេងៗទៀតជាច្រើនពាន់ក្បាលដែលមកបណ្ដែតខ្លួននៅលើផ្ទៃទឹកបឹងវិរីនេះ៕
ដោយ ៖ វុទ្ធឦសាន



-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


