Connect with us

ព័ត៌មានជាតិ

អភិបាលខណ្ឌឫស្សីកែវថ្មី ប្ដេជ្ញាដោះស្រាយទំនាស់ ដីធ្លីឱ្យអស់ ហើយមិនឱ្យមានទំនាស់ថ្មីទៀតឡើយ

បានផុស

នៅ

អភិបាលខណ្ឌឫស្សីកែវ ដែលទើបប្រកាសចូលកាន់តំណែងថ្មី លោក ជិន ប៊ុនធឿន ប្តេជ្ញាបំពេញការងារឱ្យបានទ្វេដងក្នុងការបម្រើពលរដ្ឋ ជាពិសេសដោះស្រាយទំនាស់ដីធ្លីក្នុងមូលដ្ឋានខណ្ឌឱ្យអស់ ដោយមិនឱ្យមានករណីទំនាស់ដីធ្លីថ្មីកើតឡើងថែមទៀតឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជិន ប៊ុនធឿន ដែលជាអតីតនាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលខណ្ឌឫស្សីកែវ ជាផ្លូវការនៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ លោក ជិន ប៊ុនធឿន ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ទំនុកចិត្តតែងតាំងជាអភិបាលខណ្ឌឫស្សីកែវថ្មី ជំនួសលោក ឯក ឃុនដឿន ដែលត្រូវតែងតាំងជាអភិបាលរងរាជធានីភ្នំពេញ។

ឆ្លើយតបទៅនឹងទំនុកចិត្តរបស់ប្រមុខរាជរដ្ឋាភិបាល លោក​ ជិន​ ប៊ុនធឿន​ អភិបាលខណ្ឌឫស្សីកែវ​ បានប្តេជ្ញាចិត្តថា នឹងខិតខំបំពេញការងារទ្វេដង ដោយស្មារតីយកចិត្តទុកដាក់ ការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញការងារជូនរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងបម្រើប្រជាពលរដ្ឋឱ្យកាន់តែសកម្មខ្លាំងក្លា ជាពិសេសការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ក៏ដូចជាការពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អថែមទៀត។

លោក ជិន ប៊ុនធឿន ក៏បានប្ដេជ្ញាអនុវត្តយ៉ាងម៉ឺងម៉ាត់គោលការណ៍ចាត់តាំង និងការដឹកនាំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញឱ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួន ដើម្បីចូលរួមអនុវត្តគោលនយោបាយ​ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គោលនយោបាយតាមវិស័យនានា និងយុទ្ធសាស្ត្រអាទិភាពរបស់គណៈអភិបាលរាជធានីភ្នំពេញឱ្យមានប្រសិទ្ធភាព។

ជាមួយគ្នានេះ ដោយបញ្ហាដីធ្លីជាចំណុចរសើបមួយនៅក្នុងសង្គមបច្ចុប្បន្ន លោកអភិបាលខណ្ឌឫស្សីកែវថ្មីរូបនេះ ក៏បានសន្យាខិតខំដោះស្រាយបញ្ហាទំនាស់ដីធ្លីដែលនៅសេសសល់ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវឱ្យអស់ ហើយទប់ស្កាត់មិនឱ្យមានករណីទំនាស់ថ្មីកើតឡើងបន្ថែមទៀតឡើយ។

លើសពីនេះ លោកអភិបាលខណ្ឌ ក៏បានប្ដេជ្ញាលើកកម្ពស់ស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដោយប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំងបួន គឺឆន្ទៈម្ចាស់ការ ភក្ដីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ ព្រមទាំងចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយគ្រប់តួអង្គទាំងអស់ ដើម្បីចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម