ចរាចរណ៍
គ្រោះថ្នាក់ចរាចរណ៍ ! ពលរដ្ឋផ្ទុះកំហឹង ពេលឮសម្ដីម្ចាស់រថយន្តប្រមាថជីវិតជនរងគ្រោះ ដោយថា «បុកងាប់សងប៉ុន្មាន?»
គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យក្មេងប្រុសម្នាក់ រងរបួសធ្ងន់ធ្ងរ ហើយអ្នកបើកបរស្រវឹងដែលគេស្គាល់ជាកូនអភិបាលស្រុកកងមាស និងជាមន្ត្រីរាជការ បានបោះពាក្យសម្ដីប្រមាថអាយុជីវិតជនរងគ្រោះ «បុកងាប់សងប៉ុន្មាន?» ក៏បង្កឲ្យមានការភ្ញាក់ផ្អើល និងតានតឹងក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ដោយប្រជាពលរដ្ឋផ្ទុះកំហឹងយ៉ាងខ្លាំង ប្រើហិង្សាទៅលើម្ចាស់រថយន្តតែម្ដង។


ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ ៨ និង ៥០ នាទីយប់ ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ១៧១១ ក្នុងសង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្ត ១ គ្រឿង ម៉ាក FORTHING ពាក់ស្លាកលេខ កម្ពុជា P.YEAN.7 បានបើកបរតាមដងផ្លូវ ខណៈមកដល់ចំណុចកើតហេតុ ក៏បុកជាមួយម៉ូតូ ១ គ្រឿង ម៉ាក HONDA TODAY ពាក់ស្លាកលេខ ភ្នំពេញ 1J-4604 យ៉ាងពេញទំហឹង បណ្ដាលឲ្យក្មេងប្រុសម្នាក់ រងរបួសធ្ងន់ ត្រូវប្រជាពលរដ្ឋជួយដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ។


ប្រភពព័ត៌មានដដែល បន្តថា ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋនៅជុំវិញទីតាំង បាននាំគ្នាមកមើល និងបង្ហាញការខឹងសម្បាពេលឮម្ចាស់រថយន្តខាងលើបោះពាក្យសម្ដីប្រមាថអាយុជីវិតជនរងគ្រោះ (បុកងាប់សងប៉ុន្មាន?) ជាហេតុមិនអនុញ្ញាតឲ្យសមត្ថកិច្ចនាំខ្លួនជនបង្កទៅប៉ុស្តិ៍ភ្លាមៗ នោះទេ។ ក្នុងនោះ ប្រជាពលរដ្ឋបានទាមទារឲ្យរង់ចាំក្រុមគ្រួសាររបស់ជនរងគ្រោះមកដល់សិន ទើបអនុញ្ញាតឲ្យអនុវត្តនីតិវិធីបន្ត ដែលធ្វើឲ្យមានភាពតានតឹងនៅកន្លែងកើតហេតុ។


តាមប្រភពព័ត៌មានដដែល បន្តទៀតថា បន្ទាប់មក កម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌឫស្សីកែវ បានចុះមកដល់ទីតាំង និងធ្វើការសម្របសម្រួលស្ថានការណ៍។ ជាមួយគ្នានេះ សមត្ថកិច្ចក៏បានរាយការណ៍ទៅកាន់ជំនាញនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះមកធ្វើការវាស់វែងតាមនីតិវិធី។


ក្រោយការវាស់វែង រថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕
អត្ថបទ ៖ សំណាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


