ព័ត៌មានជាតិ
លោក នេត្រ ភក្ត្រា ៖ សេវាសាធារណៈជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបម្រើប្រជាពលរដ្ឋរបស់រដ្ឋបាលឃុំ និងស្រុក
«សេវាសាធារណៈជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបម្រើប្រជាពលរដ្ឋរបស់រដ្ឋបាលឃុំនិងរដ្ឋបាលស្រុក។ យើងទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា មានភាពងាយស្រួល និងប្រកបដោយប្រសិទ្ធភាពខ្ពស់ដើម្បីពង្រឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ»។ នេះជាការបញ្ជាក់របស់លោក នេត្រ ភក្ត្រា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះនៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ក្នុងអំឡុងពេលចុះពិនិត្យការងារផ្តល់សេវាសាធារណៈរបស់រដ្ឋបាល និងសាកសួរសុខទុក្ខមន្ត្រីដែលកំពុងបម្រើការងារនៅសាលាស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។

ក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះបានកោតសរសើរចំពោះមន្ត្រីនៃសាលាស្រុកទាំងអស់ដែលបានលះបង់ និងបានខិតខំប្រឹងប្រែងក្នុងការបំពេញការងារបម្រើប្រជាពលរដ្ឋ។ យោងតាមមន្ត្រីសាលាស្រុកអូរគ្រៀង សែនជ័យ ក្នុងមួយថ្ងៃៗ ប្រជាពលរដ្ឋបានអញ្ជើញមករកសេវាសាធារណៈប្រមាណ ១០០នាក់។
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានខេត្តក្រចេះបានលើកទឹកចិត្តដល់មន្ត្រីសាលាស្រុកបន្តយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋតាមរយៈយន្តការច្រកចេញចូលតែមួយ និងចូលរួមដោះស្រាយបញ្ហាដែលភូមិឃុំមានជាពិសេសសហការជាមួយភាគីពាក់ព័ន្ធដើម្បីរៀបចំវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋដើម្បីក្តាប់ឱ្យជាប់នូវបញ្ហាប្រឈមនានាដែលកើតមាន។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានជំរុញដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូរគ្រៀងសែនជ័យ រដ្ឋបាលស្រុក ភូមិឃុំសហការគ្នាពង្រឹងការអនុវត្តគោលនយោបាយជាតិឃុំសង្កាត់មានសុវត្ថិភាព ជាពិសេសូលរួមទប់ស្កាត់លុបបំបាត់ការជួញដូរនិងការប្រើប្រាស់គ្រឿងញៀន គ្រប់ប្រភេទ ព្រមទាំងជំរុញប្រជាពលរដ្ឋបញ្ជូនកូនៗឱ្យទៅសិក្សារៀនសូត្រឱ្យបានជ្រះជ្រៅ ព្រមទាំងចូលរួមក្នុងការការពារនិងអភិរក្សធនធានធម្មជាតិដែលស្រុកអូរគ្រៀងសែនជ័យមានសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។
គួរឱ្យដឹងថា ស្រុកអូរគ្រៀងសែនជ័យ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចបង្កើតឡើងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ដោយកាត់យកឃុំចំនួន៥ពីស្រុកសំបូរគឺ ឃុំក្បាលដំរី ឃុំអូរគ្រៀង ឃុំអូរកណ្ដៀរសែនជ័យ ឃុំរលួសមានជ័យ និងឃុំស្រែជិះ និងមានចំនួនប្រជាជនជិត ៤ ម៉ឺននាក់រស់នៅ។ តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ទីតាំងរដ្ឋបាល «ស្រុកអូរគ្រៀងសែនជ័យ» ត្រូវស្ថិតនៅក្នុងឃុំអូរគ្រៀង។ រដ្ឋាភិបាលបានបញ្ជាក់ថា ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលស្រុកអូរគ្រៀងសែនជ័យ ត្រូវអនុលោមតាមច្បាប់ស្តី ពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ការបង្កើតស្រុកថ្មី «អូរគ្រៀងសែនជ័យ» បានធ្វើឱ្យខេត្តក្រចេះបច្ចុប្បន្ននេះមានក្រុងចំនួន ១ និងស្រុកចំនួន ៦៕






-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម២ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


