Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ណែនាំឱ្យរួមគ្នាអនុវត្ត «៣កុំ ៣ត្រូវ» ដើម្បីលើកកម្ពស់សីលធម៌ និងគុណតម្លៃសង្គម

បានផុស

នៅ

ដើម្បីរួមចំណែកលើកកម្ពស់សីលធម៌ គុណធម៌ និងគុណតម្លៃសង្គម ព្រមទាំងការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ក្រសួងព័ត៌មាន សហការជាមួយក្រសួងកិច្ចការនារី និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំពិធីបើកសិក្ខាសាលា ស្តីពី «រួមគ្នាលើកកម្ពស់សីលធម៌ តាមរយៈការផ្សព្វផ្សាយ» នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។
សិក្ខាសាលានេះ គឺមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និស្សិតនារី ពិធីករពិធីការិនី អ្នកផលិតមាតិកា និងអ្នកប្រកបអាជីវកម្មអនឡាញប្រមាណជាង ២០០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើការណែនាំដល់អ្នកមានឥទ្ធិពលលើបណ្តាញសង្គម អ្នកផលិតមាតិកា ពិធីករ ពិធីការិនី និងអ្នកសារព័ត៌មាន ឱ្យអនុវត្តគោលការណ៍ «៣កុំ ៣ត្រូវ» ដើម្បីធានាថា ការផ្សព្វផ្សាយព័ត៌មាន និងមាតិកាឌីជីថល មានសុចរិតភាព និងរួមចំណែកវិជ្ជមានដល់សង្គម។

គោលការណ៍ «៣កុំ» រួមមាន ៖
១. កុំផលិត និងកុំផ្សព្វផ្សាយ ឬចែករំលែកមាតិកាដែលបំពានសីលធម៌ វប្បធម៌ និងប្រពៃណីជាតិ។
២. កុំប្រើប្រាស់រូបភាព សម្តី កាយវិការ ឬសម្លៀកបំពាក់ដែលបន្ទាបតម្លៃស្ត្រី ឬប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់មនុស្ស ដើម្បីទាក់ទាញការចាប់អារម្មណ៍ ឬបង្កើនការលក់របស់ខ្លួន។
៣. កុំផ្សព្វផ្សាយព័ត៌មាន ឬពាណិជ្ជកម្ម ដែលមិនពិត មិនបានផ្ទៀងផ្ទាត់ បំភាន់សាធារណជន ឬអាចបង្កការយល់ច្រឡំដល់អ្នកប្រើប្រាស់។

គោលការណ៍ «៣ត្រូវ» រួមមាន ៖
១. ត្រូវគោរពការពិត ភាពត្រឹមត្រូវ សុច្ចរិតភាព និងក្រមសីលធម៌វិជ្ជាជីវៈ។
២. ត្រូវគោរពកិត្តិយស សេចក្តីថ្លៃថ្នូរ និងគុណតម្លៃរបស់មនុស្ស ជាពិសេសស្ត្រី និងយុវជន។
៣. ត្រូវទទួលខុសត្រូវ ចំពោះឥទ្ធិពលនៃមាតិកា ពាក្យសម្តី ការបង្ហាញខ្លួន និងការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួនចំពោះសង្គម។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានផ្ញើសារដាស់តឿនដល់យុវជន និងអ្នកប្រើប្រាស់បណ្តាញសង្គម ឱ្យចេះគិតពិចារណាមុននឹងធ្វើការ Like, Share ឬ Comment ដោយត្រូវសួរខ្លួនឯងថា សកម្មភាពទាំងនោះជួយលើកកម្ពស់សង្គម ឬអាចបង្កផលប៉ះពាល់ដល់អ្នកដទៃកម្រិតណា។

សិក្ខាសាលានេះក៏បានគូសបញ្ជាក់ផងដែរថា យុវជនគឺជាកម្លាំងដ៏សំខាន់ក្នុងការកសាងវប្បធម៌ឌីជីថលប្រកបដោយសីលធម៌ និងការច្នៃប្រឌិត ខណៈបច្ចេកវិទ្យា និងបណ្តាញសង្គម អាចក្លាយជាឧបករណ៍ដ៏មានតម្លៃសម្រាប់ការអប់រំ និងលើកកម្ពស់វប្បធម៌ជាតិ ប្រសិនបើប្រើប្រាស់ដោយការទទួលខុសត្រូវ។

តាមរយៈការអំពាវនាវនេះ ក្រសួងព័ត៌មានបានស្នើឱ្យអ្នកសារព័ត៌មាន អ្នកផលិតមាតិកា អ្នកផ្សព្វផ្សាយពាណិជ្ជកម្ម និងអ្នកពាក់ព័ន្ធទាំងអស់ រួមគ្នាបង្កើតបរិយាកាសផ្សព្វផ្សាយដែលផ្តល់តម្លៃដល់ការអប់រំ ចំណេះដឹង និងវប្បធម៌ជាតិ ជៀសវាងមាតិកាដែលអាចបំពុលសង្គម ឬបន្ទាបតម្លៃសីលធម៌៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម