Connect with us

ព័ត៌មានជាតិ

​ទំហំផ្ទៃដីដាំដំឡូងមីទំនងថយចុះ​ ដោយសារបញ្ហាប្រឈមមួយចំនួន​

បានផុស

នៅ

លោក អិល ឈិញ ប្រធានសមាគម​កសិករ​ដំឡូងមីខ្មែរ ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៤ នេះថា ​ប្រជាកសិករក្នុងខេត្តឧត្តរមានជ័យ បានចាប់ផ្ដើមបង្ករបង្កើនផលដាំដំឡូង​មីឡើង​វិញ​ហើយនារដូវនេះ ​បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក អិល ឈិញ ​បានឱ្យដឹងថា ទំហំផ្ទៃដីដាំដុះនៅក្នុងខេត្តឧត្តរមានជ័យ​នៅឆ្នាំនេះ ​ទំនងមាន​ការ​ថយចុះ ដោយសារកន្លងមកអាកាសធាតុរាំងស្ងួតយូរ ​ធ្វើឱ្យងាប់ពូជ ​ហើយតម្លៃ​ដំឡូងមីធ្លាក់ចុះ​ធ្វើ​ឱ្យ​កសិករខាតបង់។​

​លោក អិល ឈិញ បញ្ជាក់ថា៖ «ផ្ទៃដីដាំដុះឆ្នាំនេះ ប្រហែលមានការថយចុះ ​ខ្ញុំធ្លាប់ដាំ ២០ ហិកតា ឆ្នាំនេះ នៅ​សល់​តែ១០ ហិកតាទេ»។

​បើតាមប្រធានសមាគមរូបនេះ ​បច្ចុប្បន្ន ​កសិករដាំដំឡូងមីបានប្រមាណ ៣០ ទៅ ៤០ ភាគរយក្នុងរយៈពេលដាំ ១០ ថ្ងៃកន្លងមក ខណៈអាកាស​ធាតុអំណោយផល​ល្អតាម​តំបន់ ​ប៉ុន្តែតំបន់ខ្លះក៏មានភ្លៀងធ្លាក់ខ្លាំង ធ្វើឱ្យដំណាំដាំលិច​ហូរដាច់រងរសាត់ដើម។

​ទិន្ន័យរបស់មន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យបង្ហាញថា ផ្ទៃដីដាំដំឡូងមី​នៅខេត្តឧត្តរមានជ័យ ​មានជាង ៧ ម៉ឺនហិកតា ខណៈមួយហិកតាទទួលបានទិន្នផលប្រមាណ ២០ តោន​។ ទីផ្សារនាំចេញដំឡូងមីកម្ពុជា ​មានប្រទេសថៃ និងប្រទេសវៀតណាម​។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅឆ្នាំ​២០២៣ កម្ពុជានាំចេញដំឡូងមីស្រស់ ដំឡូមីក្រៀម និងម្សៅដំឡូងមី សរុបជាង៣លានតោន។ ក្នុងនោះនាំចេញដំឡូងមីស្រស់ជិត ២ លាន​តោន (១ ៩៦១ ៣៧៥) កើនឡើង ២៦ ភាគរយ, ចំណិតដំឡូងមីក្រៀមមានចំនួនជាង ១ លានតោន (១ ២៨៩ ៧៣៩.០៤) ធ្លាក់ចុះ ៣៧.៦៤% និងម្សៅដំឡូងមីមានចំនួន ៣៦ ២៥៦.៨០តោន ធ្លាក់ចុះ៤៥.៣៩%៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម