Connect with us

ព័ត៌មានជាតិ

វេទិកាការងារនៅខេត្តឧត្តរមានជ័យ មានពលរដ្ឋជាង ១ ៤០០ នាក់ ចូលរួម ទទួលបានឱកាសការងារ និង ចុះឈ្មោះចូលរៀនជំនាញ

បានផុស

នៅ

អតីតពលករមកពីប្រទេសថៃ និង ប្រជាពលរដ្ឋ ប្រមាណជាង ១ ៤០០ នាក់ បានចូលរួម ទទួលបានឱកាសការងារ និង ចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសនៅក្នុងវេទិកាការងារ សន្តិសុខសង្គម និង បណ្តុះបណ្តាលវិជ្ជាជីវៈ ដែលធ្វើឡើងនៅខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី ៨-៩ ខែឧសភា ឆ្នាំ ២០២៦ ថ្មីៗ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់នៅថ្ងៃទី ១១ ខែឧសភា ថា វេទិកាការងារនេះ មានអតីតពលករខ្មែរមកពីប្រទេសថៃ និង ប្រជាពលរដ្ឋប្រមាណជាង ១ ៤០០ នាក់ បានអញ្ជើញចូលរួមស្វែងរកការងារធ្វើ ក៏ដូចជាស្វែងយល់បន្ថែមអំពីអត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គម និង ឱកាសចូលរៀនវគ្គបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ ដោយឥតគិតថ្លៃផងដែរ។

លោកបន្តថា ក្នុងឱកាសនោះ អតីតពលករមកពីប្រទេសថៃ និង ប្រជាពលរដ្ឋ បានចុះឈ្មោះចូលរៀនជំនាញសរុបចំនួន ២៦ នាក់ ចំណែកអ្នកជាប់ការងារសរុប ១៣២ នាក់ ពីក្រុមហ៊ុន រោងចក្រ សហគ្រាសធំៗ បានចុះទៅផ្សព្វផ្សាយឱកាសការងារ និង ជ្រើសរើសកម្លាំងពលកម្មដល់មូលដ្ឋាន។

លោក ស៊ុន មេសា សង្កត់ធ្ងន់ថា «ការបន្តចុះវេទិកាការងារនៅតាមខេត្តនេះ ជាការគិតគូររបស់រាជរដ្ឋាភិបាល ដែលមាន លោករដ្ឋមន្ត្រី ហេង សួរ ជាសេនាធិការ ក្នុងការផ្តល់ឱកាសការងារជូនដល់ពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីកែសម្រួលជីវភាពបន្ថែមទៀត ដូច្នេះ សូមប្រជាពលរដ្ឋ និង បងប្អូនអតីតពលករចូលរួមវេទិកាការងារនេះឲ្យបានច្រើនកុះករ»។

អ្នកនាំពាក្យរូបនេះ បានអំពាវនាវដល់អតីតពលករខ្មែរត្រឡប់មកពីប្រទេសថៃ និង ពលរដ្ឋខ្មែរ មិនបានចូលរួមវេទិកាការងារលើកនេះ សូមទាក់ទងទៅកាន់លេខ ១២៩៧ ដែលមានមន្ត្រីក្រសួងការងារនៅរង់ចាំទទួលទូរសព្ទ ៧ ថ្ងៃ ក្នុង ១ សប្តាហ៍ ដើម្បីទទួលបានឱកាសការងារ និង ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និង វិជ្ជាជីវៈ ដោយឥតគិតថ្លៃ។

សូមរំឭកផងដែរថា គិតមកដល់ពេលនេះ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវេទិកាការងារ សរុបចំនួន ៦០៣ លើក ដែលបានផ្តល់ឱកាសការងារដល់ពលរដ្ឋខ្មែរ និង អតីតពលករត្រឡប់មកពីប្រទេសថៃជាង ៦៥ ម៉ឺននាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម