Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តសៀមរាប ចាប់ផ្តើមទម្លាក់ស្លាកស្រាបៀរចុះ ដោយលើកស្លាករមណីយដ្ឋានទេសចរណ៍វិញ

បានផុស

នៅ

គិតចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ នៅចំណុចបណ្ដោយផ្លូវលោកតាណឺយ នៃក្រុងសៀមរាប ត្រូវបានអាជ្ញាធរខេត្តសៀមរាប សហការគ្នាចុះរុះរើស្លាកពាណិជ្ជកម្មស្រាបៀរ ដោយជំនួសមកវិញនូវស្លាកផ្សព្វផ្សាយពីរូបភាពក្នុងតំបន់ទេសចរណ៍ដូចជា ប្រាង្គប្រាសាទ តំបន់ទន្លសាប ជាដើម។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហាយ យង់ អភិបាលរងក្រុងសៀមរាប បានឱ្យដឹងនៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ នេះថា រដ្ឋបាលក្រុងសៀមរាប ក៏ដូចជារដ្ឋបាលខេត្តសៀមរាប និងមន្ត្រីជំនាញបានជួបប្រជុំជាមួយតំណាងក្រុមហ៊ុនស្រាបៀរផ្សេងៗរួចហើយ ដើម្បីផ្លាស់ប្តូរផ្ទាំងបាណូផ្សាយពាណិជ្ជកម្មស្រាបៀចេញពីតាមផ្លូវ ដោយដាក់ជំនួសវិញនូវរូបភាពនៅក្នុងតំបន់ទេសចរណ៍ដូចជា ប្រាង្គប្រាសាទ តំបន់ទន្លសាប ជាដើម។ លោកបន្តថា ចាប់ពីថ្ងៃទី០១ ខែសីហា នេះតទៅនឹងចុះប្តូរទាំងអស់ នៅក្រុងសៀមរាប មិនថាតែផ្លូវលោកតាណឺយនោះទេ។

ចំណែក លោក លី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាប បានប្រាប់កម្ពុជាថ្មី តាមតេលេក្រាមនារសៀលថ្ងៃទី០២ នេះថា អាជ្ញាធរខេត្តសៀមរាប បានផ្លាស់ប្ដូរផ្ទាំងប៉ាណូតាមការណែនាំរបស់ក្រសួងព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយនេះហើយ។ ចំពោះ ប៉ាណូសាធារណៈ គឺបានរៀបចំផ្លាស់ប្ដូរហើយ រីឯក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណផ្សព្វផ្សាយ លោកបានចរចាជាមួយនឹងក្រុមហ៊ុនស្រាបៀរដែលបានស្នើផ្សព្វផ្សាយនោះ ហើយក្រុមហ៊ុនទាំងនោះ កំពុងរៀបចំដោះដូរ។ បច្ចុប្បន្ន ក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណកំពុងរកផ្ទាំងទេសភាពមកដាក់ជាបណ្តោះអាសន្នសិន ទម្រាំរកបានក្រុមហ៊ុនផ្សេងៗ ដើម្បីយកមកដាក់លើផ្ទាំងប៉ាណូនោះវិញ។

គួររម្លឹកដែរថា កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានប្រកាសផ្តល់គោលការណ៍ឱ្យរដ្ឋបាលខេត្តទាំងអស់ពិនិត្យសើរើមើលឡើងវិញ នូវរាល់ឯកសារដែលបានព្រមព្រៀងជាមួយក្រុមហ៊ុនផលិត និងលក់ចែកចាយគ្រឿងស្រវឹង។ ការចេញវិធានការនេះ គឺដើម្បីឈានទៅបិទបញ្ចប់ការផ្សព្វផ្សាយគ្រឿងស្រវឹងតាមទីសាធារណៈនៅទូទាំងប្រទេស ដើម្បីឱ្យពលរដ្ឋខ្មែររួចផុតពីគ្រោះថ្នាក់សុខភាព និងគ្រោះថ្នាក់សង្គមជាតិ៕

ដោយ៖ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម