ព័ត៌មានជាតិ
យុវជនក្រីក្រ និងងាយរងហានិភ័យជាង ៥ ម៉ឺននាក់ បានចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ
គិតត្រឹមថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៤ នេះ មានអ្នកចុះឈ្មោះចូលរៀនកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដោយឥតគិតថ្លៃ ប្រមាណជាង ៥ ម៉ឺននាក់ ក្នុងនោះមានសិស្សកំពុងសិក្សាជាង ២ ម៉ឺន ៣ ពាន់នាក់ សិស្សបញ្ចប់ការសិក្សាជិត ៤ ពាន់នាក់ ក្នុងនោះសិស្សមានការងារធ្វើជាង ១ ៧០០ នាក់។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ២១ សីហា នេះថា កម្មវិធីបណ្ដុះបណ្ដាលយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យប្រមាណ ១ លាន ៥ សែននាក់ នេះ ត្រូវបានរាជរដ្ឋាភិបាលប្រកាសបើកជាផ្លូវការ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ និងបានបើកវគ្គបណ្ដុះបណ្ដាលវគ្គទី ១ កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ ហើយគិតត្រឹមថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៤ នេះ មានអ្នកចុះឈ្មោះចូលរៀនចំនួន ៥២ ៤០៦ នាក់, សិស្សកំពុងសិក្សាចំនួន ២៣ ២១៦ នាក់ (មានបណ្ណសមធម៌ ឬបណ្ណងាយរងហានិភ័យចំនួន ៩ ៣៩៩ នាក់) និងសិស្សបានបញ្ចប់ការសិក្សាមានចំនួន ៣ ៩១១ នាក់ (មានបណ្ណសមធម៌ ឬបណ្ណងាយរងហានិភ័យចំនួន ១ ៩១៣ នាក់) ក្នុងនោះ សិស្សបានចុះកម្មសិក្សាមានចំនួន ៤ ២៦១ នាក់ (មានបណ្ណសមធម៌ ឬបណ្ណងាយរងហានិភ័យចំនួន ២១៤៥ នាក់) ហើយទទួលបានការងារធ្វើមានចំនួន ១ ៧៣៨ នាក់ (មានបណ្ណសមធម៌ ឬបណ្ណងាយរងហានិភ័យចំនួន ៨៨៧ នាក់)។
លោក កត្តា អ៊ន បានអំពាវនាវដល់យុវជនមកពីគ្រួសារក្រីក្រ និងយុវជនមកពីគ្រួសារងាយរងហានិភ័យ និងយុវជនទូទៅ ចុះឈ្មោះចូលរៀនជំនាញឱ្យបានច្រើនបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ នាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។ ចំពោះយុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ ចូលរៀនមិនត្រឹមតែអត់គិតថ្លៃប៉ុណ្ណោះទេ ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រមាណ ២៨ ម៉ឺនរៀល សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃពេលកំពុងសិក្សា ៤ ខែ ទៀតផង។ រីឯយុវជនមកពីគ្រួសារធម្មតា ក៏អាចចូលសិក្សាដោយឥតគិតថ្លៃដែរ តែមិនទទួលបានប្រាក់ឧបត្ថម្ភដូចយុវជនគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនោះទេ។

លោកបានបន្ថែមថា ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត ក្រសួងបានរៀបចំវិស័យចំនួន ១០ និងជំនាញអាទិភាពចំនួន ៤៥ មុខជំនាញ ដើម្បីឱ្យប្រជាពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត និងអាចប្រកបមុខរបរការងារសម្រាប់ចិញ្ចឹមជីវិតដែលជំនាញទាំងនោះរួមមានការដំឡើងដំបូល ,ការថែទាំ និងជួសជុលទោចក្រយានយន្ត,ការថែទាំ និងជួសជុលម៉ាស៊ីនធុនតូច,ការដំឡើង និងថែទាំបណ្ដាញកុំព្យូទ័រ,ការដំឡើង និងអនុវត្តបច្ចេកវិទ្យាឌីជីថល,ការងារការិយាល័យជួរមុខ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ,សំណង់ អគ្គិសនី និងថាមពល ,អេឡិចត្រូនិក , កម្មន្តសាល, មេកានិចទូទៅ/មេកានិចរថយន្ត , ធុរកិច្ច និងព័ត៌មានវិទ្យា, សេវាកម្ម , បរិក្ខារត្រជាក់ និងកម្តៅ ,ទេសចរណ៍ , និងកសិកម្មនិង កសិ-ឧស្សាហកម្ម៕
អត្ថបទ ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


