ព័ត៌មានជាតិ
ត្រឹមថ្ងៃទី ២៤ មិថុនានេះ មានយុវជនក្រីក្រ និងងាយរងហានិភ័យជិត ១៣ ម៉ឺននាក់ ចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ
គិតត្រឹមថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៥ នេះ មានយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជិត ១៣ ម៉ឺននាក់ បានចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃពីរាជរដ្ឋាភិបាល ក្នុងនោះមានជាង ២ ម៉ឺននាក់ បានបញ្ចប់ការសិក្សា និងទទួលបានការងារធ្វើ។

នៅក្នុងពិធីប្រកាសបើកវគ្គវិក្រឹតការគ្រូបច្ចេកទេស លើកទី ៣ ស្តីពី“វិធីសាស្ត្របង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ” ដើម្បីគាំទ្រកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅសួនអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ រាជធានីភ្នំពេញ នាថ្ងៃទី ២៥ មិថុនា នេះ លោកបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ បានឱ្យដឹងថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ”សម្រាប់គោលដៅ ចំនួន ១,៥ លាននាក់ លើកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ ដោយមិនបង់ថ្លៃសិក្សា និងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ ដែល សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ ឱ្យទទួលបានចុះឈ្មោះចូលរៀនពីសំណាក់យុវជន សិស្ស និស្សិត បុគ្គល នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកម្មករ-និយោជិត ដើម្បីទទួលបានជំនាញមួយពិតប្រាកដ ដែលអាចយកទៅបង្កើតមុខរបរផ្ទាល់ខ្លួន ឬចូលបម្រើការងារនៅតាមសហគ្រាស គ្រឹះស្ថាននានា ដែលធ្វើឱ្យពួកគាត់មានជីវភាពល្អប្រសើរឡើង ដោយរក្សាបាននូវស្ថិរភាពការងារ កំណើន ផលិតភាព ប្រាក់ចំណូលសមរម្យ លក្ខខណ្ឌការងារល្អប្រសើរ និងចាកផុតពីបន្ទាត់ នៃភាពក្រីក្រ ព្រមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រទី ៣ របស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រក្នុងអត្រាទាបជាង ១០% និងទម្លាក់អត្រា នៃភាពក្រីក្រឱ្យស្ថិតនៅក្នុងកម្រិតអប្បបរមា។

លោកបណ្ឌិតបានបន្តថា ជាលទ្ធផល គិតត្រឹមថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៥ នេះ ការអនុវត្តកម្មវិធី ទទួលបាននូវលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ ដោយមានសិស្សចុះឈ្មោះចូលរៀនសរុបចំនួន ១២៩,២៧៥ នាក់ (ស្រី ៥៥,១៥៧ នាក់) , សិស្សកំពុងរៀនចំនួន ៣៦,៤៧៧ នាក់ (ស្រី ១៧,៦២២ នាក់) , សិស្សបានបញ្ចប់ការសិក្សាសរុបចំនួន ៤៦,១២០ នាក់ (ស្រី ១៩,១៣៥ នាក់) , សិស្សចុះកម្មសិក្សាសរុបចំនួន ៣៧,០៩៩ នាក់ (ស្រី ១៨,០៨៤ នាក់) និងសិស្សទទួលបានការងារធ្វើសរុបចំនួន ២២,១០៨ នាក់ (ស្រី ៩៤,៦១ នាក់)។

លោកបណ្ឌិតបានបន្តថា លទ្ធផលនេះបាននិងកំពុងបង្ហាញនូវការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាល និងបាន ស.បញ្ជាក់ឱ្យឃើញពីសាមគ្គីភាពរបស់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងភាគីពាក់ព័ន្ធ ដែលបានចូលរួមអនុវត្តនូវបេសកកម្មដ៏មុតស្រួចនេះ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងបុរេសកម្មក្នុងការអនុវត្ត ក្នុងគោលបំណងដើម្បីផលិតធនធានមនុស្ស និងអភិវឌ្ឍន៍កម្លាំងពលកម្មឱ្យមានចំណេះដឹង ជំនាញ សមត្ថភាព គុណធម៌ សីលធម៌ ចរិយាមារយាទ មនសិការវិជ្ជាជីវៈ ស្មារតីទទួលខុសត្រូវសហគ្រិនភាព មានផលិតភាព ការប្រកួតប្រជែងខ្ពស់ មានភាពធន់ បត់បែន អាចឆ្លើយតបតាមតម្រូវការ នៃការវិវត្តន៍យ៉ាងឆាប់រហ័ស នៃមូលដ្ឋានសេដ្ឋកិច្ច ឧស្សាហកម្ម បច្ចេកវិទ្យាឌីជីថល ស្របតាមការតម្រង់ទិសគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ នេះ។

គួរបញ្ជាក់ថា យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចូលរៀនកម្មវិធីបណ្ដុះបណ្ដាលយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យប្រមាណ ១ លាន ៥ សែននាក់ នេះ មិនត្រឹមតែចូលរៀនដោយឥតគិតថ្លៃប៉ុណ្ណោះទេ ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រមាណ ២៨ ម៉ឺនរៀល សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃពេលកំពុងសិក្សា ៤ ខែ ទៀតផង។ រីឯយុវជនមកពីគ្រួសារទូទៅ ក៏អាចចូលសិក្សាដោយឥតគិតថ្លៃដែរ តែមិនទទួលបានប្រាក់ឧបត្ថម្ភដូចយុវជនគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនោះទេ៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២២ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


