ព័ត៌មានជាតិ
ក្រសួងការងារ ពង្រីកមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាព កើនឡើង ១៣ កន្លែង ដើម្បីសម្រួលដល់អ្នកជំនាញមកធ្វើតេស្ត
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានពង្រីកមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពកើនឡើងដល់ ១៣ កន្លែងហើយ នៅទូទាំងប្រទេស ដើម្បីជួយសម្រួលដល់អ្នកមានជំនាញបច្ចេកទេសកំពុងបម្រើការងារនៅតាមរោងចក្រសហគ្រាស ឬ យានដ្ឋាននានា ដែលមិនបានឆ្លងកាត់សាលាបណ្ដុះបណ្ដាល មកដាក់ពាក្យធ្វើតេស្ត ដើម្បីទទួលបានសញ្ញាបត្រក្លាយជាអ្នកជំនាញពិតប្រាកដសម្រាប់បំពេញការងារ។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅថ្ងៃទី ១៨ កញ្ញា នេះថា មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពនេះបានបង្កើតឡើងនៅខែមីនា ឆ្នាំ ២០២៤ ថ្មីៗ នេះ សម្រាប់ធ្វើតេស្តដល់អ្នកដែលមានជំនាញកំពុងធ្វើការនៅតាមក្រុមហ៊ុនរោងចក្រសហគ្រាស ឬយានដ្ឋាននានា ដែលមិនបានឆ្លងកាត់ការបណ្តុះបណ្តាលនៅតាមសាលា តែពួកគាត់មានបទពិសោធជាច្រើនឆ្នាំលើជំនាញវិជ្ជាជីវៈ។
លោកបានបន្តថា សញ្ញាបត្រនេះមានតម្លៃស្មើនឹងសញ្ញាបត្រដែលសាលាបណ្តុះបណ្តាលនីមួយៗ ដែរ ហើយបេក្ខជនអាចយកទៅប្រើប្រាស់សម្រាប់បំពេញការងារផ្សេងៗ ទៅតាមតម្រូវការ។

លោក កត្តា អ៊ន បានបន្ថែមថា រហូតមកដល់ពេលនេះ ក្រសួងការងារ បានពង្រីកមជ្ឈមណ្ឌលនេះបានចំនួន ១៣ កន្លែង ក្នុងនោះរួមមានមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពព្រះកុសុមៈ មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពអង្គរ មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពតាកែវ មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពបាត់ដំបង មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពក្រចេះ មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពកំពត មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពសៀមរាប មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពស្វាយរៀង មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពនៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម និងមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាព វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ជាដើម ដោយមានអ្នកចុះឈ្មោះធ្វើតេស្តចំនួន ៣ ០៤១ នាក់។
លោក កត្តា អ៊ន បានបញ្ជាក់ថា ការវាយតម្លៃសមត្ថភាពសម្រាប់អ្នកមានជំនាញមិនធ្លាប់ឆ្លងកាត់សាលានេះ ពិតជាមានសារសំខាន់ណាស់ ព្រោះថាពួកគាត់មិនត្រឹមតែមានការទទួលស្គាល់ត្រឹមត្រូវដោយក្រសួងប៉ុណ្ណោះទេ គាត់អាចរៀនជំនាញនេះបន្ថែមទៀត ដើម្បីទទួលបានកម្រិតបណ្តុះបណ្តាលខ្ពស់ជាងមុន ទទួលបានប្រាក់ខែខ្ពស់ជាងមុនផងដែរ។

លោក កត្តា អ៊ន បានលើកទឹកចិត្តដល់អ្នកមានជំនាញបច្ចេកទេសកំពុងប្រើការងារនៅតាមរោងចក្រសហគ្រាស ឬ យានដ្ឋាននានា ដែលមិនបានឆ្លងកាត់សាលាបណ្តុះបណ្តាល អញ្ជើញមកដាក់ពាក្យធ្វើតេស្តដោយឥតគិតថ្លៃនៅមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាព ដើម្បីទទួលបានសញ្ញាបត្រក្លាយជាអ្នកជំនាញពិតប្រាកដសម្រាប់បំពេញការងារ៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


