ព័ត៌មានជាតិ
ក្រសួងការងារ ដាក់ចេញយន្តការមួយចំនួនដោះស្រាយវិវាទការងារ ក្រៅប្រព័ន្ធតុលាការ ឱ្យកាន់តែមានប្រសិទ្ធភាព
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ចេញយន្តការមួយចំនួន ដើម្បីដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ខណៈឆ្នាំ ២០២៤ កន្លងទៅ បានដោះស្រាយវិវាទការងារជាង ១ ៥០០ ករណី។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ២៥ មេសា នេះថា យន្តការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការរួមមាន ការប្រើប្រាស់នូវវិធីសាស្ត្រ នៃការចរចា ការសម្របសម្រួល ការផ្សះផ្សា គឺជាយន្តការមួយដើម្បីជួយបង្កើននូវកិច្ចសន្ទនារវាងភាគីវិវាទមានឱកាសក្នុងការស្វែងយល់អំពីកង្វល់ បញ្ហាប្រឈម និងផលប្រយោជន៍រៀងៗ ខ្លួន។ កាត់បន្ថយភាពតានតឹងរវាងភាគីវិវាទ រក្សាបាននូវទំនាក់ទំនងល្អរវាងកម្មករ-និយោជិត និងនិយោជក រក្សាបាននូវភាពជាម្ចាស់ នៃដំណោះស្រាយនៅក្នុងវិវាទ ដោយភាគីវិវាទអាចបង្កើតនូវវិធាន និងនីតិវិធីដោះស្រាយផ្ទាល់ខ្លួន ដើម្បីទទួលបាននូវដំណោះស្រាយឈ្នះ-ឈ្នះ បង្ហាញនូវការខិតខំប្រឹងប្រែងដោយភាពស្មោះត្រង់ និងប្រកបដោយមនសិការ ព្រមទាំងចំណេញពេលវេលា និងថវិកាទៀតផង។

លោក កត្តា អ៊ន បានបន្តថា ក្រៅពីនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំកិច្ចពិគ្រោះយោបល់ជាបន្តបន្ទាប់ជាមួយអន្តរក្រសួង ដៃគូសង្គម និងភាគីពាក់ព័ន្ធ រួមទាំងក្រុមប្រឹក្សាអាជ្ញាកណ្ដាល មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងអង្គការអន្តរជាតិខាងការងារ (ILO)។

លោក កត្តា អ៊ន បានបន្តទៀតថា យ៉ាងណាក៏ដោយ ក្រសួងការងារ សូមស្វាគមន៍រាល់កិច្ចសហប្រតិបត្តិការជាមួយគ្រប់ដៃគូពាក់ព័ន្ធ ដើម្បីផ្លាស់ប្ដូរបទពិសោធ ចំណេះដឹង មតិយោបល់ និងស្វែងរកដំណោះស្រាយទាន់ពេលវេលា និងមានប្រសិទ្ធភាព សម្រាប់បញ្ហាទាំងឡាយស្របតាមតួនាទីភារកិច្ចរបស់ក្រសួងការងារ និងសូមស្វាគមន៍រាល់សកម្មភាពរួមគ្នា ដើម្បីជាប្រយោជន៍ជូនដល់កម្មករ-និយោជិត និងសង្គមទាំងមូល ដោយប្រើប្រាស់កិច្ចសន្ទនាសង្គម និងយន្តការត្រីភាគីក្នុងការអភិវឌ្ឍសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ដែលធ្វើឱ្យសហគ្រាសមួយក្លាយជាសហគមន៍សុខសាន្តមួយ។
លោក កត្តា អ៊ន បានបញ្ជាក់ថា ឆ្នាំ ២០២៤ កន្លងទៅ ក្រសួងការងារ បានដោះស្រាយវិវាទការងារសរុបចំនួន ១ ៥៧០ ករណី ក្នុងនោះ សះជាចំនួន ១ ៣៤៤ ករណី (ស្មើនឹង ៨៥,៦១%) មិនសះជាចំនួន ១៥៧ ករណី (ស្មើនឹង ១០%) និងមោឃៈចំនួន ៦៩ ករណី (ស្មើនឹង ៤,៣៩%) ក្នុងចំណោមវិវាទការងារសរុបមានវិវាទបុគ្គលចំនួន ១ ៣៥៧ ករណី (ស្មើនឹង ៨៦,៤៣%) និងវិវាទការងាររួម មានចំនួន ២១៣ ករណី (ស្មើនឹង ១៣,៥៧%)។
លោក កត្តា អ៊ន បានបន្ថែមទៀតថា អត្រាសះជា នៃការដោះស្រាយវិវាទការងាររួមទាំងនៅកម្រិតមន្ត្រីផ្សះផ្សា និងក្រុមប្រឹក្សាអាជ្ញាកណ្ដាល ចំនួន ៨៧,៣២% ដែលនេះបង្ហាញពីភាពល្អប្រសើរ នៃការកែសម្រួលយន្តការដោះស្រាយវិវាទការងាររបស់ ក្រសួង ព្រមទាំងការយល់ដឹងរបស់អ្នកពាក់ព័ន្ធក្នុងការដោះស្រាយវិវាទ ដែលធ្វើឱ្យអត្រាសះជាមានកម្រិតខ្ពស់៕
អត្ថបទ ៖ សំអឿន
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


