ព័ត៌មានជាតិ
អគ្គនាយករង ប.ស.ស ៖ ត្រឹមសប្ដាហ៍ទី ៣ ខែមេសា សមាជិក ប.ស.ស កើនឡើងជាង ៣ លាននាក់
អគ្គនាយករង ប.ស.ស បានឱ្យដឹងថា គិតត្រឹមសប្ដាហ៍ទី ៣ ខែមេសា ឆ្នាំ ២០២៥ នេះ សមាជិក ប.ស.ស បានកើនឡើងដល់ជាង ៣ លាននាក់ហើយ ក្នុងនោះ បុគ្គលដែលស្ថិតក្នុងវិស័យឯកជនមានច្រើនជាងគេរហូតដល់ទៅជាង ១ លាន ៨ សែននាក់។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ២២ មេសា នេះថា គិតមកត្រឹមសប្ដាហ៍ទី ៣ ខែមេសា ឆ្នាំ ២០២៥ នេះ សមាជិក ប.ស.ស បានកើនឡើងដល់ ៣ ០៥៥ ៣៤៨ នាក់ ស្រី ១ ៦៨៥ ៤៥៦ នាក់ ក្នុងនោះ បុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈចំនួន ៥០៦ ០៦៥ នាក់ ស្រី ១៤៩ ៤១៥ នាក់ បុគ្គលស្ថិតក្នុងវិស័យឯកជន ចំនួន ១ ៨៦៦ ០៦៥ នាក់ ស្រី ១ ១២៦ ១៨៩ នាក់ បុគ្គលស្វ័យនិយោជន៍ចំនួន ៤៩៩ ៥៩៣ នាក់ ស្រី ៣០៤ ០៨២ នាក់ និងអ្នកក្នុងបន្ទុក ១៨៣ ៦២៥ នាក់ ស្រី ១០៥ ៧៧០ នាក់។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ការកើនឡើង នៃចំនួនសមាជិក ប.ស.ស ជាបន្តបន្ទាប់នេះ ដោយសារប្រជាពលរដ្ឋមានជំនឿទុកចិត្តមកលើសេវា ប.ស.ស និងយល់ដឹងពីអត្ថប្រយោជន៍ផ្សេងៗ ព្រោះថាមានប័ណ្ណ ប.ស.ស ជួយសម្រាលបន្ទុកក្នុងគ្រួសារបានយ៉ាងច្រើននៅពេលទៅពិគ្រោះ និងព្យាបាលជំងឺផ្សេងៗ នៅតាមមូលដ្ឋានសុខាភិបាលជាដៃគូជាមួយ ប.ស.ស ដោយសាររាល់ការចំណាយគឺជាបន្ទុករបស់ប.ស.ស។

លោក កត្តា អ៊ន បានរំលឹកថា ចាប់តាំងពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅនេះ ក្រុមការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននិងកំពុងចុះផ្សព្វផ្សាយតាមរាជធានី-ខេត្ត និងចុះយុទ្ធនាការផ្ទាល់តាមរោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និងទីប្រជុំជនយ៉ាងសកម្មនៅរាជធានី-ខេត្ត ទូទាំងប្រទេស រួមនឹងការផ្សព្វផ្សាយតាមបណ្ដាញសង្គមផ្លូវការ Facebook , Telegram , YouTube , TikTok និងតាមបណ្ដាញសង្គមរបស់សិល្បករ តារាចម្រៀង និងអ្នកមានប្រជាប្រិយភាពក្នុងបណ្ដាញសង្គមយ៉ាងផុសផុល។

បន្ថែមពីនេះ បេឡាជាតិសន្តិសុខសង្គម ក៏ទទួលកុមារចូលជាសមាជិកផងដែរ ដោយទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា ការព្យាបាល និងថែទាំវេជ្ជសាស្ត្រ ដោយឥតគិតថ្លៃ នៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស ទូទាំងប្រទេស ទាំងមន្ទីរពេទ្យសាធារណៈ និងឯកជន ក្នុងនោះដែរ ប្រសិនបើកុមារជួបគ្រោះថ្នាក់ និងជំងឺជាអកុសលរហូតដល់ស្លាប់បាត់បង់ជីវិត បេឡាជាតិសន្តិសុខសង្គម នឹងផ្តល់ប្រាក់វិភាជន៍បូជាសពផងដែរ។

លោក កត្តា អ៊ន បានបញ្ជាក់ថា ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពលើកុមារ គឺជាការគិតគូរដល់សុខុមាលភាពរបស់កុមារ ជាពិសេសជួយឱ្យសុខភាពរបស់កុមារល្អប្រសើរជាងមុន ដែលអាចជួយទៅដល់ធនធានមនុស្សប្រកបដោយសក្ដានុពលភាពនាពេលអនាគត៕
អត្ថបទ ៖ សំអឿន


-
កីឡា១៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ២០ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ២០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានជាតិ១០ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


