ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាលណែនាំឲ្យមន្ត្រីត្រូវស្វែងយល់ការប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងការថែទាំព្យាបាលសុខភាព
លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលទាំងអស់ត្រូវសិក្សាស្វែងយល់បន្ថែមពីការប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងការថែទាំព្យាបាលសុខភាពប្រកបដោយក្រមសីលធម៌ ប្រសិទ្ធភាព និងប្រកបដោយបរិយាបន្ន។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពី “ភាពជាអ្នកដឹកនាំ និងភាពច្នៃប្រឌិតក្នុងការថែទាំសុខភាព និន្នាការសុខភាពនាថ្ងៃអនាគត និងការកំណត់អាទិភាព” កាលពីថ្ងៃទី១៦មករា នៅសណ្ឋាគារភ្នំពេញ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា «ការឱបក្រសោបបច្ចេកវិទ្យាយកមកប្រើប្រាស់ដែលឧបករណ៍ ដូចជាបញ្ញាសិប្បនិម្មិត កំពុងតែផ្លាស់ប្តូរការថែទាំព្យាបាលសុខភាពដោយអ្នកដឹកនាំត្រូវតែស្វែងយល់បន្ថែមដើម្បីធានាឱ្យបានថា បច្ចេកវិទ្យាទាំងនេះត្រូវបានប្រើប្រាស់ប្រកបដោយក្រមសីលធម៌ ប្រសិទ្ធភាព និងប្រកបដោយបរិយាបន្ន និងជំរុញឱ្យផ្នែកពាក់ព័ន្ធទាំងអស់ប្រើប្រាស់ទិន្នន័យដែលប្រមូលបានពីបច្ចេកវិទ្យានេះមកប្រើប្រាស់ឱ្យអស់លទ្ធភាពសម្រាប់ជាប្រយោជន៍ ដល់ប្រជាជនកម្ពុជា និងសម្រាប់មនុស្សជាតិ»។

លោករដ្ឋមន្ត្រីបានបន្តថា ជាមួយគ្នានេះត្រូវផ្តល់អាទិភាពដល់សមធម៌ដើម្បីឱ្យមាននិរន្តរភាពយូរអង្វែងក្នុងពេលអនាគតដោយត្រូវខិតខំដោះស្រាយបញ្ហាវិសមភាពក្នុងការទទួលបាននូវសេវាថែទាំ ព្យាបាលសុខភាព និងធានាថា ប្រជាពលរដ្ឋទាំងអស់ទទួលបានអត្ថប្រយោជន៍ពីការរីកចម្រើនទាំងនោះ។
លើសពីនេះត្រូវកសាងភាពធន់ដោយ អ្នកដឹកនាំត្រូវផ្តល់អាទិភាព ដល់សុខុមាលភាពរបស់មន្រ្តីបុគ្គលិកសុខាភិបាល និងរៀបចំនូវប្រព័ន្ធសុខាភិបាលមួយដែលមានភាពធន់ទៅនឹងកត្តាប្រឈមនានាដែលអាចកើតមាននាពេលអនាគត។ ទន្ទឹមនឹងនោះដែរការច្នៃប្រឌិតមិនមែនទាមទារត្រឹមតែឧបករណ៍ថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែទាមទារនូវផ្នត់គំនិតនៃការកែលម្អជាប្រចាំ និងកិច្ចសហប្រតិបត្តិការគ្នា។ លោករដ្ឋមន្ត្រីបានបន្តទៀតថា «អ្នកដឹកនាំ ត្រូវតែមានភាពបុរេសកម្ម និងនវានុវត្តន៍គិតមុនគ្រប់ជំហានទើបមានការរីកចម្រើន និងជឿនលឿន»។

នៅក្នុងឱកាសនោះលោករដ្ឋមន្ត្រីបានកោតសរសើរចំពោះសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលបានសហការជាមួយមហាវិទ្យាល័យសុខភាពសាធារណៈ Saw Swee Hock នៃសាកលវិទ្យាល័យជាតិសិង្ហបុរី រៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះក្នុងការពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាលរបស់យើងដើម្បីបន្តពង្រឹងគុណភាពសេវាសុខាភិបាល ប្រកបដោយភាពនវានុវត្តន៍ និងបុរេសកម្ម។

លោករដ្ឋមន្រ្តី បានគូសរំលេចនូវពាក្យគន្លឹះចំនួន ៤ជូនដល់អង្គសិក្ខាសាលាសម្រាប់វិស័យសុខាភិបាល គឺ ១) Leadership ដោយអ្នកដឹកនាំ ត្រូវមានការពន្យល់ ការចូលរួម មានឆន្ទៈ ការសហការគ្រប់ផ្នែក និងភាគីពាក់ព័ន្ធ យុទ្ធសាស្រ្តសម្របសម្រួល និងឆ្លើយតបនឹងតម្រូវការពាក់ព័ន្ធ ជាពិសេសក្រមសីលធម៌ ដល់អ្នកប្រើប្រាស់សេវា។ ២) Innovation ជាការធ្វើទំនើបកម្ម ការស្រាវជ្រាវថ្មីៗ ដើម្បីទទួលបានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។ ៣) Future ត្រូវគិតគូរអំពីសុខភាពមនុស្សចាស់ ជំងឺរ៉ាំរ៉ៃ ជំងឺមិនឆ្លង ការគាំពារសង្គម សុខភាពផ្លូវចិត្ត និងត្រៀមលក្ខណៈទប់ស្កាត់ជំងឺឆ្លងនាពេលខាងមុខ។ និង៤) Priority ការរៀបចំផែនការ ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស ហិរញ្ញវត្ថុ សម្ភារៈ និងនិរន្តរភាពនាពេលអនាគតប្រកបដោយសមធម៌ និងត្រូវមានទិន្នន័យ ស្ថិតិតាមបែប Digital Health ជារឿងសំខាន់។

លោករដ្ឋមន្រ្តី បានស្នើសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បន្តកិច្ចសហការជាមួយសាកលវិទ្យាល័យជាតិសិង្ហបុរី
រហូតឈានដល់ការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រទេស ដោយត្រូវតម្កល់ជាប្រព័ន្ធ Structure និងនវានុវត្តន៍ ដើម្បីចារឹកជាក្បួនខ្នាតទៅអនាគត នូវអ្វីដែលធ្វើបានល្អ និងសម្រាប់អ្នកបន្តវេនជំនាន់ក្រោយ។
លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានគោរពថ្លែងអំណរគុណចំពោះការផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញចូលរួមរបស់
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលជាសក្ខីភាពបញ្ជាក់ពីការយកចិត្តទុកដាក់ និងការផ្តល់អាទិភាពខ្ពស់ដល់ការងារបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាល។

គួរបញ្ជាក់ថា សិក្ខាសាលាដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ នៅថ្ងៃទី១៦ និងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ រៀបចំឡើងដោយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលសហការជាមួយមហាវិទ្យាល័យសុខភាពសាធារណៈ Saw Swee Hock នៃសាកលវិទ្យាល័យជាតិសិង្ហបុរី ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល នាយកដ្ឋាន មន្ទីរពេទ្យជាតិ វិទ្យាស្ថានជាតិ និងមជ្ឈមណ្ឌលជាតិ មន្ទីរសុខាភិបាល សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
និងសាកលវិទ្យាល័យជាតិសិង្ហបុរី ចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធនិមិត្ត Zoomសរុបជាង ២០០រូប៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


