ព័ត៌មានជាតិ
ក្រសួងអំពាវនាវអាជ្ញាធររាជធានី ខេត្ត ចូលរួមទប់ស្កាត់ជំងឺជំងឺគ្រុនឈាមចៀសវាងផ្ទុះរាតត្បាតទ្រង់ ទ្រាយធំក្នុងសហគមន៍
ក្រសួងសុខាភិបាល បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជ្ញាមូលដ្ឋានសហការជាមួយក្រុមការងារមន្ទីរសុខាភិបាលរាជធានី ខេត្ត ចូលរួមទប់ស្កាត់ជំងឺគ្រុនឈាមឱ្យមានប្រសិទ្ធភាព ដើម្បីចៀសវាងការផ្ទុះរាតត្បាត ទ្រង់ទ្រាយធំក្នុងសហគមន៍។

នៅក្នុងសេចក្តីណែនាំក្រើនរំលឹកស្តីពីការប្រុងប្រយ័ត្ន និងការបង្ការការចម្លងជំងឺគ្រុនឈាមនាដើមឆ្នាំ២០២៥ ចុះកាលពីយប់ថ្ងៃទី០៤កុម្ភៈបានឱ្យដឹងថា ការប្រែប្រួលអាកាសធាតុផ្តល់លទ្ធភាព ក្នុងការបង្កាត់ពូជ ការកកើតមូស និងបំលាស់ទីនៃមូស រួមជាមួយ និងនិន្នាការនៃកើនឡើងចំនួនមូសដែលភាគច្រើនបំផុតជាប្រភេទមូសអង្កាម ក្នុងអំឡុងពេលរដូវប្រាំងគិតចាប់ពីខែវិច្ឆិកា រហូតដល់ខែមេសា។ រដូវប្រាំង រំហូរប្រព័ន្ធលូបង្ហូរទឹកខ្សោយ ឬស្ទះដក់ទឹកក្លិនស្អុយតាមថ្លុកដក់ទឹកស្អុយ ឬវត្ថុដក់ទឹកយូរមានក្លិនស្អុយដែលក្លាយជាជម្រកសម្រាប់មូសអង្កាមរស់នៅ និងបង្កបង្កើតកូនចៅនៅកន្លែងដែលមានទឹកដក់ក្លិនស្អុយ។
ក្រសួងសុខាភិបាលបានបន្តថា ទោះជាយ៉ាងណាក៏ដោយក្នុងរដូវប្រាំងនេះក៏មានវត្តមានមូសខ្លាខ្លះៗ នៅតាមពាង
អាង ធុងដាក់ទឹកប្រើប្រាស់ ទឹកថូផ្កា ចានទ្រជើងតុ ទូ ក្រឡ និងពែង ដែលបង្កើតជាប្រភពដក់ទឹក និងជម្រកសត្វមូស។

ក្រុមការងារឆ្លើយតបរបស់ក្រសួងសុខាភិបាលបាននិងកំពុងផ្តល់អន្តរាគមន៍ឆ្លើយតបដោយសហការជាមួយក្រុមការងារមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ តាមដាន ស្ថានភាពជំងឺបង្កដោយមូស
និងស្ថានភាពមូស ធ្វើការបាញ់ថ្នាំសំលាប់មូស ផ្សព្វផ្សាយសារអប់រំសុខភាព និងចលនាសហគមន៍ចូលរួមលុបបំបាត់ប្រភពកកើតមូសនារដូវក្តៅនេះ ដែលដើរតួជាមូសអង្កាម ដែលចូលចិត្តរស់នៅតាមទឹកស្អុយ ពិសេសទឹកលូស្អុយ។
ក្រសួងសុខាភិបាលសូមក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តប្រុងប្រយ័ត្នប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ បង្ការការឆ្លងជំងឺ គ្រុនឈាម និងដើម្បីចូលរួមទប់ស្កាត់ការផ្ទុះឡើងនូវជំងឺគ្រុនឈាមទ្រង់ទ្រាយធំក្នុងសហគមន៍ប្រកបដោយ ប្រសិទ្ធភាព ដោយចូលរួមចលនាកាត់បន្ថយ និងទប់ស្កាត់ការកកើតសត្វមូស ស្របនឹងពាក្យស្លោក «ខ្ញុំ និងគ្រួសារខ្ញុំ ជាគ្រួសារគំរូ ព្រោះផ្ទះខ្ញុំគ្មានដង្កូវទឹក» ។
ក្រសួងសុខាភិបាលបានណែនាំម្ចាស់ផ្ទះ ឬម្ចាស់អាជីវកម្មនានាត្រូវធានាឱ្យបានថា ប្រព័ន្ធលូបង្ហូរទឹកមិនមានការស្ទះ ដែលអាចបង្កឱ្យមានទឹកដក់ដែលអំណោយផលក្នុងការកកើតមូស។ ប្រសិនបើប្រព័ន្ធលូសាធារណៈ មានការកក
ស្ទះ ត្រូវមានវិធានការជាបន្ទាន់ ឬរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានរបស់ខ្លួន។ អាណាព្យាបាល មាតាបិតា កុមារា
កុមារី គ្រប់រូប រួមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវសកម្ម ចូលរួម កម្ចាត់ដង្កូវទឹកនៅតាមទីកន្លែងដែលមានទឹកដក់ ដូចជា ពាង អាងទឹក ថូផ្កា ចានទ្រជើងតុទូ ក្រឡ ធុង ខាប់ ជាដើម ដោយការផ្លាស់ប្តូរទឹក និងលាងសម្អាតជាប្រចាំឱ្យបានយ៉ាងតិចមួយដង ក្នុងមួយអាទិត្យ ឬត្រូវគ្របគម្របឱ្យបានជិតល្អ និងត្រូវសហការជាមួយបណ្តាញសុខាភិបាលនៅតាមមូលដ្ឋាន
ដើម្បីដាក់ថ្នាំបាណកឃាដសម្លាប់ ដង្កូវទឹក នៅក្នុងអាងទឹក ពាងទឹកកន្លែងដែលស្តុកទឹក ឬចិញ្ចឹមកូនត្រីប្រាំពីរពណ៌ នៅកន្លែងដែលអាចចិញ្ចឹមបាន។ ចំណែកម្ចាស់ការដ្ឋានសំណង់ រួមទាំងកម្មករ និងកម្មការនីទាំងអស់ ដែលកំពុងបំពេញ ការងារនៅតាមការដ្ឋានសំណង់ទាំងអស់ត្រូវធ្វើអនាម័យបរិស្ថានឱ្យបានស្អាត នៅក្នុងបរិវេណការដ្ឋានសំណង់ របស់ខ្លួន
ជាពិសេសត្រូវលុបបំបាត់វត្ថុដក់ទឹក និងថ្លុកដក់ទឹកដោយរៀបចំទុកដាក់សម្ភារៈសំណង់ដែលអាចដក់ទឹកនៅក្នុងទីកន្លែងដែលមានដំបូលត្រឹមត្រូវដើម្បីកុំឱ្យដក់ទឹក។ ត្រូវប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅស្អាត ធ្វើអនាម័យផ្ទះសម្បែងទុកដាក់សំរាមឱ្យបាន ត្រឹមត្រូវ លុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះដើម្បីកាត់បន្ថយជម្រកសត្វមូសមកតោងជ្រកជុំជិតខ្លួនយើង ដែលអាចងាយនឹងខាំយើង។

ក្រសួងសុខាភិបាលបានណែនាំទៀតថា ករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញ៉ាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យ និងព្យាបាលរបស់រដ្ឋ (សេវាសាធារណៈ)ដូចជាមណ្ឌលសុខភាព និងមន្ទីរពេទ្យ ដែលនៅជិតបំផុតជាបន្ទាន់ (មិនឱ្យយឺតជាង៤៨ម៉ោង បន្ទាប់ពីក្តៅខ្លួន)។ សូមកុំសាកល្បងព្យាបាលអ្នកជំងឺគ្រុនក្តៅភ្លាមៗនេះដោយខ្លួនឯង ឬពន្យា
ពេលតាមដានព្យាបាលជំងឺនៅសេវាឯកជនដែលគ្មានសមត្ថភាពផ្នែកជំងឺគ្រុនឈាមឱ្យសោះ។
ក្រសួងសុខាភិបាល សូមអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ក្រសួង មន្ទីរឬអង្គភាពពាក់ព័ន្ធ អង្គការសុខភាព ពិភពលោក អង្គការមិនមែនរដ្ឋាភិបាលសហគមន៍ជាតិនិងអន្តរជាតិទាំងអស់ បន្តចូលរួមជួយអន្តរាគមន៍ និងសហការពេញលេញ ព្រមទាំងបន្តជួយឧបត្ថម្ភគាំទ្រចូលរួមជាមួយកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រក៏ដូចជាជួយដល់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្តដើម្បីទប់ស្កាត់ការចម្លងជំងឺគ្រុនឈាមនៅតាមសហគមន៍ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ដើម្បីចៀសផុតពីជំងឺគ្រុនឈាមដែលអាចនឹងផ្ទុះឡើងបានគ្រប់ពេលនេះផងដែរ៕
អត្ថបទ៖ សំអឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


