Connect with us

ព័ត៌មានជាតិ

ក្រសួងកសិកម្មអំពាវនាវដល់អាជីវករលក់ដុំ និងរាយ ថ្នាំ ជី កសិកម្មឲ្យបង្កើនការលក់ដូរប្រកប​ដោយវិជ្ជាជីវៈ

បានផុស

នៅ

មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់អាជីវករ លក់ដុំ លក់រាយ ថ្នាំ ជី កសិកម្មគ្រប់ប្រភេទបង្កើនវិជ្ជាជីវៈរបស់ខ្លួន ដើម្បីចូលរួមលើកស្ទួយវិស័យកសិកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ រៀបចំកម្មវិធី សំណេះសំណាល ជាមួយអាជីវករលក់ដុំ លក់រាយ ថ្នាំ ជី កម្មកសិកម្មក្នុងខេត្តកំពង់ធំ ក្រោមអធិបតីភាពលោក ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងឱកាសនោះ លោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ លើកឡើងថា អាជីវករលក់ដុំ លក់រាយ ថ្នាំ ជី កសិកម្មទាំងអស់ គឺសុទ្ធសឹងបានរៀនពី វិជ្ជាជីវៈ នៃការលក់ដូរថ្នាំ ជី កសិកម្មជូនដល់ប្រជាពលរដ្ឋ។ ដូច្នេះអ្នកលក់ថ្នាំជីកសិកម្ម គឺជាភ្នាងារ និងជាអ្នកប្រឹក្សាយោបល់ដ៏ល្អដល់អ្នកប្រើប្រាស់ ជាពិសេសជាផ្នែកមួយនៃថែរក្សាសុខភាពសាធារណៈ សុខភាពអ្នកប្រើប្រាស់ និងជួយទប់ស្កាត់នៃការបាត់បង់តុល្យភាពជីវសាស្រ្ត បរិស្ថាន ដូចជា ទឹក ដី និងបរិយាកាសផងដែរ។

ជាមួយគ្នានេះ លោក ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ដែលបានសហការ ក្នុងការគ្រប់គ្រង ទប់ស្កាត់ការចរាចរណ៍ជី-ថ្នាំកសិកម្មខុសច្បាប់ តាមគោលការណ៍ “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍” ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រង ផ្គត់ផ្គង់ និងចែកចាយ ធាតុចូលកសិកម្ម ផ្សារភ្ជាប់ជាមួយមន្រ្តីជំនាញបច្ចេកទេស មន្រ្តីកសិកម្មឃុំ ក្នុងការធានាបាននូវគុណភាពផលិតផលកសិកម្ម ក្នុងស្រុក និងបន្តចូលរួមទប់ស្កាត់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្មខុសច្បាប់នៅលើទីផ្សារ។

លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញកម្មវិធីនយោបាយ គាំទ្រដល់វិស័យកសិកម្ម ក្នុងការជួយរក្សាលំនឹងថ្លៃ កសិផល ការរកទីផ្សារ ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ហើយបានសម្រេចនូវសមិទ្ធផលជាច្រើន ដែលក្រសួងសម្រេចបាននាពេលកន្លងមក ជាពិសេស ការរៀបចំគោលនយោបាយផលិតជីសរីរាង្គ ក្នុងស្រុក និងបង្កើនប្រាក់ចំណូលដល់ប្រជាកសិករផងដែរ។

លោកសំណូមពរដល់ក្រុមហ៊ុន អាជីវករ និងមន្រ្តីកសិកម្មឃុំ ទាំងអស់ចូលរួមចែករំលែកនូវចំណេះដឹង ឲ្យបានទូលំទូលាយ ជាពិសេសអំពីការប្រើប្រាស់ជីកសិកម្មឲ្យបានត្រឹមត្រូវទៅតាមស្ថានភាពដំណាំ និងដីដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរៀងៗខ្លួន៕

អត្ថបទ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម