ព័ត៌មានជាតិ
សម្ល«ប្រូង» មុខម្ហូបតពីដូនតានៅតែនិយមចូលចិត្តធ្វើបរិភោគពីសំណាក់ជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
សម្ល«ប្រូង»របស់ជនជាតិដើមភាគតិចនៅខេត្តរតនគិរី បានជាហៅ«ប្រូង» ពីព្រោះមុខម្ហូបនេះ កាលពីដើមឡើយ ជាការនិយមចូលចិត្តហូបរបស់ជនជាតិដើមភាគតិចដែលរស់នៅតំបន់ភ្នំ ។ តំបន់ភ្នំខេត្តរតនគិរី សម្បូរដោយព្រៃភ្នំ បន្លែ ជាច្រើនប្រភេទខុសៗ ពីគ្នា។ នៅក្នុងជីវភាពរស់នៅរបស់ខ្មែរលើ ដែលជាជនជាតិដើមម្ចាស់ស្រុក រស់នៅដោយពឹងផ្អែកធនធានធម្មជាតិដែលអំណោយផលដល់ការរស់នៅប្រចាំថ្ងៃ។

«ប្រូង»ជាសម្លដែលគេនិយមហូបជាងគេនៅពេលជួបជុំគ្នានៅក្នុងព្រៃ ដូចជា ពេលធ្វើចម្ការ ទៅប្រមូលផលបន្លែ និងកម្មវិធីធ្វើបុណ្យខួបសពនៅតាមព្រៃកប់ខ្មោច ឬជួបជុំគ្នានៅពេលនៅរកត្រីជិតបឹងបួរ ឬត្រពាំង អូរ។ នៅពេលមុខហូបបាយ ឬផឹកស្រាលេងសប្បាយ គេតែងតែចាត់គ្នាទៅរកត្រី បន្លែក្នុងព្រៃ និងទៅរកកាប់ឬស្សីណាដែលមានទំហំប៉ុនកំភួនជើង ដើម្បីធ្វើសម្ល«ប្រូង»នេះ។

គ្រឿងផ្សំនៃសម្ល«ប្រូង»នេះ មានដូចជា ត្រីធំ ឬកូនត្រីចង្វារល្អិតៗ ក្តាម កង្កែប និងសាច់ផ្សេងៗ បានពីក្នុងព្រៃតាមរយៈការប្រមាញ់សត្វ។ ឯបន្លែវិញ រួមមាន ចុងផ្តៅ ប្រគ្រីវ ប្រមោយដំរី (ភាសាខ្មែរលើហៅថា អន្ទោញ) ល្ពៅ ត្រប់ ផ្សិតក្រំ ឬផ្សិតស្មាច ផ្សិតរងា ដែលដុះជាប់នៅដើមឈើ ទៅតាមការនិយមចូលចិត្ត ហើយងាយរក។ ចំពោះបន្លែដែលរឹងដែលមិនងាយចម្អិនឆាប់ផុយវិញ គឺមិនបានយកមកផ្សំជាមួយបន្លែធ្វើសម្ល«ប្រូង»នោះទេ ដូចជាល្ហុង ខ្នុរខ្ចីជាដើម។ បន្ទាប់មក យកគ្រឿងផ្សំទាំងនេះដាក់នៅក្នុងបំពង់ឬស្សី យកស្លឹកឈើមូលជាដុំប៉ុនគម្របមាត់បំពង់ឬស្សីញាត់ឱ្យជាប់ រួចដាក់បង្កាត់ភ្លើងជាភ្នក់មានរងើកហើយ ទើបដាក់រៀបចំឈើសម្រាប់គល់ ដាក់ដុតនៅត្រង់ភ្នក់ភ្លើង។ ឆ្អិនហើយ ចាក់ដាក់ចាន ដើម្បីបរិភោគ។
សូមបញ្ជាក់ថា សម្ល«ប្រូង»នេះ ក្រៅពីបន្លែធម្មជាតិដែលដុះនៅព្រៃភ្នំ ដែលជាបន្លែធម្មជាតិ បន្លែផ្សេង ក៏អាចធ្វើបានដែរ ប៉ុន្តែ មិនសូវដូចរសជាតិដើមពីបន្លែធម្មជាតិឡើយ។ ចំណែករសជាតិវិញ វាស្រ័យទៅតាមអ្នកផ្សំគ្រឿងរកបានច្រើនមុខ និងគ្រឿងគ្រប់ទើបមានរសជាតិឆ្ងាញ់។ បើចង់ធ្វើសម្ល«ប្រូង»នេះ គឺនៅចន្លោះខែមេសា និងខែឧសភា ជាពេលវេលាល្អ ពីព្រោះថាវាជាពេលវេលាដែលរក្ខជាតិបន្លែគ្រឿងផ្សំ ចាប់ផ្តើមដុះលូតលាស់ល្អមានពណ៌ខៀវខ្ចី ជាអំណោយផលសម្រាប់ធ្វើមុខម្ហូបនេះ។

សម្ល«ប្រូង» គឺជាមុខម្ហូបតាំងពីយូរយារណាស់មកហើយ ពីព្រោះថា ជនជាតិដើមភាគតិចដែលនិយមធ្វើហូបចេះចាំតពីឪពុកម្តាយដូចគ្នា ប៉ុន្តែ ការផ្សំគ្រឿងបន្លែ និងសាច់វិញ គឺមានការធ្វើទៅតាមការចង់ហូប និងតមមិនហូបរបស់ប្រជាជននៅតាមភូមិនីមួយៗ ប្រកាន់យក។ អត្ថប្រយោជន៍នៃសម្ល«ប្រូង» ជួយដល់សុខភាព ជួយរំលាយអាហារ ក្រពះពោះវៀន តាមរយៈបន្លែពីធម្មជាតិ ហើយបន្លែទាំងនោះ ក៏មានខ្លះត្រូវជាថ្នាំបុរាណដែលដូនតាយកមកព្យាបាលជំងឺផងដែរ។ បើនិយាយដល់ខេត្តរតនគិរី គឺគេនឹកឃើញដល់សម្ល«ប្រូង»មួយនេះក្នុងចំណោមមុខម្ហូបផ្សេងៗទៀតរបស់ជនជាតិដើមភាគនាភូមិភាគឦសាននៃប្រទេសកម្ពុជា៕


ដោយ៖ ខៀវ ចាប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


