ព័ត៌មានជាតិ
មន្ទីរព័ត៌មានខេត្តរតនគិរី រៀបចំសិក្ខាសាលាប្រមូលធាតុចូលស្វែងយល់ពីតម្រូវការសហគមន៍ជនជាតិដើមភាគតិច
មន្ទីរព័ត៌មានខេត្តរតនគិរី សហការជាមួយ អង្គការថែរក្សាភាសាជនជាតិដើមភាគតិច (CIPL) បានរៀបចំសិក្ខាសាលាមួយ ដើម្បីស្វែងយល់អំពីឧបសគ្គ និងតម្រូវការរបស់សហគមន៍ជនជាតិដើមភាគតិច ក្នុងការទទួលបានព័ត៌មាន និងការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២៣ ខែមីនា ដោយមានការចូលរួមពីមន្ទីប្រៃសណីយ៍ និងទូរគមនាគមន៍ អាជ្ញាធរឃុំ តំណាងសហគមន៍ជនជាតិដើមភាគតិច យុវជនជនជាតិដើមភាគតិច និងមន្ត្រីមន្ទីរព័ត៌មានខេត្តរតនគិរី។

សិក្ខាសាលានេះ រៀបចំឡើងក្នុងបរិបទដែលនៅកម្ពុជា សហគមន៍ជនជាតិដើមភាគតិចនៅតែបន្តប្រឈមនឹងការលំបាកក្នុងការទទួលបានព័ត៌មាន ដោយសារហេដ្ឋារចនាសម្ព័ន្ធមានកម្រិត ឧបសគ្គភាសា ក៏ដូចជាការចូលដំណើរការប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងអ៊ីនធឺណិត។ ជាពិសេស កម្រិតអក្ខរកម្មឌីជីថលនៅតែទាប ដែលជាកត្តាសំខាន់រារាំងសមត្ថភាពរបស់ពួកគេក្នុងការទទួលបានព័ត៌មានយ៉ាងទូលំទូលាយ និងទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធអេកូឡូស៊ីឌីជីថលដែលកំពុងរីកចម្រើននាពេលបច្ចុប្បន្ន។
លោក ងួន ក្រែង តំណាងមន្ទីរព័ត៌មានខេត្ត បានលើកឡើងថា ទោះបីជាបច្ចេកវិទ្យាកំពុងមានការរីកចម្រើនក៏ដោយ ក៏នៅតំបន់ខ្លះៗក្នុងខេត្តរតនគិរី ជាពិសេសសហគមន៍ជនជាតិដើមភាគតិច នៅមិនទាន់មានសេវាអ៊ីនធឺណិត និងការផ្សព្វផ្សាយព័ត៌មានបានទូលំទូលាយនៅឡើយទេ។ ជាដំណោះស្រាយបឋម លោកបានណែនាំឲ្យប្រជាពលរដ្ឋនៅតំបន់ឆ្ងាយពីទីប្រជុំជន ប្រើប្រាស់វិទ្យុ ដើម្បីទទួលបានព័ត៌មាន និងការផ្សព្វផ្សាយផ្សេងៗ។

លោក ណូង សំអឿង នាយកប្រតិបត្តិការអង្គការ (CIPL) បានមានប្រសាសន៍ថា សិក្ខាសាលានេះមានគោលបំណងស្វែងយល់ពីបញ្ហាប្រឈម ជាពិសេសចំពោះយុវជនក្នុងសហគមន៍ ក្នុងការទទួលបានព័ត៌មាន អ៊ីនធឺណិត និងឱកាសផ្សេងៗ។ លើសពីនេះ កម្មវិធីនេះក៏មានបំណងលើកកម្ពស់ការប្រើប្រាស់អ៊ីនធឺណិតប្រកបដោយសុវត្ថិភាព និងជួយឲ្យពួកគេអាចការពារខ្លួនពីការឆបោកតាមប្រព័ន្ធអនឡាញផងដែរ។
ចំណែកអ្នកស្រី ឡយ សុធឿង តំណាងចាស់ទុំក្នុងភូមិ បានលើកឡើងថា តាមរយៈសិក្ខាសាលានេះ ពួកគាត់ទទួលបានចំណេះដឹងបន្ថែម ជាពិសេសអំពីការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងចំណេះដឹងក្នុងការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត ហើយអ្នកស្រីនឹងបន្តចែករំលែកទៅកាន់សហគមន៍របស់ខ្លួន។

គួរបញ្ជាក់ផងដែរថា សិក្ខាសាលាស្តីពីតម្រូវការរបស់ជនជាតិដើមភាគតិច មានគោលបំណងលើកកម្ពស់សិទ្ធិរបស់ពួកគេ និងប្រមូលធាតុចូលដើម្បីដាក់ជូនរបាយការណ៍ដល់រដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធផ្សេងទៀតធ្វើការឆ្លើយតបទៅនឹងតម្រូវការរបស់សហគមន៍ជនជាតិដើមភាគតិច៕
ដោយ៖ ខៀវ ចាប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


