Connect with us

ព័ត៌មានជាតិ

សហគមន៍ជនជាតិដើមភាគតិចចំនួន២០ ទទួលបានកិច្ចព្រមព្រៀងមូលនិធិរេដបូកកែវសីមាដំណាក់កាលទី៥ ពីក្រសួងបរិស្ថាន

បានផុស

នៅ

រដ្ឋបាលខេត្តមណ្ឌលគិរី និងមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បន្តពង្រឹងកិច្ចសហការផ្ដល់មូលនិធិរេដបូកកែវសីមា ដំណាក់កាលទី៥ ដើម្បីលើកកម្ពស់ជីវភាពសហគមន៍ និងការការពារធនធានធម្មជាតិ។ ដើម្បីលើកកម្ពស់ជីវភាពសហគមន៍ និងការការពារធនធានធម្មជាតិ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំពិធីចុះហត្ថលេខា និងប្រគល់កិច្ចព្រមព្រៀងស្ដីពីការផ្ដល់មូលនិធិរេដបូកកែវសីមា ដំណាក់កាលទី៥ ជូនដល់សហគមន៍ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋានចំនួន២០ ភូមិគោលដៅ ដើម្បីបន្តនិរន្តរភាពនៃការគ្រប់គ្រងធនធានធម្មជាតិ និងអភិវឌ្ឍន៍សហគមន៍ឱ្យកាន់តែរីកចម្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះបានធ្វើឡើងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ នាទីស្នាក់ការកណ្ដាលនៃដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពលោក ជួប បារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ងិន សុវិមាន អភិបាលរងខេត្ត ដំណាងអង្គការ WCS នឹងមន្រ្តីអង្គភាពពាក់ផងដែរ។

ក្នុងឱកាសនោះលោក ជួប បារីស៍ បានថ្លែងថា គម្រោងរេដបូកកែវសីមា បានក្លាយជាគំរូជោគជ័យមួយក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីការបាត់បង់ព្រៃឈើ និងការរេចរឹលព្រៃឈើ ដែលមិនត្រឹមតែជួយដល់បរិស្ថានពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្ដល់អត្ថប្រយោជន៍សេដ្ឋកិច្ចដោយផ្ទាល់ដល់សហគមន៍។ លោកបន្ថែមថា មូលនិធិនេះគឺជាការតបស្នងចំពោះការលះបង់របស់សហគមន៍ក្នុងការថែរក្សាការពារសម្បត្តិធម្មជាតិឱ្យនៅគង់វង្ស។

លោករដ្ឋលេខាធិការ បានកោតសរសើរនឹងលើកទឹកចិត្តខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បងប្អូនសហគមន៍ និងអង្គការដៃគូ ជាពិសេសអង្គការ WCS ដែលបានសហការយ៉ាងស្អិតរមួតក្នុងការការពារដីព្រៃឈើ។

ចំណែក លោក ងិន សុវិមាន អភិបាលរងខេត្តមណ្ឌលគិរី ក៏បានលើកឡើងផងដែរ នឹងសង្កត់ធ្ងន់អំពីសារៈសំខាន់នៃតម្លាភាព និងគណនេយ្យភាពក្នុងការប្រើប្រាស់ថវិកា នឹងបន្តជំរុញឱ្យគណៈកម្មការសហគមន៍ត្រូវយកចិត្តទុកដាក់ខ្ពស់លើការរៀបចំផែនការអភិវឌ្ឍន៍ភូមិរបស់ខ្លួនឱ្យបានច្បាស់លាស់ ដោយផ្តោតលើតម្រូវការចាំបាច់បំផុតដូចជា ការកសាងហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច ការកែលម្អប្រព័ន្ធទឹកស្អាត និងការលើកកម្ពស់វិស័យអប់រំ។

លោកអភិបាលរងបានបញ្ជាក់ថា មូលនិធិនេះ គឺជាកាតាលីករមួយដ៏សំខាន់ក្នុងការកែលម្អកម្រិតជីវភាពរបស់បងប្អូនជនជាតិដើមភាគតិច ឱ្យកាន់តែប្រសើរឡើង និងកាត់បន្ថយការពឹងផ្អែកទាំងស្រុងលើការចូលព្រៃ បរបាញ់សត្វ ឬកាប់ឈើខុសច្បាប់៕

ដោយ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម