ព័ត៌មានជាតិ
សហគមន៍ជនជាតិដើមភាគតិច ៤អម្បូរ រៀបចំបុណ្យរំឮកវប្បធម៌ ដើម្បីអភិរក្សអត្តសញ្ញាណ
ពិធីបុណ្យរំលឹកវប្បធម៌ជនជាតិដើមភាគតិច៤ អម្បូរ រួមមាន ម្ហូន ក្រូល ស្ទៀង និងបូន៊ង នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅបរិវេណជើងភ្នំដោះក្រមុំ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ពិធីនេះ ក៏ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងស្វាគមន៍ភ្ញៀវទេសចរក្នុងការស្វែងយល់ពីវប្បធម៌របស់ពួកគេ។

អ្នកស្រី ភ្លឹក ភីរម្យ អាយុ៤៧ឆ្នាំ ជាជនជាតិដើមភាគតិចព្នង បានប្រាប់ «កម្ពុជាថ្មី» ថា ការប្រារព្ធពិធីបុណ្យរំលឹកវប្បធម៌របស់ជនជាតិទាំងបួននេះ មានគោលបំណងដើម្បីសុំសេចក្ដីសុខសប្បាយពីអារក្ស និងអ្នកតា ដែលធ្លាប់ថែរក្សាពួកគេកន្លងមក ព្រមទាំងបានផ្តល់ធនធានធម្មជាតិដ៏សម្បូរបែបដល់កូនចៅជំនាន់ក្រោយក្នុងសហគមន៍ ហើយជួយឲ្យការធ្វើស្រែចម្ការទទួលបានទិន្នផលល្អ។
អ្នកស្រីបន្តថា ពិធីបុណ្យនេះក៏មានគោលបំណងមួយទៀត គឺដើម្បីរំលឹក និងថែរក្សាអត្តសញ្ញាណជនជាតិដើមភាគតិច មិនឲ្យបាត់បង់ទៅកាន់យុវជនជំនាន់ក្រោយ ដើម្បីឲ្យពួកគេស្គាល់ និងយល់ដឹងពីអត្តសញ្ញាណរបស់ខ្លួននៅថ្ងៃអនាគត។ ក្នុងការរៀបចំពិធីបុណ្យនេះ ក្រុមការងារបានយកចិត្តទុកដាក់លើការតុបតែង និងការបង្ហាញវប្បធម៌ ដូចជា ការតាំងបង្ហាញគ្រឿងតម្បាញដែលផលិតដោយបងប្អូនជនជាតិដើមភាគតិចពីសហគមន៍នានា ក្នុងខេត្តមណ្ឌលគិរី ដើម្បីបង្ហាញជូនសាធារណជន និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានចូលរួមទស្សនាជាមួយវប្បធម៌ដ៏មានតម្លៃ និងមានប្រវត្តិសាស្ត្រយូរអង្វែងនេះ។

នៅឆ្នាំមុន បុណ្យរំឭកវប្បធម៌មានអ្នកចូលរួមប្រហែល ១០០០ នាក់ ប៉ុន្តែឆ្នាំនេះរំពឹងថាអាចតិចជាង ដោយសារតម្លៃប្រេងឡើងខ្ពស់ ប៉ះពាល់ដល់ការធ្វើដំណើរ។ ទោះយ៉ាងណា អ្នករៀបចំ នៅតែអំពាវនាវឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលរួមច្រើន ដើម្បីស្គាល់វប្បធម៌ជនជាតិដើម និងលើកស្ទួយភាពសាមគ្គីជាតិ។
ជាមួយគ្នានេះ លោក ញឹល ឡិក គណៈកម្មការរៀបចំកម្មវិធីនេះ ក៏បានលើកឡើងផងដែរថា ក្នុងព្រឹត្តិការណ៍បុណ្យវប្បធម៌នេះ បានរៀបចំសហការជាមួយសហគមន៍គ្រប់បណ្ដាស្រុកទូទាំងខេត្តមណ្ឌលគិរី ជាពិសេសជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធានាថា ដំណើរការកម្មវិធីប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។ បន្ថែមពីនេះ ក្នុងព្រឹត្តការណ៍បុណ្យនេះ ក៏មានការរៀបចំដាក់តាំងពិព័រណ៍ និងលក់ផលិតផលប្រចាំតំបន់របស់បងប្អូនជនជាតិដើមភាគតិចគ្រប់ប្រភេទ ជាមួយតម្លៃសមរម្យផងដែរ៕
អត្ថបទ៖ រៀម សុខហេង
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


