ព័ត៌មានជាតិ
លោក សុខ សប្បាយណា៖ អង្គរសង្ក្រាន្តឆ្នាំនេះនឹងរៀបចំអាស្ចារ្យជាងឆ្នាំមុនៗដើម្បីស្នាមញញឹមពលរដ្ឋខ្មែរ
លោក សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានលើកឡើងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ នេះ នឹងរៀបចំប្លែកពីឆ្នាំមុនៗ ដោយនាំយកនូវទស្សនីយភាពប្លែកភ្នែក បង្ហាញពីវប្បធម៌ខ្មែរ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ និងដើម្បីផ្តល់ស្នាមញញឹមដល់មហាគ្រួសារខ្មែរទាំងមូល។

ការលើកឡើងនេះ ធ្វើនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាស លោក សុខ សប្បាយណា ដឹកនាំក្រុមការងារជួបពិភាក្សា និងស្វែងយល់ពីការងារជាមួយក្រុមអ្នកផលិតមាតិកាក្នុងខេត្តសៀមរាប។ លោក បានបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ គឺរិតតែមានលក្ខណៈពិសេស និងអស្ចារ្យជាងឆ្នាំមុនៗ ដែលធ្វើយ៉ាងណាផ្តល់ស្នាមញញឹម និងផ្តល់ភាពសប្បាយរីករាយដល់មហាក្រុមគ្រួសារខ្មែរ ក្នុងឱកាសនៃការអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជាមួយនឹងកម្មវិធីកម្សាន្តជាច្រើន អមជាមួយការលេងល្បែងប្រជាប្រិយ រួមនឹងផ្ទាំងទស្សនីយភាពដ៏អស្ចារ្យជាច្រើនទៀត។
លោក សុខ សប្បាយណា បន្តថា ប្រធានបទនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥នេះ នឹងលើកយកនូវកេរដំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមករំលេចឡើងជាផ្ទាំងទស្សនីយភាពចម្រុះដ៏សម្បូរបែបនៅលើទឹកដីអង្គរ ហើយជាការរម្លឹកពីមរតកបេតិកភណ្ឌអរូបីខ្មែរ នៅលើទីតាំងនៃមរតកបេតិកភណ្ឌរូបី។ ម្យ៉ាងក៏ជាការចូលរួមអភិរក្ស អភិវឌ្ឍវប្បធម៌ជាតិ លើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ និងផ្ដល់ឱកាសឱ្យយុវជន ភ្ញៀវទេសចរ បានស្វែងយល់អំពីភាពរុងរឿងនៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី និងសាសនាផងដែរ។ ទន្ទឹមនឹងនេះ ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ក៏ជាផ្នែកមួយជួយជំរុញទេសចរណ៍ផ្ទៃក្នុង និងទាក់ទាញភ្ញៀវបរទេស ហើយក៏ផ្ដល់ឱកាស និងចំណូលដល់អាជីវករ និងប្រជាពលរដ្ឋក្នុងខេត្តសៀមរាបផងដែរ។

សូមជម្រាបថា សម្រាប់ឆ្នាំ២០២៥នេះ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នឹងបង្ហាញខ្លួនជាថ្មី ជាមួយនឹងការរំលេចពីផ្ទាំងទស្សនីយភាពជាច្រើនទៀត លើទឹកដីអង្គរដ៏បវរនៃយើង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ក្នុងន័យបង្កើតនូវស្នាមញញឹមរបស់ប្រជាជាតិខ្មែរមកពីគ្រប់ទិញទី ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង។
ជាមួយគ្នានេះ លោក ស៊ុន ចំណាន នាយករងរដ្ឋបាលសាលាខេត្តសៀមរាប បង្ហាញថា រយៈពេល៣ថ្ងៃ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រៅពីព្រឹត្តិការណ៍នេះ ពិតណាស់ភ្ញៀវទេសចរនឹងមានដំណើរកម្សាន្តនានាផ្សេងទៀតនៅក្នុងខេត្ត ពីសំណាក់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ចូលមកទស្សនា។ ជាមួយនេះ លោកបានផ្តាំផ្ញើទៅដល់ក្រុមអ្នកផលិតមាតិកាវីដេអូក្នុងខេត្តទាំងអស់ បន្តជួយរៀបចំផលិតវីដេអូថ្មីៗ ដើម្បីពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ជាពិសេសតំបន់ទេសចរនានានៅក្នុងខេត្តឱ្យបានទូលំទូលាយ ព្រមទាំងលើកស្ទួយដល់ខេត្តសៀមរាប ក៏ដូចជាវិស័យទេសចរណ៍ក្នុងខេត្ត ឱ្យមានភ្ញៀវមកចូលរួម និងទស្សនាខេត្តសៀមរាប ឱ្យច្រើនកុះករ នាថ្ងៃរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនាពេលខាងមុខ៕
ដោយ៖ គឿនវេត


-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៦ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


