ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យយកចិត្តទុកដាក់ខ្ពស់លើការផ្គត់ផ្គង់ទឹក ភ្លើង អនាម័យ ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត
នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំរបស់អនុគណៈកម្មការព័ត៌មាន អនាម័យ សុខភាព ផ្គត់ផ្គង់ទឹក និងភ្លើង សម្រាប់រៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តនៅខេត្តសៀមរាប ក្រោមអធិបតីភាព លោក នាក់ ណេរ៉ុន និងលោក សុខ ថុល អភិបាលរងខេត្តសៀមរាប ជាសហប្រធានដឹកនាំប្រជុំ និងសមាសភាពមកពីមន្ទីរ អង្គភាពជំនាញ ចូលរួមផងដែរ ។

ក្នុងកិច្ចប្រជុំនោះ លោកសហប្រធានអង្គប្រជុំបានសំណូមពរឲ្យគ្រប់មន្ទីរ អង្គភាព ជាសមាជិកនៃអនុគណៈកម្មការ លើកនូវរាល់ផែនការដែលបានគ្រោង ជាមួយក្រុមគណៈកម្មការរៀបចំអង្គរសង្ក្រាន្ត ព្រមទាំងសំណូមពរមួយចំនួន ដើមី្បធ្វើកិច្ចពិភាក្សានៃកិច្ចប្រជុំនាពេលនេះ ដោយផ្តោតទៅលើការងាររៀបចំប្រព័ន្ធអគ្គិសនីសម្រាប់ផ្គត់ផ្គង់, ទីតាំងសម្រាប់ប្រចាំការរបស់សុខាភិបាល, ការរៀបចំទីតាំងដាក់បង្គន់អនាម័យ, ការរៀបចំប្រព័ន្ធទឹក និងការសម្អាតបរិស្ថាន ព្រមទាំងបង្កើនប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឲ្យបានទូលំទូលាយផងដែរ។ ក្នុងកិច្ចពិភាក្សាបានល្អិតល្អន់ស៊ីជម្រៅទៅលើការងាររៀបចំអង្គរសង្ក្រាន្ត ដែលបានកំណត់ទីតាំងកម្សាន្តទាំង៤កន្លែង មាននៅមុខប្រាសាទអង្គរវត្ត, សួនច្បារព្រះរាជដំណាក់ , តាមដងស្ទឹងសៀមរាប និងតំបន់អង្គរឃ្យុងយូ កន្លែងប្រណាំងរទេះគោ ក្របី ។

លោក នាក់ ណេរ៉ុន និងលោក សុខ ថុល ជាសហប្រធានទាំងពីរ បានជំរុញដល់គ្រប់មន្ទីរ អង្គភាពដែលទទួលភារកិច្ចទាំងនេះ ត្រូវខិតខំយកចិត្តទុកដាក់លើការងារមួយចំនួន ក្នុងនោះ អង្គភាពអគ្គិសនី ត្រូវត្រួតពិនិត្យឲ្យបានត្រឹមត្រូវ នូវខ្សែបណ្តាញភ្លើង ដើម្បីធានាឲ្យបាននូវសុខសុវត្ថិភាពនៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងមន្ទីរបរិស្ថាន ត្រូវរៀបចំឲ្យមានបង្គន់អនាម័យចល័តនៅតាមគោលដៅដែលបានកំណត់ ដែលបានលើកឡើង ទាំងការសម្អាតអនាម័យ បរិស្ថាន ព្រមទាំងការដឹកជញ្ជូនសំរាម ជាដើម ។ មន្ទីរសុខាភិបាល ធ្វើការត្រួតពិនិត្យនៅតាមគោលដៅ កន្លែងប្រចាំការ និងក្រុមការងារសម្រាប់សង្រ្គោះបន្ទាន់ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ព្រមទាំងសូមឲ្យអង្គភាព រដ្ឋាករទឹក ធ្វើការរៀបចំខ្សែបណ្តាញផ្គត់ផ្គង់ទឹកស្អាត នៅគ្រប់គោលដៅមានបន្ទប់ទឹក និងទឹកស្រោចស្រព ព្រមទាំងបង្កើនប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឲ្យបានទូលំទូលាយដល់មហាជនផងដែរ ។ ម៉្យាងទៀតសូមឲ្យអាជ្ញាធរក្រុងសៀមរាប ធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និង ភោជនីយដ្ឋាន ដែលស្ថិតនៅតាមបណ្តាដងវិថី ដែលត្រូវបានហាមឃាត់ធ្វើចរាចរណ៍ឆ្លងកាត់ នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដើមី្បដាក់ពាក្យស្មើសុំប័ណ្ណសម្គាល់ ក្នុងការចេញចូល ។

លោកសហប្រធានទាំងពីរក៏បានសង្កត់ធ្ងន់ទៅលើ សុវត្ថិភាពតាមដងផ្លូវ ដែលសម្បូរដើមឈើធំ នៅពេលមានខ្យល់ ភ្លៀង តែងជួបប្រទះបញ្ហាការបាក់មែកឈើងាប់ៗ បណ្តាលឲ្យប៉ះពាល់ដល់យានយន្ត និង អ្នកដំណើរ ព្រមទាំងសុំឲ្យមន្ទីរដែលពាក់ព័ន្ធ ធ្វើការកាត់នូវរាល់មែកឈើទាំងនោះ ដើមី្ប ធានាសុវត្ថិភាពដល់ភ្ញៀវជាតិ អន្តរជាតិ ដែលបានអញ្ជើញមកចូលរូម សាទរព្រឹត្តិការណ៍អង្គរសង្រ្គាន្តនេះ ។ ម៉្យាងទៀត ដោយខេត្តសៀមរាបជាម្ចាស់ផ្ទះ ក្នុងកិច្ចសហការរៀបចំព្រឹត្តិការណ៍នេះឡើង ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ឆ្ពោះទៅភាពជោគជ័យរបស់យើង ។ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ ត្រូវបានចងក្រងជាប្រវត្តិសាស្ត្រ ដើមី្បឆ្ពោះទៅការចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកទៀតផង ។ លោកសហប្រធានទាំងពីរក៏បាន ធ្វើការផ្តាំផ្ញើដល់មន្ទីរ អង្គភាព និង សមាជិកអនុ គណៈកម្មការទាំងអស់ ត្រូវមានការទទួលខុសត្រូវខ្ពស់ ដើមី្បលើកកិត្តិសយព្រះរាជាណាចក្រកម្ពុជា ក៏ដូចខេត្តសៀមរាប ដោយត្រូវអនុវត្តទៅតាមតួនាទី ជំនាញរបស់ខ្លួន ឲ្យសម្រេចបានជោគជ័យ ៕
ដោយ៖ គឿនវេត


-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២២ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


