ព័ត៌មានជាតិ
លោក សុខ សប្បាយណា៖ អង្គរសង្ក្រាន្តបង្កើតឡើងដើម្បីជាតិ និងបំផុសស្មារតីថា “ខ្មែរធ្វើបាន”
មន្ត្រីជាន់ខ្ពស់សហភាពសហព័ន្ធយុវជនកម្ពុជា លោក សុខ សប្បាយណា បានស្នើដល់អ្នកសារព័ត៌មាន អ្នកផលិតមាតិការក្នុងបណ្តាញសង្គម និងមគ្គុទ្ទេសក៍ទេសចរណ៍ ជួយជំរុញការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ ឱ្យបានទូលំទូលាយ ព្រោះការផ្សព្វផ្សាយនេះ វាជាផ្នែកមួយនៃការផ្សព្វផ្សាយគោលដៅទេសចរណ៍ក្នុងខេត្តសៀមរាប ក៏ដូចជាការផ្សព្វផ្សាយអំពីសិល្បៈវប្បធម៌របស់ខ្មែរទៅកាន់ពិភពលោកដូចគ្នា។

ក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងជំរុញការផ្សព្វផ្សាយពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥នេះ លោក សុខ សប្បាយណា ប្រធានក្រុមប្រតិបត្តិអង្គរសង្ក្រាន្ត បានលើកឡើងថា អង្គរសង្ក្រាន្ត បានបង្កើតឡើង គឺដើម្បីជាតិ ដើម្បីបំផុសស្មារតីថា ខ្មែរធ្វើបាន។ ចាប់តាំងពី ឆ្នាំ២០១៣មក ព្រឹតិ្តការណ៍អង្គរសង្ក្រាន្ត បានរួមចំណែកយ៉ាងធំធេង នៅក្នុងការជួយដល់វិស័យទេសចរណ៍របស់ខេត្តសៀមរាប តាមរយៈការបង្ហាញនូវគោលដៅទេសចរណ៍សំខាន់ៗ និងបានគាស់កកាយនូវទម្រង់សិល្បៈ វប្បធម៌ ល្បែងរបាំប្រជាប្រិយរបស់ខ្មែរជាច្រើនទម្រង់ បង្ហាញទៅកាន់ទេសចរណ៍ជាតិ និងអន្តរជាតិ។

លោកបន្តថា សម្រាប់អង្គរសង្ក្រាន្តឆ្នាំនេះ ក៏មិនខុសគ្នាពីឆ្នាំមុនៗដែរ ពោល គឺអង្គរសង្ក្រាន្ត នៅតែរក្សាបានគោលបំណងរបស់ខ្លួន គឺការផ្សព្វផ្សព្វអំពីទេសចរណ៍ និងសិល្បៈវប្បធម៌ ក្នុងនោះអង្គរសង្ក្រាន្តបានលើកយកនូវកម្មវិធីកម្សាន្តធំៗចំនួន ៣៨កម្មវិធី ដោយក្នុងកម្មវិធីនីមួយៗ មានការសម្តែងសិល្បៈ ល្បែងប្រជាប្រិយរបស់ខ្មែរជាច្រើនទម្រង់ផ្សេងៗគ្នា។ ដូច្នេះការចូលរួមផ្សព្វផ្សាយអំពីអង្គរសង្ក្រាន្ត ជាការចូលរួមយ៉ាងសំខាន់ក្នុងការជួយដល់សេដ្ឋកិច្ចរបស់អ្នកខេត្តសៀមរាប តាមរយៈការបង្ហាញនូវគោលដៅទេសចរណ៍សំខាន់ៗដល់អ្នកទេសចរជាតិ និងអន្តរជាតិ។
ជាមួយគ្នានេះ លោក សោម រតនា ប្រធានក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈរបស់អង្គរសង្ក្រាន្ត បានបង្ហាញថា អង្គរសង្ក្រាន្តបានជួយរួមចំណែកធំនៅក្នុងការជួយដល់វិស័យទេសចរណ៍ សិល្បៈប្រពៃណីវប្បធម៌របស់ខ្មែរ ប៉ុន្តែ អង្គរសង្ក្រាន្តក៏នៅតែទទួលការវាយប្រហារ លាបពណ៌ ពីសំណាក់មជ្ឈដ្ឋានមួយចំនួន ដែលការណ៍នេះ ក៏ជាផ្នែកមួយធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមយុវជនស្ម័គ្រចិត្ត ជាពិសេស សហភាពសហព័ន្ធយុវជនកម្ពុជា ដែលជាអ្នករៀបចំព្រឹត្តិការណ៍នេះ។ ដូច្នេះការផ្សព្វផ្សាយដែលចំគោលដៅ ក៏ជាចំណែកមួយក្នុងការលុបបំបាត់ព័ត៌មានបែបលាបពណ៌នេះផង និងបានជួយដល់វិស័យទេសចរណ៍ សសិល្បៈវប្បធម៌ខ្មែរផងដែរ។

រីឯ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានថ្លែងថា អង្គរសង្ក្រាន្តពិតជាមានសារៈសំខាន់ក្នុងការជួយដល់សេដ្ឋកិច្ចខេត្តសៀមរាប។ ក្នុងនាមអាជ្ញាធរខេត្ត និងប្រជាពលរដ្ឋ សូមថ្លែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានជួយឱ្យមានព្រឹត្តិការណ៍ដ៏សំខាន់នេះនៅក្នុងខេត្តសៀមរាប។
សូមជម្រាបថា កាលពីឆ្នាំ២០១៣ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ខេត្តសៀមរាបទទួលបានអ្នកទេសចរប្រមាណ ១៧ម៉ឺននាក់ ហើយចំនួននេះ មានការកើនឡើងជាលំដាប់ ដោយនៅក្នុងឆ្នាំ២០២៣ ដែលជាខួប១០ឆ្នាំរបស់អង្គរសង្ក្រាន្ត ខេត្តសៀមរាប ទទួលបានអ្នកទេសចរចូលមកកម្សាន្តក្នុងព្រឹត្តិការណ៍នេះ ប្រមាណជាង ២លាននាក់ និងមានលំហូរសាច់ប្រាក់ចូលមកក្នុងខេត្តនេះប្រមានជាង ១២៦លានដុល្លាអាមេរិក៕
ដោយ៖ គឿនវេត





-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
នយោបាយ១២ ម៉ោង ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ