ព័ត៌មានជាតិ
លោក ហេង សួរ ៖ និស្សិតអាហារូបករណ៍ ត្រូវនាំយកចំណេះវិជ្ជា វិលត្រឡប់មកកម្ពុជា ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច
ភ្នំពេញ ៖ នៅក្នុងឱកាស ទទួលជួបសម្តែងការគួរសម ជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន ឆ្នាំសិក្សា២០២៥ (MEXT Scholarship 2025) ចំនួន ៣១នាក់ ដែលនឹងត្រូវចេញទៅបន្តការសិក្សានៅប្រទេសជប៉ុន នាដើមខែមេសា និងដើមខែតុលាខាងមុខនេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងការអបអរសាទរ និងបានផ្តល់ជាអនុសាសន៍ណែនាំដល់និស្សិតជ័យលាភីដើម្បីទទួលបានជោគជ័យក្នុងការសិក្សានៅក្នុងប្រទេសជប៉ុន ជាពិសេសនិស្សិតជ័យលាភីទាំងអស់ ត្រូវពាំនាំយកនូវចំណេះវិជ្ជា ចំណេះធ្វើ និងបទពិសោធន៍ វិលត្រលប់មកបម្រើការងារ និងរួមចំណែកអភិវឌ្ឍសង្គម សេដ្ឋកិច្ចនៅកម្ពុជា។

តាមរយៈជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀល ថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥នេះដែរ លោករដ្ឋមន្ត្រី បានផ្តាំផ្ញើដល់និស្សិតជ័យលាភី ត្រូវធ្វើជាទូតសុឆន្ទៈរបស់កម្ពុជា ដោយត្រូវបង្ហាញពីភាពស្មោះត្រង់ ភាពឧស្សាហ៍ព្យាយាម និងវប្បធម៌ដ៏ល្អរបស់ជនជាតិខ្មែរ និងប្រើប្រាស់ពេលវេលារបស់ខ្លួនធ្វើសកម្មភាពផ្សេងៗក្រៅពីម៉ោងសិក្សា ដូចជាការបង្កើនទំនាក់ទំនងជាមួយមិត្តភក្តិបរទេស ការធ្វើដំណើរទៅកន្លែងផ្សេងៗ និងការរៀនសូត្រពីវប្បធម៌បរទេសជាដើម។

ទន្ទឹមនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្មវិធីសិក្សាអាហារូបករណ៍រដ្ឋាភិបាលជប៉ុន (MEXT Scholarship) គឺជាកម្មវិធីសិក្សាដ៏ល្អ ដែលកម្ពុជាកំពុងមានតម្រូវការខ្ពស់នាពេលបច្ចុប្បន្ន និងនាពេលអនាគត ហើយអាចចូលរួមចំណែកក្នុងការប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសអភិវឌ្ឍន៍សេដ្ឋកិច្ចផ្អែកលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើប។

គួរបញ្ជាក់ថា អាហារូបករណ៍រដ្ឋាភិបាលជប៉ុន ឆ្នាំសិក្សា២០២៥ (MEXT Scholarship 2025) ដែលផ្តល់ជូននិស្សិតជ័យលាភីចំនួន ៣១នាក់នេះ រួមមានថ្នាក់ស្រាវជ្រាវ (Research), ថ្នាក់ឧត្តមសិក្សា (Undergraduate), ថ្នាក់មធ្យមសិក្សាបច្ចេកទេស(College of technology), ថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈ (Specialized training college)។

កម្មវិធីសិក្សាអាហារូបករណ៍រដ្ឋាភិបាលជប៉ុន (MEXT Scholarship) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៥៤ និងបានផ្ដល់អាហារូបករណ៍ដល់យុវជនកម្ពុជាចាប់ពីឆ្នាំ១៩៩៣ ដែលពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា៕





-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


