Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីការ “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង”

បានផុស

នៅ

កំពង់ធំ ៖ នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកវគ្គបណ្តុះបណ្តាលស្តីពីការ «បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង» ដែល​រៀប​ចំ​ធ្វើនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសខេត្តកំពង់ធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីបើកវគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្រោមអធិបតីភាព លោក វ៉េង ហៀង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដោយមានការចូលរួមពីមន្ត្រីអធិការការងារ, មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តចំនួន៨ រួមមាន ខេត្តកំពង់ធំ, ខេត្តសៀមរាប, ខេត្តបាត់ដំបង, ខេត្តពោធិ៍សាត់, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ, ខេត្តប៉ៃលិន, ខេត្តព្រះវិហារ, រួមនិង មន្ត្រីថ្នាក់ក្រុង/ស្រុក និងឃុំ/សង្កាត់ នៃខេត្តទាំង៨នេះផងដែរ ក្នុងនោះសរុបជាង ១១០នាក់ ។

ថ្លែង​នៅ​ក្នុង​ពិធី​បើកវគ្គបណ្តុះបណ្តាល លោក​អនុរដ្ឋលេខាធិការបានគូសបញ្ជាក់ថា វគ្គ​បណ្តុះបណ្តាល​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​បង្កើន​សមត្ថភាព និងអភិវឌ្ឍចំណេះដឹង​ជូន​ដល់​មន្ត្រី​អធិការកិច្ចការងារ និងជាពិសេសមន្ត្រីមូលដ្ឋានរាជធានី/ខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ ដែលមានសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង និង​ដើម្បី​ចូលរួមក្នុងការផ្សព្វផ្សាយពាក់ព័ន្ធនឹងការហាមឃាត់ការប្រើប្រាស់ពលកម្មកុមារ និងទប់ស្កាត់ ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង។

លោក វ៉េង ហៀង បន្ថែមថា វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើង ដោយ​មាន​ការ​ចង្អុល​បង្ហាញ​ដ៏​ខ្ពង់ខ្ពស់​ពី លោករដ្ឋមន្ត្រី ហេង សួរ ដើម្បី​ចូលរួម​ចំណែក​អនុវត្តគោលនយោបាយ ដែល​រាជរដ្ឋាភិបាលបានដាក់ចេញ និង​ជា​ពិសេស​សារ​លិខិត​ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា និងខួបលើកទី ២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤ ដើម្បីឱ្យក្រសួង ស្ថាប័ន និងមន្ត្រីពាក់ព័ន្ធបង្កើនកិច្ចគាំពារកុមារ និងហាមឃាត់ការរំលោភបំពានលើកុមារគ្រប់រូបភាព។

ទន្ទឹម​នឹង​នេះ វគ្គបណ្តុះបណ្តាលនេះ ក៏មានការធ្វើបទបង្ហាញ គោលការណ៍ច្បាប់ និងការណែនាំនានា ពាក់ព័ន្ធនឹងការប្រើប្រាស់ពលកម្មកុមារ និងទប់ស្កាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង ដោយវាគ្មិនមកពីអង្គភាពជំនាញនានានៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផងដែរ។

ដើម្បីរួមគ្នាបង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារនៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង ឯកឧត្តមអនុរដ្ឋលេខាធិការ បានជំរុញឱ្យបន្តកិច្ចសហការគ្រប់ភាគីពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល រួមគ្នាប្តេជ្ញាចិត្តបញ្ចប់រាល់ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារ តាមរយៈកិច្ចសហការពង្រឹងសមត្ថភាពមន្ត្រីជំនាញ ការរាយការណ៍រហ័ស (Hotline និង Online) និងការចូលរួមត្រីភាគីបូក ដើម្បីជំរុញយុទ្ធនាការសហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ ដែលគ្មានការប្រើប្រាស់ពលកម្មកុមារ។

ទន្ទឹមនេះ លោក​ក៏បានអំពាវនាវឱ្យអាជ្ញាធរ និងភាគីពាក់ព័ន្ធ ត្រូវចូលរួមផ្សព្វផ្សាយអំពីការទប់ស្កាត់ពលកម្មកុមារ និង​ទប់ស្កាត់គ្រប់ស្ថានភាព​នៃការរំលោភបំពានលើកុមារ ជាពិសេសនៅតាមមូលដ្ឋានដែលមានសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម