ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ៖ មន្ទីរពេទ្យត្រូវយកចិត្តទុកដាក់កសាងសមត្ថភាពនិងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ
លោក សាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាលបានជំរុញ ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកមន្ទីរពេទ្យទាំងអស់ឱ្យយកចិត្តទុកដាក់ខ្ពស់លើការកសាងសមត្ថភាព និងការពង្រឹងលើក្រមសីលធម៌វិជ្ជាជីវៈជាពេទ្យព្រោះកត្តាទាំងពីរនេះជាគោលការណ៍សំខាន់ដែលយើងត្រូវយកចិត្តទុកដាក់ជាទីបំផុតក្នុងការលើកកម្ពស់កិត្យានុភាពរបស់មន្ទីរពេទ្យ។

ថ្លែងក្នុងសន្និបាតបូកសរុបការងារសុខាភិបាលឆ្នាំ ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់មន្ទីរពេទ្យកុមារជាតិកាលពីថ្ងៃទី០៣ មេសា លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការកសាងសមត្ថភាព និងការពង្រឹងលើក្រមសីលធម៌វិជ្ជាជីវៈជាពេទ្យធ្វើឡើងតាមរយៈការធ្វើបច្ចុប្បន្នភាពសមត្ថភាពឱ្យបានទៀងទាត់ និងជាប្រចាំនូវវិធីសាស្ត្រ វិទ្យាសាស្ត្រថ្មីៗតាមរយៈការបណ្តុះបណ្តាលរយៈពេលវែង ឬ រយៈពេលខ្លីឆ្លងតាមការចូលរួមក្នុងសន្និសីទជាតិ និងអន្តរជាតិ។ល។

លោករដ្ឋមន្ត្រីបានបន្តថា ក្រៅពីនេះត្រូវក្រមសីលធម៌វិជ្ជាជីវៈដែលជាបេះដូងនៃបេសកកកម្មរបស់យើងព្រោះថា បេះដូងស្ថិតនៅជំនឿជឿជាក់ របស់យើងក្នុងការបំពេញភារកិច្ចហើយគ្រប់ការសម្រេចរបស់យើងត្រូវមានក្រមសីលធម៌។ ដូចជាករណីការព្យាបាលជំងឺឬវះកាត់ជំងឺអ្វីមួយដែលចាំបាច់បើខ្វះក្រមសីលធម៌និងវិជ្ជាជីវៈគឺនឹងធ្វើឱ្យអ្នកជំងឺប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិតអ្នកជំងឺ។

លោករដ្ឋមន្ត្រីបានបន្តទៀតថា “បញ្ហាក្រមសីលធម៌យើងត្រូវមើលឃើញទាំងអស់គ្នាថា សព្វថ្ងៃនេះទោះបីជាយើងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពទាំងថ្ងៃទាំងយប់ ទាំងថ្ងៃធម្មតាទាំងថ្ងៃឈប់សម្រាក យ៉ាងណាក៏ដោយក៏យើងតែងទទួលបាននូវពាក្យរិះគន់តិច ឬច្រើនពីសំណាក់ប្រជាជនមកលើសេវាសុខាភិបាលរបស់យើងតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា ពិសេសតាមរយៈបណ្តាញសង្គមនានា។ល។

ដែលទាមទារឱ្យយើងទាំងអស់គ្នាចូលរួមលើកកម្ពស់ក្នុងការកែប្រែរាល់កំហុសឆ្គងឥរិយាបថទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់ដល់ក្រមសីលធម៌វិជ្ជាជីវៈក្នុងការផ្តល់សេវា ជូនប្រជាជនយើងនិងដើម្បីធានាថា មន្ទីរពេទ្យយើងបានផ្តល់សេវាជូនប្រជាជននិងកុមារប្រកបដោយគុណភាព និងសុវត្ថិភាព”។

លោករដ្ឋមន្ត្រីបានបន្ថែមថាលើសពីនេះគ្រូពេទ្យត្រូវមានឆន្ទៈពេលអ្នកជំងឺចូលមកមន្ទីរពេទ្យត្រូវជួយសង្គ្រោះឬព្យាបាលអ្នកជំងឺពីដើមរហូតដល់ចប់ពោលគឺត្រូវធ្វើរោគវិនិច្ឆ័យអ្នកជំងឺឱ្យបានច្បាស់លាស់មានជំងឺអ្វីត្រូវព្យាបាលប៉ុន្មានថ្ងៃនិងប្រាប់ឬពន្យល់ឱ្យបានលំអិតពីជំងឺនិងរបៀបព្យាបាលជំងឺដល់អាណាព្យាបាល ឬសាច់ញាតិអ្នកជំងឺឱ្យបានដឹងដើម្បីធ្វើយ៉ាងណាកុំឱ្យគ្រូពេទ្យយើងក្លាយជាជនត្រូវចោទ។ព្រោះថា កន្លងមកដោយសារតែគ្រូពេទ្យមួយចំនួនមិនបានប្រាប់ ឬពន្យល់ ឬឱ្យគិលានុប្បដ្ឋានទៅប្រាប់ដល់គ្រួសារអ្នកជំងឺទើបធ្វើឱ្យអ្នកជំងឺមួយចំនួនគាត់មិនអស់ចិត្តដល់ពេលមានបញ្ហាគាត់បន្ទោសពេទ្យហើយគ្រូពេទ្យក្លាយជាជនត្រូវចោទ។

ជាងនេះទៀតថ្នាក់ដឹកនាំមន្ទីរពេទ្យត្រូវមានការប្តេជ្ញាចិត្តខ្ពស់និងត្រូវមានទំនាក់ជាប្រចាំជាមួយមន្ត្រីបុគ្គលិក និង គ្រូពេទ្យត្រូវដឹងបុគ្គលិកណាសកម្ម ឬមិនសកម្មព្រោះថា នៅក្នុងអង្គភាពមួយតែងតែមានអ្នកមិនសកម្មភាពខ្លះហើយបើទោះបីជាបានណែនាំច្រើនលើកច្រើនសារក៏ដោយ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា “ពេលបុគ្គលនោះធ្វើខុសវាបានប៉ះពាល់ដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យនិងក្រសួងក៏ដូចជាគ្រូពេទ្យទាំងអស់ព្រោះដូចពាក្យចាស់ពោលថា “ត្រីមួយកន្ត្រក់ស្អុយមួយស្អុយទាំងអស់”។ ដូចនេះយើងត្រូវហ៊ានអាកាត់បញ្ហានេះដោយសារសម័យនេះហើយមិនអាចឱ្យបុគ្គលមួយធ្វើឱ្យប៉ះពាល់ដល់គ្រូពេទ្យយើងដែលបានខិតខំបំពេញការងារបានល្អនោះទេ”។ លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា “ជោគជ័យរបស់កុមារជាជោគជ័យធំសម្បើមសម្រាប់អនាគតរបស់ជាតិយើងព្រោះថា កុមារថ្ងៃនេះនឹងក្លាយជាយុវជននៅថ្ងៃស្អែកយុវជនថ្ងៃនេះនឹងក្លាយជាមនុស្សចាស់នៅថ្ងៃស្អែក។បើកុមារនិងយុវជនមានសុខភាពល្អពេលចាស់ទៅក៏ល្អប្រសើរដែរ។ បើចាប់ផ្តើមស្ពាយជំងឺតាំងពីកុមារទៅហើយធ្វើម៉ិចបានរឹងមាំ។ដូច្នេះគ្រូពេទ្យមានបេសកកម្មវិសេសវិសាលណាស់»៕
អត្ថបទ ៖ សំអឿន








-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ