Connect with us

ព័ត៌មានជាតិ

គម្រោង CAPFISH-Capture ជួយប្រជាសហគមន៍នេសាទស្រីចឹកយល់ពី​តម្លៃ​នៃភាពគង់វង្សរបស់ត្រី

បានផុស

នៅ

សហគមន៍​ស្រីចឹក ក្នុង​ឃុំកញ្ជរ ស្រុក​កណ្ដៀង មានចំងាយប្រមាណ៣០គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​ពោធិ៍សាត់។ ប្រជាជន​ក្នុងសហគមន៍​នេះប្រកបរបរជា​អ្នកនេសាទដោយសារពួកគេនៅ​ជិត​បឹង​ធម្មជាតិដ៏ធំនៃកម្ពុជាស្រាប់​គឺ​បឹង​ទន្លេសាប។

ពីមុនសហគមន៍នេះ​ធ្លាប់​រងគ្រោះពីការនេសាទត្រីខុសច្បាប់ ដែល​មិន​ត្រឹម​តែប្រព្រឹត្តិដោយ​អ្នកមក​ពីខាងក្រៅទេ តែក្នុងសហគមន៍​ក៏មានផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាសហគមន៍ស្រីចឹកអ្នកស្រី យ៉ង សារី បានថ្លែងថា​៖ «កាលពីមិនទាន់បង្កើតសហគមន៍​គាត់(ពលរដ្ឋ)គាត់អត់មាន​របរអីចឹង​ជួនកាលគាត់បង្កើតជាក្បាលឆក់(ត្រី)ដល់ពេល​បង្កើត​សហគមន៍​គេហៅគាត់ទៅប្រជុំច្រើនដល់​គាត់យល់​ទៅ​ក៏​គាត់ឈប់រកទៅ»។

ត្រីកាន់តែខ្សត់ហើយពលរដ្ឋ​ក៏ខំប្រឹងរកតាមមធ្យោបាយ​ខុស​ច្បាប់ច្រើនឡើងដើម្បី​រកត្រីឱ្យបានបំពេញតម្រូវការ​មួយថ្ងៃៗរបស់ខ្លួន។ ក្នុងពេល​ដែលពលរដ្ឋប្រើប្រាស់ការឆក់ត្រី និងបង់សំណាញ់ក្រឡាញឹកជាដើមនោះ ជនល្មើសដែលមកពីខាងក្រៅចូលរួមជួយបំផ្លាញដែរ។

ប្រធានសហគមន៍​នេសាទ​ស្រីចឹក​លោក ឌុក សុខា៖ «ពីមុន​បទល្មើស​ដែល​កើត​ឡើង​មក​នៅ​តំបន់​ផ្សេង​ហើយ​វា​ហៀរចូល​មក​តំបន់​យើង​ យើង​ព្រួយបារម្ភណាស់! យើង​ព្យាយាម​បង្ក្រាប ផ្សព្វផ្សាយ ផ្ដល់ព័ត៌មានដល់​ថ្នាក់ដឹកនាំដើម្បីជួយអន្តរគមន៍​ធ្វើ​មិចឱ្យបង្ក្រាបបទល្មើស​ហ្នឹង​ឱ្យបាន​»។

​លោក ឌុក សុខា

ក្នុង​ឆ្នាំ២០២២ ជាឆ្នាំដែលមាន​ការបង្ក្រាប​បទល្មើសនេសាទធំ​បំផុតក្រោយពី​អតីតនាយករដ្ឋមន្ត្រី សម្ដេចតេជោព្រមានដកតំណែងអភិបាល​ខេត្ត​នៅ​ជុំវិញបឹងទន្លេសាប និង​មន្ត្រីពាក់ព័ន្ធ​ចេញបើ​បង្ក្រាបបទល្មើសនេសាទមិនបាន។ ការ​បញ្ជានេះ​គឺ​បន្ទាប់ពី​សម្ដេចទទួល​បាន​របាយការណ៍ពី​ការ​ទន្ទ្រានដី​ព្រៃលិច​ទឹក និង​បទល្មើស​នេសាទពី​រាជបណ្ឌិត​សភាកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុង​ពិធីបិទសន្និបាតការងារក្រសួងកសិកម្ម​កាលពី​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ៖ «និយាយគ្នាឱ្យត្រង់ៗ ហើយក៏មិនចាំបាច់ធ្វើរដ្ឋមន្ត្រីកសិកម្ម មិនចាំបាច់ធ្វើរដ្ឋមន្ត្រីធនធានទឹក មិនបាច់ធ្វើរដ្ឋមន្ត្រីបរិស្ថានអីទេ បើគ្រាន់តែធ្វើប៉ុណ្ណឹង ធ្វើមិនឈ្នះនោះ កុំធ្វើជាមេទាហាន មេប៉ូលីសបន្តទៀត អាឡូវមើល នាំគ្នាបន្ទាប់ពីហ្នឹងទៅនាំគ្នាធ្វើទៅ»។

វិធានការពេលនោះ​ក៏ស្របគ្នា​ដែលគម្រោង​របស់​អង្គការ FAO សហការជាមួយរដ្ឋបាលជលផល​ដាក់អនុវត្តន៍គម្រោងជំរុញ​កំណើន​វិស័យ​ជលផល​ប្រកប​ដោយ​ចីរភាព និង​បរិយាបន្ន​ផ្នែក​នេសាទ  CAPFISH-Capture នៅ​តំបន់​នេះ​(២០២១-២០២៥)ផងដែរ។

គម្រោង​ CAPFISH-Capture គឺជាគម្រោងដែល​បង្កើត​ឡើង​ដើម្បីលើក​កម្ពស់​ការ​អភិរក្ស​ធនធាន​ជលផល​ ការ​គ្រប់គ្រង ការ​អនុវត្តច្បាប់​ជល​ផលក្នុង​ដែន​នេសាទទឹកសាប និង​សមុទ្រ ព្រម​ទាំង​លើ​កកម្ពសល់​ភាព​ធន់នឹង​អាកាសធាតុរបស់​សហគមន៍​នេសាទទាំង​តំបន់​បឹង​ទន្លេសាប និង​តំបន់​ឆ្នេរ​។ តំណាង​អង្គការ​ FAO ប្រចាំកម្ពុជា​លោកស្រី Rebeacka Bell បានលើកឡើងថានៅ FAO មាន​គណៈកម្មការពិភពលោក​ដែលមានការ​ព្រមពៀងដោយ​ប្រទេស​ជាសមាជិក​ទាំងអស់ថា ការ​នេសាទ​ដែលមាននិរន្តរភាពគឺ​ត្រូវមានការ​គ្រប់គ្រងឱ្យបាន​ល្អ។

លោកស្រីថា៖ «តាមរយៈការ​គ្រប់គ្រង​នូវ​ទិន្នផល​ទឹកសាប​នេះ​បាន​ល្អ​យើង​នឹង​ឃើញ​នូវវឌ្ឍនភាពដ៏សំបូរបែប​នៃ​ជីវចម្រុះក៏ដូចជា​ការ​ការ​ចូលរួម​ចំណែក​របស់​ភាគីពាក់ព័ន្ធនិង​អាជ្ញាធរ​មូលដ្ឋាន​។ យើង​ក៏​ឃើញមានការ​កំណត់ព្រំដែន​នៃជលផល​របស់​យើង​ថា​តើ​ក្នុង​កម្រិត​ណា​ដែលសហគមន៍​អាច​ធ្វើ​ការ​នេសាទ​បាន​ និង​កន្លែង​ណា​ដែល​គេ​មិន​អនុញ្ញាត​​»។

ងាកមក​សហគមន៍ស្រីចឹក​វិញ កាលពីដំបូង​បញ្ហានេសាទខុសច្បាប់​នៅមិនទាន់អាចដោះស្រាយបញ្ហាបានភ្លាមៗនៅឡើយទេ​ដោយសារ​ពលរដ្ឋ​នៅ​កង្វះការ​យល់​ដឹង និង​តម្រូវ​ការ​ក្រពះខ្លាំង​ជាងទៀតនោះតម្រូវឱ្យ​សហគមន៍​បង្កើត​វគ្គអប់រំបណ្ដុះ​បណ្ដាល​ពលរដ្ឋ​ក្នុង​សហគមន៍​ជា​រឿយៗ​រហូត​ដល់​ថ្ងៃមួយ​គឺពលរដ្ឋ​បាន​នាំ​យក​ឧបករណ៍នេសាទខុសច្បាប់​ទៅ​ប្រគល់ឱ្យ​សមត្ថកិច្ចតែម្ដង។

ប្រជាសហគមន៍ស្រីចឹកអ្នកស្រី យ៉ង សារី បានថ្លែងថា៖ «ពីមុនៗដូចថា​គាត់អត់ទាន់មានការ​យល់​ដឹងគាត់អាចលួច​រក​ក្នង​សហគមន៍នេះ​ដែរដល់ពេល​ចាប់​គាត់បាន​យក​ទៅ​អប់រំ​ទៅដោះលែងគាត់វិញទៅគាត់យល់​ដឹង​ច្រើន​ក៏​គាត់​យករបស់របរគាត់ទៅប្រគល់​ឱ្យ​សហគមន៍ សហគមន៍​ប្រគល់​ឱ្យ​អាជ្ញាធរ​ដែន​ដីដុត​ចោល។ ឥឡូវគាត់​រាយ​មងរាយសន្ទូច គាត់​បង់សំណាញ់​ ចូកត្រីជាលក្ខណៈ​គ្រួសារ​»។

ប្រជាសហគមន៍​ស្រីចឹក​អ្នកស្រី សេង ហួយ៖ «យើងជួយការពារមើល​ការ​ខុស​ត្រូវ​ បើ​អ្នកណា​ធ្វើខុសច្បាប់​ខុសអី​យើង​ជួយ​គ្នា​ចឹង​ទៅមើល​ការ​ខុសត្រូវ​ចឹង​ទៅ។ ប្រជាជនចេះ​តែ​ជួយគ្នា​ចឹង​ទៅ»។

អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​ កញ្ញា អ៊ឹម រចនា បានលើក​ឡើង​ថា ភាពជោគជ័យ​នៃ​សហគមន៍​ស្រីចឹក​ក៏​ដូច​ជា​ភាព​ជោគ​ជ័យ​នៃ​សហគមន៍​នេសាទ​ដទៃទៀត​ដែល​ទទួល​បាន​អនុវត្តន៍​គម្រោង  CAPFISH-Capture ដូចគ្នា ហើយ​កញ្ញា​សង្ឃឹម​ថាទោះបី​គម្រោង​នេះ​នឹង​បិទ​បញ្ចប់​នៅ​ឆ្នាំ​២០២៥​នេះ​ក្ដីសហគមន៍​នឹង​នៅ​តែ​បន្ត​និរន្តភាព​របស់​ខ្លួន​ និង​ការ​ចូលរួម​ជួយ​ការ​ពារ​ធនធាន​ជល​ផល​បន្ត​ទៀត​ដែរ​។

កញ្ញា អ៊ឹម រចនា៖ «យើង​ក៏​ឃើញ​មាន​សហគមន៍​ដែល​លូត​ខ្លាំង និង​សហគមន៍​ដែល​លូត​តាមសមាជីរ។ ប៉ុន្ដែយ៉ាង​ណា​ក៏​ដោយ​តាម​រយៈ​គម្រោង​នេះ​យើង​អាច​ធានាពីនិរន្តភាព​ធនធាន​ជលផលទាំង​ទឹកសាបនិង​ទឹកប្រែជា​ពិសេស​គឺ​នៅ​តំបន់​ទឹក​សាប​តែ​ម្ដងនៅ​តំបន់​បឹង​ទន្លេសាបនេះ​»។

គម្រោង CAPFISH-Capture ទទួល​បាន​ជំនួយ​ពី​សហភាព​អឺរ៉ុប​លើ​សហគមន៍​ចំនួន​២៥០​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជាដោយ​ក្នុង​មួយសហគមន៍​ទទួល​បាន​ទឹកប្រាក់​១ពាន់ដុល្លារ​ក្នុង​មួយ​ឆ្នាំដើម្បីជួយ​ដល់​ការ​គ្រប់គ្រង​សហគមន៍។

តំណាងអនុប្រធានសហប្រតិបត្តិប្រចាំសហភាពអឺរ៉ុបនៃកម្ពុជាលោក Koen Everaert បាន​លើក​ឡើងថាសហភាព​អឺរ៉ុប​បាន​ជួយ​លើ​វិស័យ​ជល​ផល​កម្ពុជា​ជាង​២០​ឆ្នាំ​មក​ហើយ ដែល​មាន​ទឹក​ប្រាក់​ប្រមាណ​១ពាន់លានអឺរូសម្រាប់​កិច្ច​ការ​នេះ។ លោកថា​ត្រីគឺជាបេះដូង​នៃ​វប្បធម៌​នៃ​បេតិកភណ្ឌរបស់​កម្ពុជា ភាព​រីកចំរើន​នៃ​អរិយធម៌កម្ពុជាគឺ​កើត​មាន​ដោយ​សារការរួមចំណែក​សម្បត្តិ​ធម្មជាតិ​នេះ​ហើយ​ ដែល​អាច​មើល​ឃើញបាន​លើ​ជញ្ជាំង​ប្រាសាទ​បុរាណខ្មែរ ហើយ​អឺរ៉ុបចង់ឃើញកម្ពុជា​រក្សា​បានភាព​រុងរឿង​និង​រីកចម្រើនទាំងនេះ​បន្តទៀត។

លោក Koen Everaert ៖ «សូមអរគុណ​ដល់​កិច្ចខិតខំប្រឹងប្រែង​របស់រដ្ឋាភិបាល អរគុណដល់អ្នកអនុវត្តន៍គម្រោង​ FAO និងសហគមន៍ និង​អ្នកពាក់ព័ន្ធដែលបាន​ធ្វើ​ឱ្យ​បទល្មើសនេសាទបានថយ​ចុះជាច្រើន។ ពួកយើងរីករាយជាមួយ​រឿង​នេះ និងសង្ឃឹមថាការ​នេសាទ​ខុសច្បាប់​នឹង​ថយ​ចុះដល់កម្រិត​ទាបបំផុត ជាប្រយោជន៍​សម្រាប់​ប្រជាជន​កម្ពុជា ព្រោះ​នេះ​ជា​ធនធានរបស់​ប្រជាជនកម្ពុជាទាំងអស់ »។

អភិបាលខេត្ត​ពោធិ៍សាត់លោក ខូយ រីដា ថាបន្ទាប់ពី​វិធានការ​ក្ដៅ​ និង​ការ​អប់រំ​ដល់​សហគមន៍នេសាទនៅប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​ធ្វើ​ឱ្យពូជត្រី​កើន​ឡើង​ច្រើនដោយ​ក្នុង​ឆ្នាំ​២០២៤​កន្លង​ទៅ​មាន​ការ​កើន​ឡើង​ដល់​ជាង​១ម៉ឺន​តោន។ លោកបន្ថែម​ថាវិធានការ​ដែលបានដាក់ចេញកន្លងមកទោះ​បីជា​ធ្វើឱ្យប្រជានេសាទអាចប្រឈមនឹង​ការ​លំបាកមួយរយៈក្ដីតែលទ្ធផលនៅពេលនេះ និងពេលខាង​មុខ​ទៀតគឺ​ពលរដ្ឋ​នឹង​សាទរជា​មិន​ខាន។

លោក​ ខូយ រីដា៖ «មិនខុស​ទេ! ចាំ​មើល​តែ​២-៣ឆ្នាំទៅមុខ​ទៀត​តែ​បើយើង​កែ​ប្រែទម្លាប់ ឥរិយាបទ​នេះ​បាន​ប្រជាជន​យើង​​ កូន​ចៅ​ជំនាន់​ក្រោយ និង​ឱ្យ​តម្លៃ​គោលនយោបាយដឺកនាំដ៏ឈ្លាសវៃរបស់ប្រមុខ​រាជរដ្ឋាភិបាល ឱ្យតម្លៃ​ក្រសួង អាជ្ញាធរ​ដែន​ដី គ្រប់លំដាប់​ថ្នាក់ជាមិនខាន»។

រដូវបិទនេសាទនៅបឹងទន្លេសាបនឹងចាប់ផ្ដើមនៅខែមិថុនា ជារៀងរាល់ឆ្នាំ ដើម្បីទុកពេលឱ្យត្រីពង និងអនុញ្ញាតឱ្យប្រើប្រាស់តែឧបករណ៍នេសាទគ្រួសារប៉ុណ្ណោះ។ ពេលសាកសួរពលរដ្ឋ​នៅសហគមន៍ស្រីចឹកថាតើពេលបិទនេសាទពួកគាត់នឹងធ្វើអ្វីចម្លើយជា​សាមញ្ញថា ប្រុសៗទៅធ្វើការ​ខាង​ក្រៅដូចជា​ធ្វើសំណង់ជាដើម ខណៈស្រីៗនៅផ្ទះនិងនេសាទលក្ខណៈគ្រួសារតិចតួច។

ពេលនេះពលរដ្ឋបានលើក​ឡើងពីសារៈសំខាន់​របស់​ភាព​គង់រង្សរបស់ត្រីដល់​ជីវភាព​របស់គាត់ថា​គឺជាភាព​គង់វង្ស និង​រីកចម្រើន​តកូន​ចៅ​របស់​គាត់​ផងដែរ។

ប្រធានសហគមន៍ស្រីចឹក លោក ឌុក សុខា៖ «បើ​យើង​មិនគ្រប់គ្រង​មិន​ការ​ពារ​ទេវា​នឹងធ្វើ​ឱ្យ​បាត់ប្រាក់​ចំណូល​ និង​ធ្វើ​ឱ្យ​ចំណាក​ស្រុក​គាត់​អត់មាន​ចំណូល​អត់អាច​ប្រកបរបរនេសាទតទៀតទេ។ អ៊ីចឹងត្រីសំខាន់​ណាស់! គឺ​ជាអាហារ​របស់គាត់ប្រចាំ​ថ្ងៃ ទី២​គាត់អាចលក់ទៅទីផ្សារ​ដើម្បី​បាន​ចំណូល​ផ្គត់​ផ្គង់​គ្រួសារ​ ឱ្យ​កូន​គាត់​បាន​ទៅរៀន ទិញឧបករណ៍​សម្ភារៈនិយម​អីសម្រាប់​ជីវភាព​របស់​គាត់។ ធនធាន​ត្រីនេះ​គឺ​សំខាន់ណាស់»។  

អ្នកស្រី យ៉ង សារី៖ «ត្រីមាន​សារៈសំខាន់​សម្រាប់ពលរដ្ឋ ប្រសិន​ជា​យើង​អត់បង្កបទល្មើស​ហ្នឹង​ច្រើនត្រីវា​កាន់​តែ​កើន​ច្រើន​ទៅចិញ្ចឹម​ក្មេង​ៗ​ជំនាន់​ក្រោយ​តទៅ​មុខ​ទៀតកាន់តែបាន​ច្រើន។ កាលណា​យើង​បំផ្លាញ​ទៅ​វា​កាន់តែ​ហិនហោច​ទៅ​ម្ដង​បន្តិចៗវា​អត់មាន​ផលប្រយោជន៍​ទៅ​មុខ»។

ការផ្លាស់ប្ដូរឥរិយាបថ និង​ភាព​ជោគជ័យ​នៃសហគមន៍នេសាទស្រីចឹកបង្ហាញពីការ​ចូលរួម​គ្នា​រវាង​រដ្ឋាភិបាល អង្គការ​ពាក់ព័ន្ធ និង​ប្រជាជន​ផ្ទាល់​ដើម្បី​ដោះស្រាយបញ្ហា​ដែល​កើតមាន និង​ក៏បង្ហាញផងដែរ​ពីសារៈសំខាន់នៃ​ការ​អប់រំកែ​ប្រែឥរិយាបថ​របស់ពលរដ្ឋដើម្បី​ការ​អភិវឌ្ឍន៍ និង​និរន្តរភាពនៃ​ជីវភាព​ពលរដ្ឋ​តកូនតចៅ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម