ព័ត៌មានជាតិ
អតីតសិស្សនិទ្ទេស A ចែករំលែកគន្លឹះសំខាន់ ៣ចំណុច ដើម្បីត្រៀមខ្លួនយកអាហារូបករណ៍សិក្សានៅអាមេរិក
កញ្ញា ថាវ គឹមនី អតីតសិស្សនិទ្ទេស A ឆ្នាំ២០២២ មកពីខេត្តបន្ទាយមានជ័យ បច្ចុប្បន្នជានិស្សិតឆ្នាំទី៤ ជំនាញវិស្វកម្មជីវសាស្ត្រ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ព្រមទាំងទទួលបានអាហារូបករណ៍ចំនួន២ ទៅសិក្សានៅសហរដ្ឋអាមេរិក បានចែករំលែកពីគន្លឹះសំខាន់ៗចំនួន៣ ចំណុច ដល់និស្សិតឯទៀតក្នុងការត្រៀមខ្លួនឱ្យបានរួចរាល់សម្រាប់ទទួលបានអាហារូបករណ៍ទៅក្រៅប្រទេស។

និស្សិតស្រី ថាវ គឹមនី បានប្រាប់មក កម្ពុជាថ្មី ថា ខ្លួនទទួលបានអាហារូបករណ៍សិក្សានៅសហរដ្ឋអាមេរិកចំនួន២។ ទី១ The 2025 YSEALI Academic Fellows Program ដែលជាកម្មវិធីផ្លាស់ប្ដូរការសិក្សា Fully Funded ដោយ U.S department of State មានរយៈពេលចំនួន ៥សប្ដាហ៍ ហើយ គឹមនី បានទៅរដ្ឋ Hawai’i, New Mexico, និង រាជធានី Washington D.C សិក្សាទៅលើជំនាញ ធនធានធម្មជាតិ (Theme: Natural Resources)។ កម្មវិធីទី២ គឺ Harpswell U.S. Scholarship 2025-2026 ដែលជា Fully Funded Fellowship ទៅសិក្សានៅសហរដ្ឋអាមេរិកចំនួន ១ឆ្នាំនៅសកលវិទ្យាល័យ Christian Brothers University នៅទីក្រុង Memphis រដ្ឋ Tennessee រៀបចំដោយមូលនិធិ Harpswell លើជំនាញ សុខភាពសាធារណៈ (Public Health)។ កញ្ញាបញ្ជាក់ថា អាហារូបករណ៍ទី១ ខ្លួនទើបតែបញ្ចប់ការសិក្សាកាលពីពេលថ្មីៗនេះ ដោយឡែក សម្រាប់អាហារូបករណ៍ទី២ នឹងចាប់ផ្តើមនៅខែសីហា ឆ្នាំ២០២៥ ខាងមុខ។
សម្រាប់ការត្រៀមខ្លួនបែបណា ដើម្បីទទួលបានអាហារូបករណ៍នោះ គឹមនី បានចែករំលែកចំនួន៣ចំណុច ទី១ ការស្គាល់ពីអាហារូបករណ៍ ទី២ ស្គាល់ពីខ្លួនឯង និងទី៣ ការត្រៀមខ្លួន។ គឹមនី ថា មុននឹងនិស្សិតសម្រេចចិត្តដាក់អាហារូបករណ៍អ្វីមួយ គឺត្រូវធ្វើការស្រាវជ្រាវលើអាហារូបករណ៍នោះឱ្យបានច្រើនអំពីអាហារូបករណ៍ និងលក្ខខណ្ឌនានាដែលត្រូវការ។ បន្ទាប់ពីសិក្សាស្វែងយល់ពីអាហារូបករណ៍ហើយ និស្សិតត្រូវមកមើលពីសមត្ថភាពរបស់ខ្លួន តើខ្លួនមានអ្វីតាមតម្រូវការរបស់អាហារូបករណ៍ដែរទេ? បន្តមកទៀត អ្នកសិក្សាក៏ត្រូវមានការត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមកិច្ចការសង្គម ការងារស្ម័គ្រ ចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាឱ្យបានច្រើន ដើម្បីបង្ហាញថា ខ្លួនបានចូលរយមការងារសង្គម ឬភាពជាអ្នកដឹកនាំក្នុងខ្លួនជាដើម។

និស្សិត វិស្វកម្មជីវសាស្ត្ររូបនេះ បានលើកទឹកចិត្ត ដល់និស្សិត និងអ្នកដែលចង់ដាក់អាហារូបករណ៍ទៅក្រៅប្រទេសទាំងអស់មានគំនិតវិជ្ជមានមួយក្នុងខ្លួន គឺគ្មានអ្វីដែលមិនអាចទៅរួចនោះទេ។ ចំណុចនេះ គីមនី ចង់ឱ្យនិស្សិតគ្រប់រូបតាំងចិត្តខិតខំដាក់ពាក្យយកអាហារូបករណ៍ដែលខ្លួនចង់បាន កុំចុះចាញ់ ដើម្បីអភិវឌ្ឍន៍ខ្លួន និងប្រទេសជាតិ។
កញ្ញា គឹមនី និយាយថា៖ “អ៊ីចឹង អត់មានអីដែលមិនអាចទៅរួចទេ។ Be positive តាំងចិត្ត ព្យាយាម ហើយធ្វើវា។ ដាក់ពាក្យទៅ ជាប់ មិនជាប់ គឺជាការខិតខំរបស់យើង បើសិនជាមិនជាប់ យើងត្រូវខិតខំបន្តទៀត”។
បើនិយាយពីបទពិសោធសិក្សានៅសហរដ្ឋអាមេរិកវិញ និស្សិតស្រី ថាវ គឹមនី បន្ថែមថា រយៈពេល ៥សប្តាហ៍ ផ្លាស់ប្តូរការសិក្សានៅអាមេរិក ខ្លួនរៀនសូត្របានច្រើនមែនទែន ដូចជាបច្ចេកទេសរៀន និងពិភាក្សាគ្នារបស់ប្រទេសមហាអំណាចមួយនេះ ការចេះរស់នៅឯករាជ្យដោយខ្លួនឯង ការចែករំលែកភាសា វប្បធម៌ ទំនៀមទម្លាប់រវាងគ្នា និងជនជាតិដែលមកពីបណ្តាប្រទេសផ្សេងទៀត រួមជាមួយនឹងកិច្ចការនានាដែលធ្វើរួមគ្នាក្នុងនាមជានិស្សិតរស់នៅក្នុងអន្តេវាសិកដ្ឋានអំឡុងពេលសិក្សានៅទីនោះ បានធ្វើឱ្យនិស្សិតកម្ពុជារូបនេះ មានមោទនភាពជាខ្លាំង ព្រមទាំងទទួលបានចំណេះដឹង និងបទពិសោធថ្មី៕



-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


