ព័ត៌មានជាតិ
ផ្លូវជាតិយុទ្ធសាស្រ្ត ៣ ខ្សែ ស្ថិតក្នុងផែនការអាទិភាព ជំរុញបើកការដ្ឋានសាងសង់
ផ្លូវជាតិយុទ្ធសាស្រ្តចំនួន ៣ ខ្សែ ស្ថិតនៅក្នុងផែនការជំរុញការសាងសង់របស់រដ្ឋាភិបាល ដើម្បីបង្កើតបណ្តាញប្រព័ន្ធដឹកជញ្ជូនប្រទាក់ក្រឡាគ្នាទូទាំងប្រទេស។
ផ្លូវជាតិលេខ ៦០បេ
អតីតនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងពាក់ព័ន្ធគម្រោងស្ថាបនាផ្លូវជាតិថ្មីពីខេត្តក្រចេះមកខេត្តកំពង់ធំ ដែលនឹងចូលរួមពង្រឹងដល់ប្រព័ន្ធដឹកជញ្ជូន និងនាំផលប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
នៅក្នុងសន្និសីទកាសែតបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញកាលពីឆ្នាំ ២០២២ សម្តេចតេជោ ហ៊ុន សែន ក្រៅពីលើកពីគម្រោងស្ថាបនាស្ពានឆ្លងទន្លេមេគង្គក្នុងខេត្តក្រចេះ សម្តេចបានបង្ហើបពីគម្រោងស្ថាបនាផ្លូវជាតិលេខ ៦០បេ ពីខេត្តក្រចេះទៅខេត្តកំពង់ធំ ដោយប្រើប្រាស់ថវិកាពីរដ្ឋាភិបាលចិន។

ផ្លូវជាតិលេខ ៦០ បេ (ក្រុងក្រចេះ- កំពង់ថ្ម – កំពង់ធំ) មានប្រវែងសរុបជាង ១៣០ គីឡូម៉ែត្រ ដែលសាងសង់តភ្ជាប់ពីស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះកាត់តាមស្រុកព្រែកប្រសព្វ រហូតដល់កំពង់ថ្មខេត្តកំពង់ធំ។
ពាក់ព័ន្ធគម្រោងស្ថាបនាផ្លូវជាតិលេខ ៦០បេ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសគ្រោងនឹងបើកការដ្ឋានសាងសង់ក្នុងពេលឆាប់ៗខាងមុខ។
ថ្លែងនៅក្នុងពិធីសម្ពោធផ្លូវជាតិលេខ ៧១សេ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា គម្រោងស្ថាបនាផ្លូវជាតិលេខ ៦០បេ នឹងបើកការដ្ឋានសាងសង់ ក្រោយដំណើរការស្ថាបនាស្ពានឆ្លងទន្លេខេត្តក្រចេះបញ្ចប់នៅឆ្នាំ ២០២៥។
ផ្លូវជាតិលេខ ៥០ C ពីកំពង់ឆ្នាំងទៅកំពង់ធំ
ផ្លូវជាតិលេខ ៥០C ក៏ជាគម្រោងអាទិភាព ដែលរដ្ឋាភិបាលកំពុងជំរុញក្នុងការបើកការដ្ឋានសាងសង់។
គម្រោងស្ថាបនាផ្លូវជាតិលេខ ៥០C តភ្ជាប់ពីខេត្តកំពង់ឆ្នាំងទៅកាន់ខេត្តកំពង់ធំ រួមទាំងស្ពានឆ្លងកាត់ទន្លេសាបដែលមានប្រវែងជាង ៣ គីឡូម៉ែត្រ បានសិក្សាចប់សព្វគ្រប់ និងរង់ចាំថវិកាពីរដ្ឋាភិបាលប្រទេសចិន។

បើតាមមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន (CRBC) បានចេញរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាពគម្រោងស្ថាបនាផ្លូវជាតិលេខ៥០C រួចហើយ និងរង់ចាំការពិនិត្យសម្រេចអំពីឥណទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន។
គម្រោងសាងសង់ផ្លូវតភ្ជាប់ពីខេត្តកំពង់ឆ្នាំង ទៅកាន់ខេត្តកំពង់ធំ រួមទាំងស្ពានតភ្ជាប់គ្រោងចំណាយថវិកាប្រមាណ ២៥០ លានដុល្លារ។
ការស្ថាបនាផ្លូវនេះ ចែកចេញជាពីរផ្នែក ក្នុងនោះផ្លូវ ៥០C មានប្រវែងសរុប ៥៨,២០៨ គីឡូម៉ែត្រ ក្រាលកៅស៊ូបេតុង (AC) មានទទឹង ១០ម៉ែត្រ និងស្ពានឆ្លងកាត់ទន្លេសាប ប្រវែង ៣.២៤០ម៉ែត្រ ទទឹង ១៣,៥ម៉ែត្រ។
តាមរយៈហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់នេះ នឹងសម្រួលលំហូរចរាចរណ៍ពីផ្លូវជាតិលេខ៥ ទៅលេខ ៦ និងការតភ្ជាប់ទៅផ្លូវសំខាន់ផ្សេងៗទៀត ព្រមទាំងជួយពន្លឿនការអភិវឌ្ឍតំបន់នោះឲ្យកាន់តែរីកចម្រើន។
ផ្លូវពីសៀមរាបទៅបាត់ដំបង
ផ្លូវមួយខ្សែនេះក៏ស្ថិតនៅក្នុងគម្រោងអាទិភាពរបស់រដ្ឋាភិបាលក្នុងការជំរុញបើកការដ្ឋានសាងសង់។
ថ្លែងក្នុងសន្និសីទជោគជ័យរយៈពេល ៥ ឆ្នាំ របស់រដ្ឋបាលខេត្តបាត់ដំបងកាលពីថ្ងៃ ២៤ មករា ឆ្នាំ ២០២៣ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានមើលឃើញពីគុណប្រយោជន៍នៃការស្ថាបនាផ្លូវថ្មីពីខេត្តបាត់ដំបងទៅខេត្តសៀមរាប ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងបម្រើដល់វិស័យទេសចរណ៍។

បើតាមលោក សុខ លូ ផ្លូវថ្មីដែលគ្រោងសាងសង់នេះមានប្រវែងតែជាង ៧០ គីឡូម៉ែត្រ។ បើធ្វើដំណើរប្រើពេលតែជាងមួយម៉ោងប៉ុណ្ណោះគឺចំណេញពេលច្រើនណាស់ បើប្រៀបធៀបគន្លងផ្លូវចាស់ធ្វើដំណើរឆ្លងកាត់ខេត្តបន្ទាយមានជ័យ។
ក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រុមហ៊ុន China Road and Bridge Corporation របស់ប្រទេសចិនបានសិក្សារួមគ្នាក្នុងការស្ថាបនាផ្លូវកាត់ថ្មីពីខេត្តបាត់ដំបងទៅខេត្តសៀមរាប។ ផ្លូវថ្មីដែលគ្រោងសាងសង់នេះឆ្លងកាត់ខេត្តចំនួន ៣ រួមមាន ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប បើប្រៀបធៀបទៅចម្ងាយផ្លូវចាស់ចំណេញជាង ១០០ គីឡូម៉ែត្រ។
តាមការសិក្សា ផ្លូវថ្មីនេះសាងសង់ចេញពីចំណុចផ្លូវជាតិលេខ៥ ត្រង់ PK302+325 ម៉ែត្រ ឆ្ពោះទៅបញ្ចប់នៅផ្លូវជាតិលេខ ៦ ត្រង់ចំណុច PK343+100 ម៉ែត្រ មានចម្ងាយ ៧២,១៥៤ គីឡូម៉ែត្រ ឆ្លងកាត់ ៥ ស្រុក ក្នុងនោះខេត្តបាត់ដំបងមាន ២ ស្រុក គឺស្រុកថ្មគោល និងស្រុកឯកភ្នំ ខេត្តបន្ទាយមានជ័យ ឆ្លងកាត់ស្រុកព្រះនេត្រព្រះ និងខេត្តសៀមរាប ឆ្លងកាត់ ២ ស្រុក គឺស្រុកក្រឡាញ់ និងស្រុកពួក៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


