ព័ត៌មានជាតិ
លោក នេត្រ ភក្ត្រា លើកទឹកចិត្តម្ចាស់ស្ថានីយទូរទស្សន៍ក្នុងស្រុកទាំងអស់ បន្តផលិតមាតិកាកម្សាន្តសប្បាយ និងរឿងខ្មែរ មានគុណភាព ឲ្យបានច្រើន
លោក នេត្រ ភក្ត្រា បានលើកទឹកចិត្តដល់ម្ចាស់ស្ថានីយទូរទស្សន៍ក្នុងស្រុកទាំងអស់ បន្តផលិតមាតិកាកម្សាន្តសប្បាយ រឿងខ្មែរ ឲ្យបានច្រើន និងមានគុណភាព ដើម្បីលើកស្ទួយវប្បធម៌ជាតិ។ លោកថា រឿងខ្មែរ មិនត្រឹមតែជាមធ្យោបាយកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែជាឧបករណ៍សំខាន់សម្រាប់ថែរក្សា និងពង្រឹងវប្បធម៌ អរិយធម៌ ភាសា និងអត្តសញ្ញាណជាតិ បានកាន់តែរឹងមាំបន្ថែមទៀត។

ការលើកទឹកចិត្តឲ្យមានការផលិតរឿងខ្មែរ និងមាតិការបស់ជាតិសំខាន់ៗ នេះ ធ្វើឡើងក្នុងឱកាស លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី នៃកិច្ចប្រជុំជាមួយអ្នកគ្រប់គ្រង និងម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់ នៅកម្ពុជា ស្ដីពីការបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្ត និងវីដេអូថៃគ្រប់ប្រភេទនៅលើកញ្ចក់ទូរទស្សន៍របស់ខ្លួន។

កិច្ចប្រជុំកាលពីរសៀលថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៥ ម្សិលមិញ ធ្វើឡើងបន្ទាប់ពី ក្រសួងព័ត៌មាន បានចេញលិខិតប្រាប់ដល់ម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់នៅកម្ពុជា បញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃគ្រប់ប្រភេទនៅលើកញ្ចក់ទូរទស្សន៍របស់ខ្លួន ចាប់ពីម៉ោង ១២ យប់ ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៥ តទៅ ហើយម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់ ត្រូវចូលរួមអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់។

ជាមួយគ្នានេះដែរ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានចេញលិខិតជូនដំណឹងដល់គ្រប់ក្រុមហ៊ុនចែកចាយភាពយន្ត និងរោងភាពយន្តទាំងអស់ ក្នុងព្រះរាជាណាចក្រកម្ពុជា បញ្ឈប់ការនាំចូល និងបញ្ឈប់ការចាក់បញ្ចាំងភាពយន្តថៃនៅតាមរោងភាពយន្តរបស់ខ្លួន និងនៅតាមទីតាំងផ្សេងទៀត ជាកំហិត ចាប់ពីម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៥ តទៅ។

ទន្ទឹមជាមួយគ្នានេះ សហព័ន្ធកីឡាប្រដាល់គុណខ្មែរ ក៏បានប្រាប់ទៅម្ចាស់ស្ថានីយទូរទស្សន៍ និងក្រុមហ៊ុនដៃគូអភិវឌ្ឍន៍ទាំងអស់ ឲ្យបញ្ឈប់ការចាប់គូរាល់កីឡាករ-កីឡាការិនីជនជាតិថៃ នៅគ្រប់ស្ថានីយទូរទស្សន៍ និង សង្វៀននានា ក្រោមការគ្រប់គ្រងរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ចាប់ពីថ្ងៃទី ១៣ ខែមិថុនា តទៅផងដែរ។

លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ការចាក់ផ្សាយរឿងភាពយន្តរបស់ថៃ ក៏ត្រូវបានហាមឃាត់នៅលើប្រព័ន្ធអនឡាញគ្រប់ទម្រង់ និងស្ថានីយទូរទស្សន៍ថៃដែលមានចាក់រឿងភាពយន្តថៃនៅក្នុងបណ្ដាញទូរទស្សន៍ខ្សែកាប និងតាមផ្កាយរណប ក៏ត្រូវបិទផងដែរ។

លោករដ្ឋមន្ត្រី បញ្ជាក់ទៀតថា រាល់វិធានការដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនេះ គឺធ្វើឡើង ដើម្បីផ្សព្វផ្សាយពីវិធានការចំពោះមុខ នៃការគំរាមកំហែងរបស់ថៃ ក្នុងនោះមានការដាក់ចុះនូវវិធានការទាក់ទងនឹងវិស័យព័ត៌មាន និងសោតទស្សន៍ ឲ្យបានរឹងមាំ មានប្រសិទ្ធភាពខ្ពស់។ ដូច្នេះ ម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់ ត្រូវចូលរួមអនុវត្តនូវវិធានការទាំងឡាយរបស់រាជរដ្ឋាភិបាល ដែលជាការបង្ហាញពីសាមគ្គីភាពជាតិរឹងមាំ ហើយក៏បង្ហាញថា ប្រជាជនកម្ពុជា មិនទៅរំលោភបំពានគេនោះទេ ប៉ុន្តែបើគេរំលោភបំពានមកលើយើង គឺត្រូវប្រើសិទ្ធិក្នុងការពារ។
នាឱកាស នៃកិច្ចប្រជុំនេះដែរ តំណាងម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់ បានបង្ហាញនូវការគាំទ្រ និងចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់ចំពោះវិធានការទាំងឡាយដែលរាជរដ្ឋាភិបាលបានដាក់ចេញ ពិសេសគោរពតាមការណែនាំរបស់ក្រសួងព័ត៌មាន បញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃគ្រប់ប្រភេទនៅលើកញ្ចក់ទូរទស្សន៍របស់ខ្លួន ចាប់ពីពេលនេះតទៅ៕

-
នយោបាយ២២ ម៉ោង ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន