ព័ត៌មានជាតិ
លោក ហ្សង់ ហ្វ្រង់ស័រ ថា កម្ពុជាពេលនេះមិនត្រូវការក្ដីអាណិត តែទាមទារការគោរពដោយស្មើភាព
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ហ្សង់ ហ្វ្រង់ស័រ តាន់ ប្រាប់ឱ្យប្រទេសជាមិត្តស្គាល់ឱ្យច្បាស់ពីចំណុចខ្លាំងរបស់កម្ពុជា ដែលខុសពីអតីតកាល តែពេលបច្ចុប្បន្ននេះ កម្ពុជាមិនត្រូវការឡើយនូវក្តីអាណិត តែកម្ពុជាទាមទារនូវការគោរពគ្នាទៅវិញទៅមកដោយស្មើភាព ក្នុងនាមជារដ្ឋអធិបតេយ្យ។

ការលើកឡើងរបស់លោក ហ្សង់ ហ្វ្រង់ស័រ តាន់ គឺបានកើតឡើងខណៈមហាជនគ្រប់ស្រទាប់វណ្ណៈប្រមាណ១៥ម៉ឺននាក់ បានចូលរួមការធ្វើដំណើរថ្មើរជើង «Solidarity March» នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា ដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែន ដើម្បីត្រៀមការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ។

ដំណើរថ្មើរជើងរួមគ្នា ដើម្បីគាំទ្ររាជរដ្ឋាភិបាល និងកងទ័ពសមរភូមិមុខ ដែលបានប្រារព្ធធ្វើក្នុងរាជធានីភ្នំពេញ ព្រឹកមិញនេះ ជាឧទាហរណ៍មួយដែលស្តែងឱ្យឃើញពីកម្លាំងមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំបំផុត។ តាមរយៈព្រឹត្តិការណ៍នេះ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានប្រាប់ឱ្យប្រទេសជុំវិញពិភពលោក ពិសេសប្រទេសជិតខាងកម្ពុជាតែម្ដង ត្រូវមើល និងស្គាល់កម្ពុជាឱ្យច្បាស់ក្នុងពេលនេះ។
លោក ហ្សង់ ហ្វ្រង់ស័រ បានលើកឡើងតាមរយៈសំណេរលើបណ្ដាញសង្គមយ៉ាងដូច្នេះថា«បណ្តាប្រទេសជិតខាងអើយ តំបន់អើយ និងពិភពលោកអើយ… សូមមើលកម្ពុជាឱ្យចំមុខ! ឃើញទេស្នាមញញឹម ឃើញទេថាមពល ឃើញទេបាច់កម្លាំង ឃើញទេមោទនភាព?»។ លោក បានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជាមិនសុំទៀតឡើយក្តីអាណិត តែទាមទារការគោរព ហើយប្រទេសកម្ពុជារឹតតែមិនឱនក្បាលទៀតឡើយ តែកម្ពុជាកំពុងងើយមើលមេឃ។

លោក បន្ថែមថា «ប្រទេសនេះ (កម្ពុជា) នៅតែបង្ហាញធ្មេញ មិនមែនដើម្បីញញឹមដូចមុនទៀតឡើយ តែដើម្បីខាំ ខាំការប្រមាថ ខាំការមួលបង្កាច់ ខាំការឈ្លានពានជាយថាហេតុណាមួយ»។ ត្រង់ឃ្លានេះ លោក ហ្សង់ ហ្វ្រង់ស័រ ប្រហែលជាចង់បញ្ជាក់ថា កម្ពុជានឹងមិននៅស្ងៀមនោះទេ នឹងប្តូរផ្តាច់ការពារមិនឱ្យបាត់បង់ ទោះជាត្រូវលះបង់អ្វីក៏ដោយ ប្រសិនបើមានការប្រមាថ ឬការរំលោភបំពានណាមួយមកលើកិត្តិយស និងដែនបូរណភាពទឹកដីរបស់ខ្លួន។
គួរបញ្ជាក់ថា នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ យុវជន និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានខ្ទង់១៥ម៉ឺននាក់ បានមកជួបជុំគ្នានៅទីតាំងនៅមុខសាលមហោស្រពកោះពេជ្រ ដើម្បីដើរថ្មើរជើងរួមគ្នា ឆ្ពោះទៅកាន់វិមានឯករាជ្យ ដែលជាការបង្ហាញនូវការលើកទឹកចិត្តដល់កងកម្លាំងដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែន ដើម្បីត្រៀមការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ។

ការធ្វើដំណើរថ្មើរជើង «Solidarity March» នេះ ត្រូវបានផ្ដួចផ្ដើមរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ានី។ តាមការបញ្ជាក់របស់ឯកឧត្តម ហ៊ុន ម៉ានី ការជួបជុំគ្នានៅថ្ងៃនេះ មិនមែនជាការជួបជុំ ដើម្បីបង្ហាញកម្លាំង ឬក៏ការគំរាមកំហែងទៅអ្នកណានោះទេ តែការជួបជុំក្នុងថ្ងៃនេះលក្ខណៈជាមហាគ្រួសារខ្មែរ គឺដើម្បីបង្ហាញនូវមនោសញ្ចេតនាក្នុងការគាំទ្រលើរាជរដ្ឋាភិបាល គាំទ្រលើកងកម្លាំងប្រដាប់អាវុធ និងរាល់វិធានការដោះស្រាយការពារបូរណភាពទឹកដីដោយសន្តិវិធី៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


