ព័ត៌មានជាតិ
ជាស្រ្តីមេមាយ ចាប់អាជីពរត់ទូកដរដើម្បីរកថវិកាផ្គត់ផ្គង់ម្តាយចាស់ជរា និងកូនឱ្យបានរៀនខ្ពស់
អ្នកស្រី នុល សុន អាយុ ២៧ ឆ្នាំ ជាស្ត្រីជនជាតិដើមភាគតិច និងជាស្រ្តីមេមាយ ដែលបច្ចុប្បន្នមានបន្ទុកចិញ្ចឹមម្តាយចាស់ជរា និងត្រូវរកថវិកាដើម្បីផ្គត់ផ្គង់កូនទៅសាលារៀន។ រស់នៅភូមិកាចូនលើ ឃុំ កាចូន ស្រុក វើនសៃ ខេត្តរតនគិរី ដែលជាតំបន់ដាច់ស្រយាលឆ្ងាយពីទីប្រជុំជនផងនោះ អ្នកស្រីបានចាប់អាជីពជាអ្នករត់ទូកដរចម្លងអ្នកដំណើរពីត្រើយម្ខាងទៅត្រើយម្ខាងទៀត ស្ថិតនៅតាមដងទន្លេសេសាន។

អ្នកស្រី នុល សុន បានថ្លែងប្រាប់កម្ពុជាថ្មីទាំងទឹកមុខញញឹមថា ការងារនេះរកប្រាក់កម្រៃបានគួរសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ។ អ្នកស្រីថា៖«ការប្រកបរបរនេះជាជម្រើសរបស់ខ្លួនឯងពេញចិត្តធ្វើវា ផ្តើមឡើងពីការស្រឡាញ់ ចូលចិត្តឥតមានអ្នកបង្ខិតបង្ខំ ទើបការងារនោះរីកចម្រើនទៅមុខបាន។ ការងារនេះមិនប្រកាន់ថាស្រី ឬប្រុសទេ ធ្វើបានដូចតែគ្នាឱ្យមានការតស៊ូ អត់ធ្មត់»។

ពីមួយថ្ងៃទៅមួយថ្ងៃ អាជីពនេះរកប្រាក់កម្រៃបានគួរសម ចំពោះតម្លៃម៉ូតូដែលឆ្លងទៅឆ្លងមកវិញ តម្លៃ ៥០០០ រៀល ចំណែកមនុស្សម្នាក់តម្លៃត្រឹមតែ ១ ០០០ រៀល ។ ការប្រកបរបបនេះដែរ គឺប្រភពប្រាក់ចំណូលត្រូវបែងចែកជា ២ ផ្នែក ជាមួយបងប្រុសដែលជាម្ចាស់ទូក ហើយការចម្លងចាប់ពីម៉ោង ៦ ព្រឹក រហូតទៅដល់ម៉ោង ៦:០០ យប់ តែបើខែប្រាំងពេលខ្លះរហូតដល់ម៉ោង៩ យប់ក៏មានដែរ។
តាំងពីលែងលះស្វាមី បានរយៈពេល ២ ឆ្នាំមក អ្នកស្រីត្រូវរស់នៅគ្មានទីពឹងថែមទាំងបន្ទុកក្នុងគ្រួសារផងក៏ចាប់យកអាជីពជាអ្នករត់ទូកដរ ហើយពេលខ្លះទៀតក៏ទៅស៊ីឈ្នួលគេបន្ថែមទៀត។ អ្នកស្រីបញ្ជាក់ថា៖« ចំណូលបានពីរត់ទូកដរនេះ បានផ្តល់ឲ្យកូនទៅសិក្សានៅសាលារៀន និងគ្រាន់ទិញថ្នាំដើម្បីមើលកូនឈឺ និងម្តាយចាស់ជរា»។

ដោយសារកត្តាជីវភាពគ្រួសារខ្វះខាត អ្នកស្រីរៀនចប់ត្រឹមថ្នាក់ទី ៣ ប៉ុណ្ណោះ ហើយងាកទៅជួយធ្វើស្រែចម្ការឪពុកម្តាយតាំងពីតូចមកម្ល៉េះ។ យ៉ាងណាមិញ ដោយឆ្លងកាត់បទពិសោធពុំបានរៀនជ្រៅជ្រះ អ្នកស្រី អះអាងថានឹងខិតខំរកប្រាក់ដើម្បីផ្គត់ផ្គង់កូនឱ្យបានរៀនខ្ពង់ខ្ពស់ និងមិនបោះបង់ក្តីស្រមៃនេះឡើយ ទោះបីជួបឧបសគ្គបែបណាក៏ដោយ៕
អត្ថបទ៖ ខៀវ ចាប
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


