ព័ត៌មានជាតិ
តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំUN ប្រាប់ក្រុមប្រឹក្សាសន្តិសុខថា ថៃរៀបចំផែនការធ្វើសង្គ្រាមឈ្លានពានទឹកដីកម្ពុជាយូរមកហើយ
តំណាងអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ (UN) លោក កែវ ឈា បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអន្តរជាតិ ពីទង្វើ និងចេតនាច្បាស់លាស់របស់កងកម្លាំងប្រដាប់អាវុធថៃ ដែលបានរៀបចំផែនការធ្វើសង្គ្រាមឈ្លានពានទឹកដីកម្ពុជាទាំងបំពានច្បាប់អន្តរជាតិ។

នៅក្នុងបទអន្តរាគមន៍ នាកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃទី ២៥ ខែកក្កដា ត្រូវនឹងថ្ងៃទី ២៦ខែ កក្កដា ឆ្នាំ ២០២៥ នៅកម្ពុជា លោក កែវ ឈា បានថ្លែងទៅកាន់ក្រុមប្រឹក្សា ដោយបានជម្រាបជូនពីការឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាពកម្ពុជា និងស្នើឱ្យមានវិធានការជាបន្ទាន់។
នៅចំពោះមុខអន្តរជាតិ ភាគីកម្ពុជាអំពាវនាវ និងជំរុញឱ្យក្រុមប្រឹក្សាមានវិធានការបទឈប់បាញ់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ការពារកុំឱ្យស្ថានការណ៍កាន់តែតានតឹង និងកាន់តែយ៉ាប់យ៉ឺន ពោលសូមចេញមុខសម្របសម្រួលការដោះស្រាយដោយសន្តិវិធី។
លោក កែវ ឈា បានជម្រាបជូនអង្គហេតុ និងស្ថានភាពក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ឱ្យដឹងថា នៅព្រឹកព្រលឹមថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥ កងកម្លាំងប្រដាប់អាវុធថៃបានបើកការវាយប្រហារដោយចេតនា និងគិតទុកជាមុនលើទីតាំងកម្ពុជាជាច្រើននៅតាមព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិ។ ការវាយប្រហារនោះបានផ្តោតលើតំបន់ដែលមានសារៈសំខាន់ប្រវត្តិសាស្ត្រ និងវប្បធម៌យ៉ាងជ្រាលជ្រៅរួមមាន ប្រាសាទ តាមាន់ធំ ប្រាសាទតាក្របី ប្រាសាទព្រះវិហារ វត្តអារ៉ាម និង តំបន់មុំបីដែលមានទីតាំងនៅខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ។ ទង្វើឈ្លានពានដ៏សាហាវនេះបានបង្កើនស្ថានការណ៍យ៉ាងគ្រោះថ្នាក់ ហើយបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។
នៅថ្ងៃទី ២៣ ខែកក្កដា មួយថ្ងៃមុនការវាយប្រហារដោយប្រដាប់អាវុធរបស់ប្រទេសថៃមកលើប្រទេសកម្ពុជា មេបញ្ជាការកងទ័ពថៃ បានបញ្ជាឱ្យបញ្ជាការដ្ឋានកងទ័ពទី ២ និងទី ១ ដែលត្រួតពិនិត្យព្រំដែនកម្ពុជា-ថៃ ឱ្យអនុវត្តផែនការត្រៀមប្រយុទ្ធពេញលេញដែលជាយុទ្ធសាស្រ្តប្រើប្រាស់អំឡុងឆ្នាំ ២០០៨-២០១១ ធ្លាប់ឈ្លានពានកម្ពុជាក្នុងជម្លោះប្រាសាទព្រះវិហារ។
ទង្វើនេះបង្ហាញពីចេតនាច្បាស់លាស់ និងចេតនារបស់ប្រទេសថៃក្នុងការរៀបចំធ្វើសង្រ្គាម។ អ្វីដែលកំពុងលាតត្រដាងនៅពេលនេះមិនមែនជារឿងចៃដន្យនោះទេ វាគឺជាលទ្ធផលនៃការរៀបចំផែនការទុកជាមុននៅកម្រិតខ្ពស់បំផុតនៃយោធាក្នុងការសម្របសម្រួលជាមួយស្ថាប័នរដ្ឋាភិបាលផ្សេងទៀតនៅក្នុងប្រទេសថៃ។ ការដាក់ពង្រាយយន្តហោះចម្បាំង F-16 រថក្រោះ និងការប្រើប្រាស់យ៉ាងទូលំទូលាយនៃគ្រាប់បែកចង្កោម និងកាំភ្លើងធំធុនធ្ងន់គឺជាការបង្ហាញពីការឈ្លានពាន។ ជាងនេះទៅទៀត កងកម្លាំងប្រដាប់អាវុធថៃបានពង្រីកការត្រៀមប្រតិបត្តិការយោធារបស់ខ្លួន ដោយប្រកាសប្រើប្រាស់ច្បាប់ដាក់រដ្ឋក្នុងគ្រាអាសន្ននៅក្នុងខេត្តចំនួនពីរជាប់កម្ពុជាដើម្បីវាយសង្គ្រប់មកលើកម្ពុជា។

លោក កែវ ឈា ក៏បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា ការឈ្លានរបស់ថៃ បានបណ្តាលឱ្យទាហានកម្ពុជា ៥នាក់ ពលីជីវិត និង ២១នាក់រងរបួស ខណៈពលរដ្ឋស្លូតត្រង់ស្លាប់ ៨នាក់ និងរងរបួសធ្ងន់ស្រាល ៥០នាក់។ លោកសង្កត់ធ្ងន់ថា៖«កម្ពុជាថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានខាងយោធានេះដោយកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសថៃ ដែលបានរំលោភលើគោលការណ៍ជាមូលដ្ឋាននៃការមិនឈ្លានពាន និងការដោះស្រាយជម្លោះដោយសន្តិវិធីដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។ ការឈ្លានពានអរិភាពនេះមិនត្រឹមតែផ្គើននឹងច្បាប់អន្តរជាតិប៉ុណ្ណោះទេ ថែមទាំងបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ស្មារតីនៃភាពជាអ្នកជិតខាងល្អ និងការគោរពគ្នាទៅវិញទៅមក ដែលជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការ និងសន្តិភាពក្នុងតំបន់»។
លោកបញ្ជាក់ថា ប្រឈមមុខនឹងការឈ្លានពានយ៉ាងសាហាវនេះ កងទ័ពកម្ពុជាគ្មានជម្រើសផ្សេងទេ គឺត្រូវឆ្លើយតបក្នុងការការពារខ្លួន និងការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់យើង។ យ៉ាងណាមិញ កម្ពុជាប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយក្នុងនាមជារដ្ឋតូចមួយ គឺពឹងផ្អែកទាំងស្រុងលើសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់យើង។
ប្រទេសកម្ពុជា អំពាវនាវជាបន្ទាន់ដល់សមាជិកទាំងអស់នៃក្រុមប្រឹក្សាសន្តិសុខ និងមហាសន្និបាតអង្គការសហប្រជាជាតិ អាស៊ាន ដៃគូអន្តរជាតិ និងមិត្តភ័ក្តិរបស់យើងយកចិត្តទុកដាក់លើបញ្ហានេះ ព្រោះបើជម្លោះនេះកើនឡើង សន្តិភាព និងស្ថិរភាពនៃតំបន់អាស៊ីអាគ្នេយ៍ទាំងមូលនឹងស្ថិតក្នុងភាពតានតឹង។
ដោយមើលឃើញពីការកើនឡើងនៃអំពើហិង្សា កម្ពុជាស្នើសុំដល់ក្រុមប្រឹក្សាសន្តិសុខ ពិចារណាដើម្បីអនុម័តដំណោះស្រាយ បង្កើតបទឈប់បាញ់ភ្លាមៗនៅក្នុងតំបន់ និងបញ្ជូនបេសកកម្មស្វែងរកការពិតរបស់អង្គការសហប្រជាជាតិទៅកាន់តំបន់ព្រំដែនដែលរងផលប៉ះពាល់។ ការវាយតម្លៃលើមូលដ្ឋានដោយមិនលំអៀងដោយអង្គការសហប្រជាជាតិ នឹងជួយបង្កើតអង្គហេតុជាក់ស្តែង លើកកម្ពស់តម្លាភាព កាត់បន្ថយហានិភ័យនៃការកើនឡើងបន្ថែមទៀត និងបម្រើជាជំហានដ៏សំខាន់ឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


