Connect with us

ព័ត៌មានអន្ដរជាតិ

ប្រមុខ​ UN អំពាវ​នាវ​ឱ្យ​ភាគី​ជម្លោះ​នៅមជ្ឈិមបូព៌ា បញ្ឈប់​ការ​វាយ​ប្រហារ​គ្នាបន្ទាន់​ និង​ជំរុញ​ឱ្យ​អ៊ីស្រាអែល​បើក​ច្រក​​នាំជំនួយ​​ចូល​ហ្គាហ្សា​​

បានផុស

នៅ

ជម្លោះ​នៅ​មជ្ឈិម​បូព៌ា​មិន​ថម​ថយ​ឡើយ​គិត​ត្រឹម​ពេល​នេះ ស្របពេលដែល​គ្រប់​ភាគី​ បាន​រក​លេស​​​​ចោទ​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​ការ​បំពាន​បទ​ឈប់បាញ​់ ជា​ពិសេស​អ៊ីស្រាអែល​និង​សហរដ្ឋ​អាមេរិក​ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា តែង​រក​លេស​បង្ក​ឱ្យ​មាន​សង្រ្គាម​ជា​ថ្មី​ ធ្វើ​​ឱ្យ​ស្ថាន​ការ​ណ៍​កាន់​តែ​អាក្រក់​។

អគ្គ​លេខា​ធិការអង្គការសហប្រជាជាតិ(UN) លោក Antonio Guterres លើក​ឡើង​កាល​ពីថ្ងៃ​អង្គារ​ថា ខ្លួន​មានការព្រួយបារម្ភយ៉ាងខ្លាំង​ ចំពោះការកើនឡើង​នៃ​ការ​វាយ​ប្រហារ​គ្នា​​​នៅ​មជ្ឈិមបូព៌ា​ជា​ថ្មី​ ហើយ​ក៏អំពាវនាវ​ឱ្យអ៊ីស្រាអែលបើក​ច្រក​ទាំង​អស់​ដើម្បី​នាំ​យក​ជំនួយ​មនុស្ស​ធម៌​ ចូល​ទៅ​តំបន់ហ្គាហ្សា​ឡើងវិញ។

លោក សរសេរ​សារលើ​បណ្តាញ​សង្គម​ X ថា៖ « ការ​វាយប្រហារទាំង​អស់​ត្រូវតែបញ្ឈប់ជាបន្ទាន់។ បទឈប់បាញ់​នៅលីបង់ អ៊ីរ៉ង់ និងហ្គាហ្សា​ត្រូវតែគោរព​ឲ្យ​ពេញលេញ»។

អគ្គ​លេខា​ធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ភ្នាក់​ងារ​សារព័ត៌មាន​រ៉យ​ទ័រ​ ផ្សាយ​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២៦ ភាគី​អ៊ីស្រាអែល​​បាន​វាយប្រហារ​គោល​ដៅ​នានា​លើ​​អ៊ីរ៉ង់ ​​កាលពី​ថ្ងៃចន្ទ​​ជា​លើក​ដំបូង​ ​ចាប់តាំងពី​បទឈប់បាញ់​​ក្នុង​ខែមេសា​ ​មក បន្ទាប់​ពី​​អ៊ីរ៉ង់​​​បាញ់​​មីស៊ីល​​ទៅ​លើ​អ៊ីស្រាអែល​​ដើម្បី​សង​សឹក​ ​ចំពោះ​​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​​លើ​រដ្ឋធានី​លី​បង់។

ដោយ​ឡែក លោក ដូ​ណាល់​ ត្រាំ​ ប្រាប់​ភាគី​អ៊ីស្រាអែល​និង​អ៊ីរ៉ង់​​ឈប់បាញ់គ្នា​ ទោះបីជាពួកគេ​ម្នាក់ៗ​នៅ​តែ​ចង់​បន្ត​សង្រ្គាម​ឡើងវិញក៏ដោយ​។

ការ​ប្រឈមមុខដាក់គ្នាដោយ​ផ្ទាល់បំផុត​រវាងប្រទេសទាំងពីរ​ ចាប់តាំង​ពីខែមេសា​ មក បាន​គំរាមកំហែង​បំផ្លាញ​កិច្ចខិតខំប្រឹងប្រែង​របស់ទីក្រុងវ៉ាស៊ីនតោន​ ដើម្បី​ឈាន​ដល់​កិច្ចព្រមព្រៀង​ជាមួយទីក្រុងតេហេរ៉ង់​ ក្នុង​ការ​បញ្ចប់សង្គ្រាម​ដែលមានអាយុកាល​ជាង ៣ខែ មក​នេះ​។

លោក Guterres លើក​ឡើង​ថា អ៊ីស្រាអែល​គួរតែបើកច្រក​ឆ្លង​កាត់​ដែលខ្លួន​បានបិទ​ ចូលទៅក្នុងតំបន់​ហ្គាហ្សា អនុញ្ញាត​ឱ្យមាន​លំហូរ​ជំនួយ​មនុស្សធម៌​ឡើង​វិញ​។

លោកមានប្រសាសន៍ថា៖ « ខ្ញុំក៏មានការ​ព្រួយបារម្ភយ៉ាង​ខ្លាំង​ ចំពោះ​ការសម្រេចចិត្តរបស់អ៊ីស្រាអែល​ក្នុងការបិទច្រកឆ្លងកាត់​ចូល​ទៅ​ក្នុង​តំបន់ហ្គាហ្សា ហើយ​សូមបញ្ជាក់ជាថ្មីនូវ​ការអំពាវនាវរបស់​ខ្ញុំសម្រាប់ការបើកច្រកឆ្លងកាត់​ទាំងអស់ឡើងវិញ​ជាបន្ទាន់ ដើម្បីធានា​បាន​នូវ​ការឆ្លង​កាត់ជំនួយ​មនុស្សធម៌យ៉ាង​ឆាប់រហ័ស សុវត្ថិភាព និងគ្មានការ​រារាំងនៅ​ទូទាំង​តំបន់ហ្គាហ្សា»៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម