ព័ត៌មានជាតិ
លោក ហេង សួរ ស្នើឱ្យអង្គការចំនួន៣ ចាប់អារម្មណ៍លើការរើសអើង និង ការប្រើហិង្សាលើពលករខ្មែរដែលស្នាក់នៅធ្វើការថៃ
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានបង្ហាញអំពីរូបភាពនៃការប្រព្រឹត្តិអំពើហិង្សាពីសំណាក់ក្រុមជ្រុលនិយមថៃមកលើពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ។ ការបង្ហាញនេះ គឺធ្វើឡើងក្នុងពេលដែលលោករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកសិក្ខាសាលាត្រីភាគី ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, អង្គការវិជ្ជាជីវៈរបស់និយោជក, អង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងអង្គការអន្តរជាតិខាងការងារ (ILO) ស្ដីពី «ការត្រួតពិនិត្យប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨» នៅសណ្ឋាគារកាំបូឌីយ៉ាណា។

ក្នុងពិធីបើកសិក្ខាសាលានេះ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តដោយជោគជ័យនូវ កម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា (DWCP) នាពេលកន្លងមកនេះ។

នៅក្នុងចំណោមបណ្តាប្រទេសជាសមាជិកអាស៊ាន មាន កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន ថៃ ទីម័រខាងកើត និងវៀតណាម ដែលអនុវត្តកម្មវិធីការងារសមរម្យប្រចាំប្រទេស របស់អង្គការ ILO ហើយកម្ពុជា ជាប្រទេសមួយក្នុងចំណោម ៨ប្រទេសខាងលើ ដែលបានអនុវត្តកម្មវិធីនេះយូរជាងគេ ពោលគឺចាប់តាំងពីឆ្នាំ២០០៥ មកម្ល៉េះ ដែលគិតមកដល់ពេលបច្ចុប្បន្ននេះ គឺកម្ពុជាកំពុងអនុវត្តដំណាក់កាលទី៦។

នេះសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នាដ៏រឹងមាំ ដើម្បីធ្វើឱ្យប្រសើរឡើងនៃកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយតំណាងត្រីភាគី និងដៃគូ ពាក់ព័ន្ធ, និងការឆ្លើយតបយ៉ាងទាន់ពេលវេលាទៅនឹងបញ្ហាប្រឈមការងារនានា ដែលស្របទៅតាមការអនុវត្តយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលនៅក្នុងអាណត្តិមុនៗ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាផងដែរ។
ដោយផ្អែកលើស្ថានភាពបច្ចុប្បន្ន លោករដ្ឋមន្ត្រីក៏បានយកឱកាសនេះដើម្បីឱ្យអង្គសិក្ខាសាលាទាំងមូល ជាពិសេស អង្គការ ILO បន្ថែមការចាប់អារម្មណ៍លើការលេចចេញនូវសកម្មភាពរើសអើង និងអំពើហិង្សាមួយចំនួនទៅលើពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃពីសំណាក់ក្រុមជ្រុលនិយមថៃ។ លោករដ្ឋមន្ត្រីបានស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់ ពិចារណាពិភាក្សារកដំណោះស្រាយជាក់ស្ដែងលើកស្ទួយដល់សិទ្ធិពលករទេសន្តរប្រវេសន៍កម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ក៏ដូចជាអ្នកដែលបាននឹងកំពុងវិលចូលមកស្រុកវិញយ៉ាងគំហុក ដោយសារតែពួកគាត់ព្រួយបារម្ភចំពោះសុវត្ថិភាព។ លោករដ្ឋមន្ត្រី បានលើកជាសំណូមពរដល់ អង្គការអន្តរជាតិខាងការងារ (ILO) និងអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) រួមទាំងការិយាល័យនៃអង្គការទាំង២ ប្រចាំនៅប្រទេសកម្ពុជា និងប្រទេសថៃ ដោយស្នើឱ្យមានកិច្ចអន្តរាគមន៍ភ្លាមៗ ប្រឆាំងការរើសអើង និងការប្រើហិង្សាលើពលករទេសន្តរប្រវេសន៍កម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ សំដៅលើកកម្ពស់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ពួកគាត់ ស្របតាមលិខិតបទដ្ឋានអន្តរជាតិ។

សូមបញ្ជាក់ផងដែរថា សិក្ខាសាលាត្រីភាគី ស្ដីពី «ការត្រួតពិនិត្យប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨» មានសមាសភាពចូលរួមពី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ក្រសួងពាក់ព័ន្ធ, អង្គការអន្តរជាតិខាងការងារ (ILO), សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA), ក្រុមប្រឹក្សាសហជីពជាតិសម្រាប់កម្មវិធី DWCP សរុបប្រមាណជិត១០០នាក់៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២៣ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


