Connect with us

ព័ត៌មានជាតិ

ការធ្វើបច្ចុប្បន្នភាព និងជំរឿនមន្ត្រីជាក់ស្តែងតាមអង្គភាពសុខាភិបាលមូលដ្ឋាន ចាប់ផ្ដើមចេញដំណើរ

បានផុស

នៅ

យុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋាន បានប្រកាសចាប់ផ្ដើមចេញដំណើរហើយនៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ នេះ។ ពិធីប្រកាសបានធ្វើឡើងក្រោមវត្តមានឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល ឈាង រ៉ា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ លោកស្រី ឈី វិជ្ជរ៉ា គោលបំណងនៃការធ្វើជំរឿនគឺដើម្បីកំណត់ឱ្យបានច្បាស់លាស់នូវរចនាសម្ព័ន្ធគ្រប់កម្រិត និងគ្រប់ប្រភេទនៃអង្គភាពសុខាភិបាលមូលដ្ឋាន និងកំណត់ឱ្យបានច្បាស់លាស់នូវមន្ត្រីដែលបាន និងកំពុងបំពេញការងារជាក់ស្តែងនៅតាមអង្គភាពសុខាភិបាលមូលដ្ឋាន ក៏ដូចជាការធ្វើបច្ចុប្បន្នភាព និងអភិវឌ្ឍប្រព័ន្ធទិន្នន័យ តាមព័ត៌មានវិទ្យាគ្រប់គ្រងដោយក្រសួងមុខងារសាធារណៈ សម្រាប់ការគ្រប់ក្នុងរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋាន និងមន្ត្រីនៅតាមអង្គភាពសុខាភិបាលមូលដ្ឋាន និងការកែលម្អឱ្យកាន់តែប្រសើរនូវប្រព័ន្ធបើកផ្តល់បៀវត្សដល់មន្ត្រី ដែលកំពុងបំពេញការងារជាក់ស្តែងនៅតាមអង្គភាពសុខាភិបាលមូលដ្ឋាន។

ជំរឿនមន្ត្រី គឺជាការពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានមន្ត្រីដែលបាន និងកំពុងបំពេញការងារជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់អង្គភាពគោលដៅនៃការធ្វើជំរឿន តាមពេលវេលាដែលបានកំណត់ទុក ដើម្បីប្រមូលទិន្នន័យជាក់លាក់។ មូលដ្ឋានគ្រឹះនៃបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រី គឺដើម្បីធ្វើយ៉ាងណាពង្រឹងសមត្ថភាពប្រព័ន្ធរដ្ឋបាលសាធារណៈរបស់កម្ពុជា ឱ្យកាន់តែខ្លាំង មានសមត្ថភាពខ្ពស់ ក្នុងលក្ខណៈប្រកួតប្រជែងជាសាកល។

តាមលោកស្រី ឈី វិជ្ជរ៉ា យុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋាន នឹងចាប់ផ្តើមចេញដំណើរមុនគេក្នុងភូមិសាស្ត្រនៃរដ្ឋបាលរាជធានីភ្នំពេញ និងដំណាក់កាលបន្តអនុវត្តនៅគ្រប់ទីតាំងអង្គភាពសុខាភិបាលមូលដ្ឋានទូទាំងប្រទេស។

ឧបនាយករដ្ឋមន្ត្រី  ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ​ ការធ្វើជំរឿននេះ នឹងធ្វើឱ្យរដ្ឋាភិបាលទទួលបានទិន្នន័យសម្រាប់ការតាមដានបម្រែបម្រួលស្ថានភាពរបស់មន្ត្រី ការព្យាករអំពីទំហំតម្រូវការរបស់មន្ត្រី និងបុគ្គលិកសុខាភិបាលជាក់ស្ដែង ដើម្បីដាក់ចេញនូវគោលនយោបាយអាទិភាពស្របតាមការអភិវឌ្ឍនៃការសង្គមជាតិ។

រដ្ឋមន្ត្រីក្រសួងមុខងារបន្ថែមថា តាមរយៈការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋាននេះ  នឹងនាំឱ្យទទួលបានទិន្នន័យសំខាន់ ក្លាយជាធាតុសំខាន់សម្រាប់ការរៀបចំផែនការធនធានមនុស្ស ការពង្រាយ និងការជ្រើសរើសមន្ត្រីវិជ្ជាជីវៈសុខាភិបាលឱ្យចំគោលដៅ ហើយទិន្នន័យនេះ នឹងចូលរួមលើកកម្ពស់គុណភាពក្នុងការផ្ដល់សេវាសុខាភិបាលប្រកបដោយគុណភាព ប្រសិទ្ធភាព ដែលជាវិធានការគន្លឹះ ក្នុងចំណោមវិធានការគន្លឹះចំនួន៥ ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រដ្ឋាភិបាលកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម