Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន សែន៖ «ហេតុផលអ្វីទៅដែលថៃមិនព្រមប្រគល់កងទ័ពកម្ពុជា១៨រូបមកឱ្យកម្ពុជាវិញ?»

បានផុស

នៅ

«ហេតុផលអ្វីទៅដែលថៃមិនព្រមប្រគល់កងទ័ពកម្ពុជា១៨រូបមកឱ្យកម្ពុជាវិញ?»។ នេះជាសំណួរដែលប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅកាន់ភាគីថៃ ក្រោយគិតមកដល់ពេលនេះ ថៃមិនទាន់បានដោះលែងអ្នកទាំងនោះមកឱ្យកម្ពុជានៅឡើយទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ហ៊ុន សែន បានអះអាងពីការខិតខំរបស់ក្រុមការងាររាជរដ្ឋាភិបាលក្នុងការអនុវត្តកិច្ចការយ៉ាងសកម្មដើម្បីស្វែងរកដំណោះស្រាយជួយសង្រ្គោះកងទ័ពកម្ពុជាទាំង១៨រូបដែលត្រូវបានភាគីថៃចាប់ខ្លួនទៅ។ តាមសារលើកឡើងលើបណ្ដាញសង្គម នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ សម្ដេចតេជោ បានជជែកជាមួយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រួចហើយក្នុងការដាក់សំណើសុំកិច្ចអន្តរាគមន៍ពីកាកបាទក្រហមអន្តរជាតិក្នុងគោលបំណងឱ្យជួយសង្រ្គោះអ្នកទាំងនោះឱ្យឆាប់បានត្រលប់មកកម្ពុជាវិញ។

សំណេររបស់សម្ដេចតេជោ ហ៊ុន សែន បានរៀបរាប់ថា «ខ្ញុំក៏បានពិភាក្សាជាមួយនាយករដ្ឋមន្ត្រី ដើម្បីជំរុញការស្នើសុំទៅកាកបាទក្រហមអន្តរជាតិ ដើម្បីបំពេញតួនាទីទាក់ទងដល់កងទ័ពកម្ពុជា១៨រូប ដែលថៃចល័តទ័ពចូលមកចាប់ក្នុងបន្ទាយនៃកងទ័ពកម្ពុជា ក្រោយកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមាន រយៈពេលប្រមាណ៨ម៉ោង»។

ចំពោះការចាប់កងទ័ពកម្ពុជាដោយយោធាថៃនេះ សម្ដេចតេជោ ចាត់ទុកថា គឺជាការបំពានលើកិច្ចព្រមព្រៀងឈប់បាញ់ ដែលហាមបាញ់ ហាមចល័តកងទ័ព និងហាមបន្ថែមកងទ័ព។

បើតាមសម្ដេចតេជោ ខណៈពេលនេះ សម្ដេចក៏កំពុងបន្តប្រចាំការជាមួយនឹងការពិនិត្យសភាពការណ៍ជួរមុខ ដើម្បីបន្តអនុវត្តដោយម៉ឺងម៉ាត់នូវបទឈប់បាញ់ និងពង្រឹងកិច្ចការពារខ្លួនរបស់កម្ពុជា ប្រឆាំងនឹងការរំលោភណាមួយពីភាគីម្ខាងទៀត។

គួរបញ្ជាក់ថា ក្នុងចំណោមកងកម្លាំងកម្ពុជាចំនួន២១រូប ដែលយោធាថៃបានចាប់យកទៅ កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់ចូលជាធរមាន គឺភាគីថៃទើបតែបានប្រគល់មកឱ្យកម្ពុជាវិញនូវសាកសពទាហានម្នាក់ និងក្រោយមក នៅថ្ងៃទី១ ខែសីហា ថៃបានប្រគល់ទាហានចំនួន២រូបប៉ុណ្ណោះមកឱ្យកម្ពុជាវិញ។ ដោយឡែកកងកម្លាំងចំនួន១៨រូបផ្សេងទៀត រាជរដ្ឋាភិបាលបាននិងកំពុងចចារធ្វើយ៉ាងណាឱ្យពួកគេអាចត្រលប់មកកម្ពុជាវិញបានឆាប់បំផុត និងដោយសុខសុវត្ថិភាព។

អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ថ្លែងឱ្យដឹងក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃត្រង់ទី៤ ខែសីហានេះ កងទ័ពកម្ពុជាទាំង១៨រូប ដែលភាគីថៃបានចាប់ទៅ គឺមិនទាន់បានដោះលែងនៅឡើយទេ រហូតមកដល់ពេលនេះ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម