Connect with us

ព័ត៌មានជាតិ

ឆ្លើយតបការមួលបង្កាច់របស់ថៃ លោក ជុំ សុន្ទរី ថា ភាពតានតឹងតាមព្រំដែនពេលនេះដោយសារថៃឈ្លានពានកម្ពុជា

បានផុស

នៅ

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី អះអាងជាថ្មីថា សភាពការណ៍តានតឹងនៅតាមបណ្តោយព្រំដែនរហូតដល់មានការផ្ទុះអាវុធដាក់គ្នានាពេលនេះ គឺកើតចេញពីការឈ្លានរបស់ថៃមកលើដែនអធិប​តេយ្យភាពកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជាក់ជាថ្មីនេះ បន្ទាប់ពីភាគីថៃបានផ្តល់ព័ត៌មានជូនអង្គទូត នៅទីក្រុងបាងកក កាលពីថ្ងៃទី ថ្ងៃទី ៤ សីហា ឆ្នាំ ២០២៥ ដោយបន្តចោទប្រកាន់មកលើកម្ពុជាថាជាអ្នកផ្តើមនូវទំនាស់នេះ។ ជាការឆ្លើយតបលោក ជុំ សុន្ទរី ធ្វើការបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើកម្ពុជា និងជំរុញឱ្យថៃគោរពកិច្ចព្រមព្រៀងដែលមានស្រាប់ និងបទឈប់បាញ់។

ថ្លែងចេញពីសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ថ្ងៃទី ០៥ ខែសីហានេះ លោក ជុំ សុន្ទរី ធ្វើការបំភ្លឺជូនថា កម្ពុជាមពុំមែនជាអ្នកចាប់ផ្តើមនូវទំនាស់នាពេលបច្ចុប្បន្ននេះទេ ផ្ទុយទៅវិញកម្ពុជា បានប្រកាន់យកជាប់ជានិច្ចនូវការអត់ធ្មត់ជាអតិបរិមា នៅចំពោះការបង្ករឿងដោយផ្នែកយោធារបស់ភាគីថៃ។ លោកសង្កត់ធ្ងន់ថា៖«សភាពការណ៍តានតឹងនៅតាមបណ្តោយព្រំដែននាពេលនេះ គឺកើតចេញអំពីការទន្ទ្រានចូលជាបន្តបន្ទាប់របស់ថៃ មកក្នុងទឹកដីកម្ពុជាដែលរំលោភបំពានទៅលើកកិច្ចព្រមព្រៀងដែលមាន ជាពិសេសអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០០ និងច្បាប់អន្តរជាតិ»។

ការលើកឡើងរបស់ភាគីថៃអំពីស្វ័យការពារខ្លះពុំមានមូលដ្ឋានសម្អាងសោះឡើយ ដោយលោក ជុំ សុន្ទរី អះអាងថា សម្រាប់កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា គ្រាន់តែបានធ្វើសកម្មភាពឆ្លើយតបដែលសមស្របដើម្បីការពារនូវអធិបតេយ្យភាព និងប្រជាពលរដ្ឋស៊ីវិលរបស់ខ្លួនបន្ទាប់ពីមានការទន្ទ្រានចូល និងការបាញ់ផ្លោងដោយគ្មានហេតុផលរបស់ភាគីថៃ។លោកបញ្ជាក់ថា៖«ការលើកឡើងរបស់ប្រទេសថៃថាកម្ពុជាផ្សព្វផ្សាយព័ត៌មានមិនពិត វាគឺជាប៉ុនប៉ងដើម្បីបង្វែរកំហុស និងចៀសវាងនូវការទទួលខុសត្រូវសម្រាប់ការរំលោភបំពានទៅលើបទឈប់បាញ់របស់ខ្លួនតែប៉ុណ្ណោះ»។

ការប្រព្រឹត្តរបស់កម្ពុជាគឺនៅតែស្របទៅតាមច្បាប់អន្តរជាតិ និងគោលការណ៍មនុស្សធម៌អន្តរជាតិ។ កងកម្លាំងប្រដាប់អាវុធកម្ពុជាពុំដែលយកប្រជាជនស៊ីវិលធ្វើជាគោលដៅរបស់ខ្លួនដូចដែលប្រទេសថៃបានលើកឡើងខុសពីការពិតនោះទេ។ កម្ពុជានៅតែមានតាំងចិត្តគោរពកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្រេចក្នុងកិច្ចប្រជុំពិសេសកាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ នៅប្រទេសម៉ាឡេស៊ី។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សុន្ទរី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម