Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ ជំរុញ​ឲ្យនិស្សិត​ជ័យលាភី​អាហា​រូបករណ៍​​៥ប្រទេសចាប់​យក​ឱកាស​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​ដើម្បី​កសាង​កេរ្តិ៍ឈ្មោះ​កម្ពុជា​លើឆាកអន្តរជាតិ

បានផុស

នៅ

លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជំរុញឲ្យក្រុម​និស្សិត​ជ័យ​លាភីអាហារូបករណ៍​ចំនួន៥ប្រទេស មានដូចជា​ប្រទេសបារាំង កាណាដា ជប៉ុន ចិន និងកូរ៉េ សម្រាប់​ឆ្នាំសិក្សា ២០២៥-២០២៦ ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ឲ្យចាប់​យក​ឱកាស​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​ដើម្បី​កសាង​កេរ្តិ៍ឈ្មោះ​កម្ពុជា​លើឆាកអន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជំរុញ និងលើកទឹកចិត្តនេះ ធ្វើឡើងនៅពេលលោកជំទាវ ​អនុញ្ញាត​ឱ្យ​ក្រុម​និស្សិត​ជ័យ​លាភីអាហារូបករណ៍​ទាំងនេះ ចូលជួប​សំណេះសំណាល និងសម្តែង​ការ​គួរសម​ នៅទីស្តីការក្រសួង នា​ព្រឹក​ថ្ងៃចន្ទទី១៨ ខែសីហា ឆ្នាំ២០២៥។

ក្នុងឱកាសនេះ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ ចែករំលែក​នូវ​គោលនយោបាយ​ទីផ្សារ​ការងារ​របស់​កម្ពុជា ​ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយភាពស្វាហាប់ និងមានចក្ខុវិស័យវែង​ឆ្ងាយ​របស់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ជាពុទ្ធិ​បន្ថែម​សម្រាប់​និស្សិត​ជ័យលាភី​កម្ពុជា​ក្នុងការរៀបចំ​ជណ្តើរអាជីព​របស់ខ្លួន និង​ជាទុន​ក្នុង​ការបង្កើត​ទំនាក់ទំនង​ការងារ​ជា​មួយ​សហគមន៍​អន្តរជាតិ។

ទន្ទឹមនេះ លោកជំទាវក៏បានលើកទឹកចិត្ត​និស្សិត​ជ័យលាភី​ចូលរួម​ជាភ្នាក់ងារ​ព័ត៌មាន​ទីផ្សារការងារ​ក្នុងការផ្សព្វផ្សាយ​ឱកាស​ការងារ​តាមរយៈ​ការទូរសព្ទ​មកកាន់លេខ១២៩៧ ដើម្បីចុះឈ្មោះស្វែង​រកការងារ ដែល​ទីភ្នាក់ងារជាតិ​មុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​និង​កំពុងផ្តល់សេវា​ផ្គូផ្គងការងារដោយឥតគិតថ្លៃ។

លោកជំទាវ​បានរម្លឹក​អំពីបេសកកម្ម​របស់និស្សិត​ជ័យលាភី​ទាំងអស់​ក្នុងនាម​ជាយុវជន​បន្តវេន ដែល​ត្រូវ​តែ​ក្លាហាន​ក្នុង​ការការពារ​កិត្តិយស និងកេរ្តិ៍ឈ្មោះ​របស់កម្ពុជា​នៅ​គ្រប់កាលៈទេសៈ និង​ត្រូវ​ប្រើប្រាស់​ចំណេះដឹង​ដែល​ទទួល​បាន​ក្នុង​ការ​ចូលរួម​កសាង និង​អភិវឌ្ឍ​មាតុប្រទេស​ឱ្យ​បានរុងរឿង​ជានិច្ចនិរន្តរ៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម