Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានជំរុញមន្ត្រីទទួលបន្ទុកសាធារណមតិត្រូវទប់ស្កាត់ និងបន្សាបព័ត៌មានមិនពិត

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានជំរុញដល់មន្ត្រីទទួលបន្ទុកព័ត៌មាន និងសាធារណមតិគ្រប់រាជធានីខេត្តទាំងអស់ត្រូវធ្វើការងារឱ្យជាប់ជាប្រចាំជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីក្ដាប់ព័ត៌មានឱ្យជុំសម្រាប់បកស្រាយ ពន្យល់ដល់ពលរដ្ឋឱ្យបានច្បាស់ និងលឿន ពិសេសគ្រប់គ្រង ទប់ស្កាត់ និងបន្សាបព័ត៌មានមិនពិតឱ្យមានប្រសិទ្ធភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីបើកវគ្គបំពាក់បំប៉នពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិដល់មន្ត្រីពាក់ព័ន្ធមកពីមន្ទីរព័ត៌មានខេត្តសៀមរាប កំពង់ធំ កំពង់ចាម និងខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៣ ខែសីហា នៅមន្ទីរព័ត៌មានខេត្តសៀមរាប លោក ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងថា ការងារព័ត៌មាននិងសាធារណមតិគឺជាការងារសំខាន់ ដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងព័ត៌មានកំពុងយកចិត្តទុកដាក់ខ្ពស់។ ដោយក្រសួងព័ត៌មាន បានដាក់ចេញនូវចក្ខុវិស័យ ធ្វើយ៉ាងណាប្រែក្លាយក្រសួងព័ត៌មានឱ្យទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផល ផ្អែកលើអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ» ដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ។

លោក ឆាយ សុផល បញ្ជាក់ថា មន្ទីរព័ត៌មានរាជធានី-ខេត្ត គឺជាអ្នកសម្របសម្រួល និងជាអ្នកនាំពាក្យក្នុងខេត្ត គឺជាអ្នកពាំនាំព័ត៌មាន សំណូមពរពីមហាជនសម្រាប់ខេត្តបានដឹង និងផ្សព្វផ្សាយព័ត៌មានពីសមិទ្ធផល និងដំណោះស្រាយរបស់ខេត្តជូនដល់ប្រជាពលរដ្ឋតាមបណ្តាសហគមន៍មូលដ្ឋានបានដឹងផងដែរ។

លោក យឿង ចាន់ អនុប្រធានទទួលបន្ទុករួមនៃមន្ទីរព័ត៌មានខេត្តសៀមរាប បានលើកឡើងថា សម្រាប់ការងារព័ត៌មាន និងសាធារណមតិនេះ មន្ទីរព័ត៌មានលោកមានមន្ត្រីចំនួន៥រូបត្រូវបានក្រសួងព័ត៌មានចេញសេចក្តីសម្រេចទទួលស្គាល់ដោយអនុវត្តន៍ការងារ៧ថ្ងៃក្នុងមួយសប្តាហ៍ និងរាយការណ៍ជូនរដ្ឋបាលខេត្តជារៀងរាល់ថ្ងៃ។ ជាក់ស្តែងរយៈពេល៧ខែឆ្នាំ២០២៥នេះ ក្រុមការងារបានប្រមូលព័ត៌មានបែបវិជ្ជមានចំនួន២៥៥៨អត្ថបទ និងដំណឹងក្តៅរសើបចំនួន៥០៤អត្ថបទព័ត៌មាន ហើយបានឆ្លើយតបតាមរយៈការបំភ្លឺពីមន្ត្រីជំនាញក្នុងខេត្តវិញ។

លោកបានបង្ហាញបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជាមន្ទីរជំនាញមួយចំនួនមិនសូវសហការផ្តល់ព័ត៌មាន ខណៈមន្ទីរក៏មានការលំបាកក្នុងការគ្រប់គ្រងអ្នកសារព័ត៌មាន អ្នកបង្កើតមាតិការ ដោយពួកគាត់ខ្វះ ខ្វះចំណេះដឹងក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់ជាដើម។

ឆ្លើយតបទៅនឹងបញ្ហានេះ លោក សុខ ថុល អភិបាលរងទទួលបន្ទុកការងារព័ត៌មាន និងសាធារណមតិ និងជាអ្នកនាំពាក្យខេត្តសៀមរាប ទទួលស្គាល់ថា មន្ត្រីជំនាញក្នុងខេត្តខ្លះមិនទាន់បានសហការបានល្អនូវឡើយទេ ពេលក្រុមការងារទទួលបន្ទុកការងារសាធារណមតិសុំការបញ្ជាក់ សុំការបំភ្លឺរឿងអ្វីមួយ។

លោកបានលើកបញ្ហានេះជូនទៅក្រុមប្រឹក្សា និងគណៈអភិបាលខេត្តរួចហើយ ដើម្បីជួយសម្របសម្រួសដល់មន្ទីរជំនាញនានាក្នុងខេត្ត ក្នុងការផ្តល់ព័ត៌មានឬបំភ្លឺទាន់ពេលវេលា។ 

សូមបញ្ជាក់ថា វគ្គបំពាក់បំប៉ននៅខេត្តសៀមរាមនេះ មានការចូលរួមពីមន្ត្រីទទួលបន្ទុកការងារព័ត៌មាន និងសាធារណមតិមកពីមន្ទីរព័ត៌មានខេត្តសៀមរាប កំពង់ធំ កំពង់ចាម និងខេត្តត្បូងឃ្មុំ រៀបចំឡើងដោយក្រសួងព័ត៌មាន សហការជាមួយមន្ទីរព័ត៌មានខេត្តសៀមរាប ក្នុងគោលបំណងផ្តល់ចំណេះដឹងអំពីការគ្រប់គ្រង ចងក្រងបណ្តាញព័ត៌មាន សាធារណមតិក្នុងបរិបទថ្មី ការផលិតមាតិកាសម្រាប់ការផ្សព្វផ្សាយបែបឌីជីថល ជាពិសេសលើបណ្តាញសង្គម ការតាមដាន ការវិភាគ និងការឆ្លើយតបទៅនឹងព័ត៌មានក្លែងក្លាយ ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម