Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ ណែនាំឲ្យបេក្ខជនទៅពិនិត្យបញ្ជីឈ្មោះ លេខបន្ទប់ និងលេខតុនៅព្រឹកនេះដើម្បីត្រៀមប្រឡងនៅថ្ងៃស្អែក

បានផុស

នៅ

ក្រសួងអប់រំយុវជន និងកីឡា បានណែនាំឱ្យបេក្ខជនទៅពិនិត្យបញ្ជីឈ្មោះមណ្ឌលប្រឡង លេខបន្ទប់ និងលេខតុនៅព្រឹកថ្ងៃទី២៧ ខែសីហានេះ ដើម្បីត្រៀមចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនៅថ្ងៃទី២៨សីហាស្អែកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងអប់រំ បានបិទផ្សាយបញ្ជីឈ្មោះបេក្ខជនប្រឡងនៅរាជធានី ខេត្ត និងតាមមណ្ឌលប្រឡង ចំនួន៣លើក គឺលើកទី១៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ សម្រាប់ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ លើកទី២៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ សម្រាប់រាជធានី ខេត្តចំនួន២៣ និងការបិទឈ្មោះឡើងវិញម្តងទៀត សម្រាប់បេក្ខជនខេត្ត ឧត្តរមានជ័យ ដែលត្រូវប្រឡងនៅស្រុកពួក ដើម្បីឱ្យបេក្ខជនបានពិនិត្យ និងរកមើលឈ្មោះតាមមណ្ឌលប្រឡង និងលើកទី៣៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ នៅតាមមណ្ឌលប្រឡងទាំង ២៤១ ដើម្បីពិនិត្យមើល និងបញ្ជាក់ម្តងទៀតអំពីឈ្មោះបេក្ខជន មណ្ឌលប្រឡង លេខបន្ទប់ និងលេខតុ។

ក្រសួងអប់រំក៏បានផ្សព្វផ្សាយបញ្ជីអក្ខរក្រមលើគេហទំព័រផ្លូវការរបស់ក្រសួងចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ដើម្បីសម្រួលដល់បេក្ខជនងាយរកឈ្មោះ និងមណ្ឌល មុនពេលដែលបិទផ្សាយបញ្ជីឈ្មោះបេក្ខជននៅតាមមណ្ឌលប្រឡង។

គួរបញ្ជាក់ថា ក្រសួងអប់រំយុវជន និងកីឡា នឹងរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប្រព្រឹត្តទៅក្នុងរយៈពេល២​ថ្ងៃ គឺ ថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប ១៤៦ ៧២០ នាក់ ស្រី ៨១ ៤៤២ នាក់ ចែកជា២៤១ មណ្ឌល ត្រូវជា ៥ ៩២៤បន្ទប់។ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤០ ៦៧៨ នាក់ ស្រី ២៤
៥១៩ នាក់ចែកជា៧២ មណ្ឌល ត្រូវជា ១ ៦៥៥ បន្ទប់ និងបេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១០៦ ០៤២ នាក់ ស្រី ៥៦ ៩២៣ នាក់ចែកជា១៦៩ មណ្ឌល ត្រូវជា ៤ ២៦៩ បន្ទប់។ បេក្ខជនត្រូវបានរៀបចំ ចំនួន ២៥ នាក់ ក្នុងមួយបន្ទប់ ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី ខេត្ត លើកលែងតែបន្ទប់ ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។ ចំណែក គណៈមេប្រយោគ និងគណៈកម្មការនានាដែលត្រូវចូលរួមក្នុងដំណើរការប្រឡងនៅគ្រប់ដំណាក់កាល មានចំនួនសរុប ៣១ ២០៣ នាក់ មកពីថ្នាក់ក្រសួង មានចំនួន ៤ ២៥៦ នាក់ និងមកពីថ្នាក់រាជធានី ខេត្ត មានចំនួន ២៦ ៩៤៧ នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម