ព័ត៌មានជាតិ
៩ថ្ងៃនៃយុទ្ធនាការ ក្រសួងការងារចុះតាមរោងចក្រជាង១៥០០ ដើម្បីជំរុញការងារ ជូនពលករមកពីថៃ
ភ្នំពេញ ៖ ក្នុងយុទ្ធនាការរយៈពេល៩ថ្ងៃចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តចុះទៅកាន់រោងចក្រសហគ្រាស ចំនួន១៥៣០ ដែលមានកម្មករប្រមាណជាង៩៨ម៉ឺននាក់ នៅទូទាំងប្រទសដើម្បីជំរុញការផ្តល់ឱកាសការងារ និងផ្តល់ភាពកក់ក្តៅទៅដល់បងប្អូនពលករខ្មែរដែលទើបទទួលបានការងារ ក្រោយការវិលមកពីប្រទេសថៃវិញ។ ការដាក់ចេញយុទ្ធនាការនេះ គឺធ្វើឡើងក្រោយពេលដែលពលករខ្មែរប្រមាណ៩២ម៉ឺននាក់ បានវិលមកស្រុកកំណើតវិញ ក្រោយពេលដែលកម្ពុជា និងថៃមានជម្លោះព្រំដែនជាមួយគ្នាដែលភាគីថៃជាអ្នកចាប់ផ្តើម។

បន្ថែមពីនេះ ក្នុងយុទ្ធនាការទៅតាមរោងចក្រសហគ្រាសនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរបស់ក្រសួងការងារ ក៏បានជួបជាមួយរោងចក្រ សហគ្រាស ក្រុមហ៊ុន និងសហជីព ប្រតិភូបុគ្គលិកផងដែរ ហើយបានថ្លែងអំណរគុណចំពោះការផ្ដល់ឱកាសការងារ និងទទួលយកបងប្អូនពលករ ព្រមទាំងផ្តល់កិច្ចសហការសម្របសម្រួលដោយយកចិត្តទុកដាក់ និងទន់ភ្លន់។

ជាមួយគ្នានេះ តំណាងភាគីសហគ្រាស ក្រុមហ៊ុន និងរោងចក្រ ក៏បានបង្ហាញអារម្មណ៍ត្រេកអរ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ព្រមទាំងក្រសួងក្នុងការជួយស្វែងរកការងារឱ្យពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ហើយបានប្តេជ្ញាចិត្តចូលរួមបំពេញបេសកកម្មនេះឱ្យសម្រេចជោគជ័យផងដែរ។

ដោយឡែក ពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃដែលទើបទទួលបានការងារ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ព្រមទាំងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានយកចិត្តទុកដាក់ និងជួយរកការងារឱ្យពួកគាត់។ បើតាមការបញ្ជាក់ដដែល ការបំពេញការងារនៅក្នុងស្រុកទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន មានភាពងាយស្រួល កក់ក្តៅក្នុងចិត្ត និងរស់នៅជិតក្រុមគ្រួសារ ដោយមិនចាំបាច់ចំណាយថវិកាលើការធ្វើលិខិតឆ្លងដែន និងចំណាយផ្សេងៗ។

លើសពីនេះ ក៏ក្រុមការងារក្រសួងបានបន្តជំរុញឱ្យសហគ្រាស ក្រុមហ៊ុន និងរោងចក្រ សហការផ្ដល់ព័ត៌មានអំពីតម្រូវការកម្លាំងពលកម្មមកក្រសួងរៀងរាល់ ២សប្តាហ៍ម្តង និងការចូលរួមវេទិកាការងារ ឬយុទ្ធនាការសម្ភាសជ្រើសរើសបុគ្គលិកដោយផ្ទាល់ ឬតាមរយៈប្រព័ន្ធ Zoom ដែលក្រសួងរៀបចំក្នុងករណីមានតម្រូវការជ្រើសរើសបុគ្គលិក។

ការចុះសំណេះសំណាលនេះ នឹងបន្តធ្វើរហូតដល់គ្រប់គោលដៅទូទាំងប្រទេស ដើម្បីក្តាប់បានស្ថានភាពតម្រូវការកម្លាំងពលកម្ម និងដឹងពីស្ថានភាពជាក់ស្តែង នៃការជ្រើសរើសពលករត្រឡប់មកពីប្រទេសថៃឱ្យចូលបម្រើការងារនៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រទាំងអស់នោះ៕




-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


