Connect with us

ព័ត៌មានជាតិ

ខេត្តចំនួន ៤ រងគ្រោះដោយទឹកជំនន់ ប៉ះពាល់ពលរដ្ឋជាង ៩ ពាន់គ្រួសារ ដំណាំស្រូវ និងដំណាំរួមផ្សំជាង ១ ម៉ឺនហិតា

បានផុស

នៅ

ខេត្ត​ចំនួន ៤ រួមមាន ខេត្ត​ស្ទឹងត្រែង ក្រចេះ កំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ បាន​រង​ប៉ះពាល់​ដោយ​ទឹក​ជំនន់​នៅក្នុង​រដូវវស្សា​នេះ បណ្តាល​ឱ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ​ជាង​ ៩ ​ពាន់​គ្រួសារ​ ស្មើនឹង​ជាង​ ៣​ ម៉ឺន ៦​ ពាន់​នាក់ ដំណាំ​ស្រូវ​ដំណាំ​រួមផ្សំ និង​ទ្រទ្រង់​សេដ្ឋកិច្ច​ជាង ​១​ ម៉ឺន​ហិតា ក្នុង​នោះ ​ខូចខាត​ជាង ៨ ពាន់​ហិតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី ៣ កញ្ញា នេះ​ថា ភ្លៀង​ធ្លាក់​ច្រើន​នៅ​ផ្ទៃ​រងទឹក​ភ្លៀង​ នៃ​អាង​ទន្លេ​មេគង្គ​លើ និង​នៅ​ក្នុង​ភូមិសាស្ត្រ​ នៃ​ប្រទេស​វៀតណាម ថៃ និង​ឡាវ បង្ក​ឱ្យ​ទឹក​ហូរ​ធ្លាក់​ចុះ​មក​ទន្លេ​មេគង្គ​ និង​ដៃទន្លេ​ច្រើន ធ្វើ​ឱ្យ​ទឹកជំនន់​ទន្លេមេគង្គ​មានការ​ជន់​ឡើង លឿន​ជា​លើកទីមួយ ចាប់ពី​ថ្ងៃទី ​២៨ ខែកក្កដា ហើយ​ស្ថានីយ​ជល​សាស្ត្រ​ក្នុង​ភូមិសាស្ត្រ ខេត្ត​ស្ទឹងត្រែង ក្រចេះ និង​កំពង់ចាម ក៏បាន​ជន់​ឡើង​ជិត​ដល់​កម្រិត​ប្រុងប្រយ័ត្ន និង​បង្ក​ឱ្យ​មាន​ការ​លិចលង់​ជា​បន្តបន្ទាប់​នៅ​តាម​បណ្តា​ក្រុង​ស្រុក​មួយចំនួន ​នៃ​ខេត្ត​ស្ទឹងត្រែង ក្រចេះ កំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ ធ្វើ​ឱ្យ​ប៉ះពាល់​ប្រជាជន​ចំនួន ៩.០៦៦ ​គ្រួសារ ស្មើនឹង ​៣៦.២៦៤​ នាក់ និង​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព ២៩៦​ គ្រួសារ ​ផ្ទះ​លិច​ទឹក ៦៩៦ ​ខ្នង សាលារៀន ៧ ​កន្លែង វត្ត​អារាម ២​ កន្លែង អគារ​រដ្ឋបាល​ឃុំ ១​ កន្លែង​ និង​ជម្លៀស​សត្វពាហណៈ ៥៧៨ ក្បាល។

លោក​បាន​បន្តថា ក្រៅពីនេះ ​ទឹកជំនន់​បាន​ប៉ះពាល់​ដល់​ដំណាំ​ស្រូវ​លិច​ទឹក ៧.២៤១​ ហិតា ដំណាំ​រួមផ្សំ និង​ទ្រទ្រង់​សេដ្ឋកិច្ច ៤.៣១០ ​ហិតា ដំណាំ​ស្រូវ​ខូច ៤.៦០៦ ហិតា និង​ដំណាំ​រួមផ្សំ និង​ទ្រទង់​សេដ្ឋកិច្ច​ខូច ៣.៩៩៩​ ហិតា ផ្លូវជាតិ​លិច​ទឹក ១៦០ ​ម៉ែត្រ ​ផ្លូវលំ​គ្រួស​ក្រហម និង​បេតុង​លិច​ទឹក ប្រវែង ១០២.០៦៨​ ម៉ែត្រ ស្ពាន​លិច​ទឹក ៧ ​កន្លែង និង​ការ​បាក់​ច្រាំងទន្លេ​ស្ទឹង​ចំនួន ៥ ​ករណី នៅក្នុង​ខេត្ត​កំពង់ចាម ​និង​ត្បូងឃ្មុំ ​ក្នុងនោះ​ បាក់​ស្រុត​ផ្ទះ​ចូល​ទន្លេ ស្ទឹង ចំនួន​ ២​ ខ្នង រំកិល​ផ្ទះ និង​រុះ​រើចេញ ១ ខ្នង​ បាក់​ស្រុត​ដី​ច្រាំងទន្លេ​ប្រវែង ១.៥៤៦ ​ម៉ែត្រ និង​ ទទឹង​ពី ៥ ទៅ ៤០ ម៉ែត្រ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម