Connect with us

ព័ត៌មានជាតិ

អតីតពលករខ្មែរមកពីថៃប្រមាណ២២ម៉ឺននាក់ ទទួលបានឱកាសការងារតាមរយៈយន្ដការក្រសួងការងារ

បានផុស

នៅ

ភ្នំពេញ ៖ អតីតពលករខ្មែរត្រឡប់មកពីថៃប្រមាណ ២២ម៉ឺននាក់ បានទទួលឱកាសការងារធ្វើក្នុងស្រុក តាមរយៈយន្ដការរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងតាមរយៈការជួយសម្របសម្រួលពីវិស័យឯកជន ក៏ដូចជាមេដឹកនាំសហជីព។ នេះបើតាមឱ្យដឹងពីលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី ១០ ខែកញ្ញាកន្លងទៅនេះ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រី មានប្រសាសន៍ថា «គិតត្រឹមព្រឹកថ្ងៃទី ១០ ខែកញ្ញានេះ គឺយើងមានឱកាសការងារប្រមាណជា ២២ម៉ឺនកន្លែង ដែលបានផ្ដល់ជូនអតីតប្រជាពលកររបស់យើង»។ ក្នុងចំណោមបងប្អូនអតីតពលករទាំង ២២ម៉ឺននាក់នោះ គឺប្រមាណ ១២ម៉ឺននាក់ ទទួលបានឱកាសការងារតាមរយៈយន្ដការនានារបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងប្រមាណ ១០ម៉ឺននាក់ផ្សេងទៀត បានទទួលការងារធ្វើ តាមរយៈការសម្របសម្រួលពីរោងចក្រ និងមេដឹកនាំសហជីព។  

លោក ហេង សួរ បានបន្ថែមថា នេះគឺជាការបង្ហាញនូវការចូលរួមយ៉ាងសកម្មរបស់វិស័យឯក ក៏ដូចជាមេដឹកនាំសហជីព ដែលបានរួមចំណែកក្នុងការបង្កើតការងារ និងចែករំលែកនូវព័ត៌មានការងារជូនបងប្អូនអតីតពលករ ដែលទើបតែត្រឡប់មកពីប្រទេសថៃវិញ។ 

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់បន្ថែមថា បងប្អូនអតីតពលករដែលទទួលបានការងារទាំង ២២ម៉ឺននាក់នោះ គឺជាការងារស្ថិតនៅក្នុងរោងចក្រ សហគ្រាស ដែលស្ថិតនៅក្នុងប្រព័ន្ធ។ ប៉ុន្តែនៅមានបងប្អូនអតីតពលកររាប់ម៉ឺន រាប់សែននាក់ផ្សេងទៀត បានទទួលឱកាសការងារធ្វើនៅតាមសិប្បកម្ម, អាជីវកម្ម, ការដ្ឋានសំណង់, កសិដ្ឋាន និងអាហារដ្ឋានជាដើម ដែលមិនស្ថិតនៅក្នុងប្រព័ន្ធ។ 

លោក ស៊ុន មេសា បានបន្ថែមថា នាពេលបច្ចុប្បន្ន នៅមានឱកាសការងារជិត ៩ម៉ឺនកន្លែងផ្សេងទៀត នៅ ២៥រាជធានី-ខេត្ត ទូទាំងប្រទេស សម្រាប់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនអតីតពលករ ដែលទើបត្រឡប់មកពីប្រទេសថៃវិញ ដែលជាការងារស្ថិតនៅក្នុងប្រព័ន្ធ។ 

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា កត់សម្គាល់ឃើញថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ជាខ្លាំងចំពោះបងប្អូនពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃវិញ ចាប់តាំងពីពួកគាត់មកដល់ព្រំដែន រហូតដល់ការដាក់ចេញនូវវិធានការ និងយន្ដការនានា ដើម្បីឱ្យពួកគាត់ទទួលបានការងារធ្វើក្នុងស្រុករាប់សែននាក់។ 

លោក សំ សឿន មានប្រសាសន៍ថា «ខ្ញុំឃើញថា វិធានការទាំងអស់នេះ ពិតជាចាំបាច់ ហើយមានប្រសិទ្ធភាពខ្ពស់ ក្នុងការជួយផ្ដល់ឱកាសការងារដល់បងប្អូនពលករ ដែលត្រឡប់មកពីប្រទេសថៃផង ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលស្វែងរកឱកាសការងារនៅក្នុងស្រុកយើងផងដែរ»។ 

ប្រធានសហជីពរូបនេះ បានឱ្យដឹងដែរថា ក្រុមការងារសហជីពរបស់លោក បានជួយសម្របសម្រួល ឱ្យបងប្អូនអតីតពលករខ្មែរត្រឡប់មកពីថៃប្រមាណ ៥ពាន់នាក់ ឱ្យទទួលបានការងារធ្វើ ហើយបានប្ដេជ្ញាចិត្តយ៉ាងមោះមុត បន្តចូលរួមជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីសម្របសម្រួលឱ្យបងប្អូនអតីតពលករខ្មែរត្រឡប់មកពីថៃផ្សេងទៀត ទទួលបានឱកាសការងារធ្វើបន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម